អន្តរជាតិ
ចិន​ហួស​ចិត្តនឹង​ការអះអាង​របស់​អាមេរិក​ដែលថា ខ្លួន​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​
01, Jun 2018 , 10:48 am        
រូបភាព
​ពីរ​ថ្ងៃក្រោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស ប្រកាសថា អាមេរិក​នឹង​តបត​សកម្មភាព​ធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៣១ ខែឧសភា ក៏បាន​បង្ហាញ​ការហួសចិត្ត​ចំពោះ​ការអះអាង​បែបនេះ​។ មន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ឆ្លើយតប​វិញ​ថា មានតែ​អាមេរិក​ប៉ុណ្ណោះ​ដែល​បាន​បង្កើន​វត្តមាន​យោធា​នៅ​តំបន់​សមុទ្រ​នេះ ហើយ​សម្ដី​ចោទ​របស់​អាមេរិក គឺ​គ្រាន់តែ​ជាការ​បិទបាំង​សកម្មភាព​ខ្លួនឯង​ប៉ុណ្ណោះ​។​



​នរណា​ជា​អ្នកធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​? អាមេរិក​ថា​ចិន ឯ​ចិន​ថា​អាមេរិក​។ នៅ​ថ្ងៃទី​២៩ ខែឧសភា ប្រមុខ​មន្ទីរ​បញ្ច​កោណ ជេ​ម ម៉ា​ធី​ស និយាយថា អាមេរិក​នឹង​ឆ្លើយ​ទៅនឹង​អ្វីដែល​ខ្លួន​ចាត់ទុកជា​សកម្មភាព​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ខាងត្បូង​។ លោក ម៉ា​ធី​ស និយាយ​បែបនេះ​ដោយ​ចង់​សំដៅ​ដល់​សកម្មភាព​របស់​ចិន​នៅពេល​ថ្មីៗ​នេះ​នៅ​តំបន់​សមុទ្រ​ប្រទាញប្រទង់​សម្បូរ​ដោយ​ធនធាន​រ៉ែ និង​ជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់​មួយ​។​

​យ៉ាងណាមិញ សម្ដី​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រូបនេះ​បែរជា​ធ្វើ​ឲ្យ​ចិន​អស់សំណើច​ទៅវិញ និង​ចាត់ទុកជា​បិទបាំង​ទង្វើ​របស់ខ្លួន​ទៅទៀត​។ លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែងថា វត្តមាន​យោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ធំ​ជាង​វត្តមាន​យោធា​ចិន និង​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​នេះ​រួមបញ្ចូល​គ្នា​ទៅទៀត​។ វៀតណាម ហ្វីលីពីន ព្រុយ​ណេ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ជាដើម សុទ្ធសឹង​ជា​ប្រទេស​ដែល​បានទាមទារ​ចំណែក​នៃ​ដែនសមុទ្រ​នេះ​។​

​មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​នេះ​ក៏បាន​ចោទសួរ​អាមេរិក​ពី​ការអះអាង​លើក​មុនៗ​ថា វត្តមាន​យោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង គ្រាន់តែ​ជាការ​អនុវត្ត​សេរីភាព​នាវាចរណ៍ និង​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ ឬក៏​ជាការ​ប៉ុនប៉ង​ដើម្បី​រក្សា​អនុត្តរភាព​ក្នុង​តំបន់​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៣១ ខែឧសភា លោកស្រី Hua សង្កត់ធ្ងន់ថា​៖ «​មាន​ជនជាតិ​អាមេរិក​ខ្លះ​រៀប​ឆាក​ចោរ​ស្រែក​ចាប់ចោរ​ដើម្បី​លាក់បាំង​ទង្វើ​អាក្រក់​របស់ខ្លួន​»​។​

​តាមពិតទៅ អាមេរិក​មិនមែនជា​ភាគី​ជម្លោះ​នៅក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​នេះឡើយ តែ​បាន​ចេញមុខ​យ៉ាងខ្លាំង​ដើម្បី​តទល់​ជាមួយនឹង​ចិន​លើ​បញ្ហា​នេះ​។ កាលពី​សប្ដាហ៍​មុន​នោះ ក្រុង​វ៉ាស៊ីនតោន តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក ក៏បាន​រិះគន់​ក្រុង​ប៉េកាំង​ខ្លាំងៗ​រួចហើយ​ដែរ ដោយ​អះអាងថា ចិន​កំពុងតែបន្ត​សកម្មភាព​យោ​ធូប​នីយកម្ម ព្រោះ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​និង​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រឿង​ទៅ​ចុះចត​នៅ​មូលដ្ឋាន​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់​មាន​ជម្លោះ​។

​វត្តមាន​យោធា​ចិន​នៅក្នុង​ដែនទឹក​មួយ​នេះ បាន​បង្ក​ក្ដីបារម្ភ​ខ្លាំង​សម្រាប់​អាមេរិក ព្រោះ​វា​បាន​ប៉ះពាល់​ដល់​តួនាទី​របស់​អាមេរិក​ដែល​បាន​បោះ​យុថ្កា​រាប់សិប​ឆ្នាំ​ទៅហើយ​។ ដោយសារ​សកម្មភាពរ​បស់​ចិន ក្រសួងការពារជាតិ​អាមេរិក​បាន​លុបចោល​ការអញ្ជើញ​កងទ័ព​ជើង​ទឹក​ចិន​ឲ្យ​ចូលរួម​សមយុទ្ធ RIMPAC ឆ្នាំ​២០១៨ ដែល​គ្រោង​ធ្វើ​នៅ​កោះ​ហា​វ៉ៃ​ទៅទៀត​៕
 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com