អន្តរជាតិ
អាមេរិក​ដូរ​ឈ្មោះ​ទីបញ្ជាការ​យោធា​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ទៅជា «​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​»
31, May 2018 , 2:35 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស ក្នុងពិធីផ្លាស់ប្ដូរតំណែងមេបញ្ជាការយោធាអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក (រូបភាពពីក្រសួងការពារជាតិអាមេរិក)
រដ្ឋមន្រ្តីការពារជាតិអាមេរិក ជេម ម៉ាធីស ក្នុងពិធីផ្លាស់ប្ដូរតំណែងមេបញ្ជាការយោធាអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក (រូបភាពពីក្រសួងការពារជាតិអាមេរិក)
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស នៅ​ថ្ងៃទី​៣០ ខែឧសភា បានប្រកាស​ដូរ​ឈ្មោះ​ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ទៅជា «​ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​»​។ ការផ្លាស់ប្ដូរ​ឈ្មោះ​នេះ ជា​សញ្ញា​បង្ហាញ​ពី​សារសំខាន់​នៃ​របស់​ឥណ្ឌា​ក្នុង​នយោបាយ​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ដ៏​ធំ​នេះ ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​ផង​។ លោក ម៉ា​ធី​ស ប្រកាស​ដូរ​ឈ្មោះ​បែបនេះ​ក្នុង​ពិធី​ប្រគល់​តំណែង​មេបញ្ជាការ​នៃ​យោធា​អាមេរិក​ប្រចាំ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​នៅ​កោះ​ហា​វ៉ៃ​។​



«​ដោយសារ​កំណើន​ការតភ្ជាប់​រវាង​មហាសមុទ្រ​ឥណ្ឌា និង​ប៉ាស៊ីហ្វិក យើង​ដូរ​ឈ្មោះ​ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក​ទៅជា​ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​វិញ​»​។ នេះ​ជាការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស ក្នុង​ពិធី​ផ្លាស់ប្ដូរ​មេ​បញ្ជា​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ី ដោយ​នាយ​ឧ​ត្ត​មនា​វី Philip Davidson កាន់តំណែង​នេះ​ជំនួស​នាយ​ឧ​ត្ត​មនា​វី Harry Harris ដែល​ត្រូវ​ជ្រើសរើស​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​។​

​ចាប់ពី​ពេល​ដូរ​ឈ្មោះ​នេះ ទីបញ្ជាការ​យោធា​ដែលមាន​មូលដ្ឋាន​នៅ​កោះ​ហា​វ៉ៃ​មួយ​នេះ មាន​ទំហំ​ប្រតិបត្តិការ​គ្របដណ្ដប់​ចាប់ពី​ព្រំដែន​ឥណ្ឌា​ជាមួយ​ប៉ា​គី​ស្ថាន ចិន អាស៊ីអាគ្នេយ៍ រហូតដល់​អូស្ត្រាលី​។ ពោល គឺ​គ្របដណ្ដប់​មហាសមុទ្រ​ធំ​ចំនួន​ពីរ​របស់​ពិភពលោក​តែម្ដង​។ ការផ្លាស់ប្ដូរ​ឈ្មោះ​នេះ បានបង្ហាញ​ពី​កំណើន​ទំនាក់ទំនង​យោធា​រវាង​អាមេរិក និង​ឥណ្ឌា​ក្នុង​គោលដៅ​ទប់ទល់​របស់​ចិន​ក្នុង​តំបន់​មួយ​នេះដែរ​។​

​ចំពោះមុខ​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន លោក ម៉ា​ធី​ស និយាយថា ទំនាក់ទំនង​រវាង​សម្ព័ន្ធ​អាមេរិក​នៅ​មហាសមុទ្រ​ឥណ្ឌា និង​ប៉ាស៊ីហ្វិក​បាន​ដើរតួ​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​តំបន់ ហើយ​អាមេរិក​នឹង​ឈរ​នៅ​ជាមួយ​ដៃគូ​របស់ខ្លួន​ក្នុង និង​គាំទ្រ​ការសម្រេចចិត្ត​របស់​ពួកគេ​ផង​។ សម្រាប់​លោក ម៉ា​ធី​ស ប្រទេស​ក្នុង​តំបន់​ទាំងអស់ មិន​ថា​តូច​ឬ​ធំ​ឡើយ គឺ​សុទ្ធ​តែមាន​តួនាទី​សំខាន់​ដើម្បី​រក្សា​លំនឹង​ក្នុង​តំបន់​ដ៏​សំខាន់​របស់​ពិភពលោក​មួយ​នេះ​។​

​ឆ្លៀតឱកាស​នោះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ក៏​ប្រកាស​ដែរ​ថា អាមេរិក​នឹង​បន្ត​ជួយ​ពង្រឹង​ស្ថិរភាព​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ព្រមទាំង​ជួយ​ជំរុញ​ការបើកចំហ​នៃ​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដែល​បាន​ជួយ​ឲ្យ​តំបន់​នេះ​លូតលាស់​អស់​ពេល​៧០​ឆ្នាំ​មកហើយ​នោះ​។ យ៉ាងណាមិញ ទោះជា​អាមេរិក​ត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​ប្រទេស​ណា​ដែល​ចង់​សាកល្បង​ការតាំង​ចិត្ត​របស់​អាមេរិក​ក្ដី លោក ម៉ា​ធី​ស អះអាងថា យុទ្ធសាស្ត្រ​ការពារជាតិ​របស់​អាមេរិក មិនមែនជា​យុទ្ធសាស្ត្រ​ប្រឈមមុខ​ឡើយ​។​

​ការផ្លាស់ប្ដូរ​ឈ្មោះ​នេះ ទំនងជា​សញ្ញា​ប្រាប់​សម្ព័ន្ធមិត្ត​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ឲ្យ​ត្រជាក់ចិត្ត​ដែរ ដ្បិត​កន្លងមក​មានកា​រ​ព្រួយបារម្ភ​ច្រើន​ជុំវិញ​លទ្ធភាព​ដែល​លោក ត្រាំ អាច​កាត់បន្ថយ​តួនាទី​របស់​អាមេរិក ស្របពេល​ឥទ្ធិពល​ចិន​កើនឡើង​ខ្លាំង​នោះ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិន លោក ម៉ា​ធី​ស បញ្ជាក់ថា អាមេរិក​បើកចំហ​សម្រាប់​ការសន្ទនា​ជាមួយ​គូប្រជែង​របស់ខ្លួន​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​ផលប្រយោជន៍​អាមេរិក ឬក៏​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​អាមេរិក​៕
 

Tag:
 អាមេរិក​
  ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​
  USINDOPACOM
© រក្សាសិទ្ធិដោយ thmeythmey.com