អន្តរជាតិ
អាសាដ​៖ អាមេរិក​ប៊ិះ​ធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី​នៅ​ស៊ី​រី​ទៅហើយ​
31, May 2018 , 10:39 pm        
រូបភាព
ប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ (រូបភាព SANA)
ប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ (រូបភាព SANA)
​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​-​អាសាដ បាន​និយាយថា អាមេរិក និង​រុស្ស៊ី​ស្ទើរ​តែមាន​ជម្លោះ​ដោយផ្ទាល់​នៅលើ​ទឹកដី​ស៊ី​រី​ទៅហើយ ប៉ុន្តែ​ត្រូវបាន​បញ្ចៀស​ទាន់ពេល​។ លោក អាសាដ បាន​អរគុណ​រុស្ស៊ី​ដែល​ចៀសវាង​ការប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​អាមេរិក ក៏ដូចជា​បានការ​ពារ​ស៊ី​រី​ពី​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​បស្ចិមប្រទេស​ផង​។ ដោយមាន​រុស្ស៊ី​នៅ​ពីក្រោយ មេដឹកនាំ​ស៊ី​រី​រូបនេះ​ជឿថា ខ្លួន​ជិត​ឈ្នះ​សង្គ្រាម​ផ្ទៃក្នុង​ដែលមាន​អាយុ​៧​ឆ្នាំនេះ​។​



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​រុស្ស៊ី RT ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​-​អាសាដ បាន​អរគុណ​រុស្ស៊ី​ដែល​បាន​ជួយ​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​របស់​លោក​ក្នុងការ​ទប់ទល់​នឹង​សកម្មភាព​របស់​សម្ព័ន្ធ​មិត្ត​បស្ចិមប្រទេស​។ ដោយ​រំឭក​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អាមេរិក បារាំង និង​អង់គ្លេស​កាលពី​ខែមេសា លោក អាសាដ អះអាងថា បើ​គ្មាន​រុស្ស៊ី​ទេ ប្រទេស​ទាំងបី​នេះ​នឹង​បើ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ស៊ី​រី​មិនខានឡើយ​។  

​ត្រឡប់​ទៅកាន់​យុទ្ធនាការ​ខែមេសា អាមេរិក បារាំង និង​អង់គ្លេស​បានរួម​គ្នា​បាញ់​មី​ស៊ី​ល​ជាង​មួយរយ​គ្រាប់​ដាក់​ទីតាំងនៅ​បី​កន្លែង​ផ្សេងគ្នា បន្ទាប់ពី​ចោទ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​ថា បាន​ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​លើ​ជន​ស៊ីវិល​។ លោក អាសាដ ចាត់ទុក​ពាក្យ​ចោទប្រកាន់​របស់លោក​ខាងលិច​ជា​រឿង​កុហក ដែល​គ្មាន​នរណា​ជឿ​ឡើយ​។ ស្របពេល​ការវាយប្រហារ​នោះ រុស្ស៊ី​ក៏​ប្រកាស​គំរាម​ឆ្លើយតប​វិញ​ដែរ បើ​សុវត្ថិភាព​របស់ខ្លួនរ​ង​ការ​គំរាម​។​

«​រុស្ស៊ី​បានប្រកាស​ជា​សាធារណៈ​ថា ពួកគេ​នឹង​កម្ទេច​មូលដ្ឋាន​ដែល​ប្រើ​សម្រាប់​បាញ់​មី​ស៊ី​ល ហើយ​បើតាម​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន ពួកគេ​ក៏​គិតពី​ការវាយប្រហារ​ស៊ី​រី​ទាំងមូល​។ ដូច្នេះហើយ​បានជា​ការ​គំរាម​របស់​រុស្ស៊ី​ជំរុញ​ឲ្យ​លោកខាងលិច​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​តូច​វិញ​»​។ នេះ​ជា​សម្ដី​របស់លោក អាសាដ ក្នុង​កិច្ច​សម្ភាស​ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣១ ខែឧសភា​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក អាសាដ ក៏បាន​បង្ហើប​ដែរ​ថា កងទ័ព​អាមេរិក និង​រុស្ស៊ី​ស្ទើរតែ​ប្រយុទ្ធ​គ្នា​តទល់​នៅ​ស៊ី​រី​បាត់ទៅហើយ ព្រោះ​អាមេរិក​មាន​ទីប្រឹក្សា​ធ្វើការ​ជាមួយ​ក្រុម​ឧទ្ទាម ហើយ​ធ្វើ​ប្រតិបត្តិការ​ជិត​កម្លាំង​រុស្ស៊ី​ទៅទៀត​មិន​ថា​លើដី ឬ​លើ​អាកាស​ឡើយ​។ មេដឹកនាំ​ស៊ី​រី​រូបនេះ​បន្ថែមថា ជម្លោះ​ដោយផ្ទាល់​រវាង​អាមេរិក និង​រុស្ស៊ី​សឹងតែ​មិនអាច​ចៀសផុត​បាន​ទៅហើយ ប៉ុន្តែ​ការ​ឈ្លាសវៃ​របស់​រុស្ស៊ី​អាចជួយ​បញ្ចៀស​ជម្លោះ​នេះ​បាន​។ 

​ស្របពេល​សង្គ្រាមរ៉ាំរ៉ៃ​នេះ​ឈានដល់​ឆ្នាំ​ទី​៧ លោក អាសាដ ជឿថា ក្រុង​ដា​ម៉ាស​ជិត​ទទួល​ជ័យជម្នះ​លើ​ក្រុមប្រឆាំង និង​ក្រុម​សកម្មប្រយុទ្ធ​ដែរ​ហើយ ទោះជា​ក្រុង​វ៉ាស៊ីនតោន​បន្ត​ជ្រៀតជ្រែក​ក៏ដោយ​។ ប្រធានាធិបតី​ស៊ី​រី​ក៏បាន​ចោទថា អាមេរិក អឺរ៉ុប និង​កូនជឹង​របស់ខ្លួន​បាន​ព្យាយាម​បង្អូស​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ដំណោះស្រាយ​នយោបាយ​ក្នុងប្រទេស​តាមរយៈ​ការគាំទ្រ​ក្រុម​ភេរ​វករ ឬ​បង្កបញ្ហា​ក្នុង​ដំណើរ​ការចរចា​ជាដើម​៕


Tag:
 ស៊ី​រី​
  អាមេរិក​
  រុស្ស៊ី​
  Bashar Assad
© រក្សាសិទ្ធិដោយ thmeythmey.com