អន្តរជាតិ
សម្ព័ន្ធមិត្ត​អាមេរិក​តបត​ភ្លាមៗ ក្រោយ ត្រាំ អនុវត្ត​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​
01, Jun 2018 , 5:02 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​បន្ទាប់ពី​លើកលែង​ការអនុវត្ត​ជាច្រើន​ខែ​រួចមក រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣១ ខែឧសភា បានប្រកាស​ចាប់ផ្ដើម​អនុវត្ត​ពន្ធ​ថ្មី​លើ​ផលិតផល​ដែកថែប​ចំនួន​២៥​ភាគរយ និង​អាលុយមីញ៉ូម​ចំនួន​១០​ភាគរយ​ដែល​នាំចូល​ពី​កាណាដា ម៉ិ​ក​ស៊ិ​ក និង​អឺរ៉ុប​។ រដ្ឋាភិបាល​ទាំងបី​នេះ​បានបង្ហាញ​ការមិនសប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​អាមេរិក ដោយ​ចាត់ទុក​ចំណាត់ការ​នេះ​ជា​រឿង​មិនអាច​ទទួលយកបាន​ទៀតផង​។ កាណាដា និង​ម៉ិ​ក​ស៊ិ​កបាន​ឆ្លើយតប​វិញ​ភ្លាមៗ ខណៈ​អឺរ៉ុប​នឹងមាន​វិធានការ​នៅពេល​ខាងមុខ​។​



​អស់​ច្រើន​ខែ​នៃ​ភាពមិនច្បាស់លាស់ និង​ការចរចា អាមេរិក​នៅតែ​សម្រេចចិត្ត​អនុវត្ត​ពន្ធ​ថ្មី​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដោយ​គ្មាន​ការលើកលែង​អ្វី​ទៀតឡើយ​។ ការយកពន្ធ​នាំចូល​ដែកថែប​ចំនួន​២៥​ភាគរយ និង​អាលុយមីញ៉ូម​ចំនួន​១០​ភាគរយ ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​តាំងពី​ខែមីនា នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​នេះ​តទៅ​។ កាលនោះ អាមេរិក​មិនទាន់​អនុវត្ត​វិធានការ​ថ្មី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សិន ប៉ុន្តែ​គ្មាន​បាន​ផ្លែផ្កា​អ្វី​ទេ​។​

​ការចាប់ផ្ដើម​អនុវត្ត​ពន្ធ​នេះ ត្រូវបាន​ប្រកាស​ដោយរ​ដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម Wilbur Ross នៅ​ថ្ងៃទី​៣១ ខែឧសភា ហើយ​ដែល​ធ្វើ​ឲ្យ​គេឯង​បារម្ភ​ថា ជម្លោះ​ពាណិជ្ជកម្ម​អាច​រាលដាល​ពេញ​ពិភពលោក​តាមរយៈ​ការចាត់វិធានការ​សង​សឹក​គ្នា​ទៅមក​។ កាន់តែ​សំខាន់ ចំណាត់ការ​របស់លោក ត្រាំ លើ​កាណាដា ម៉ិ​ក​ស៊ិ​ក និង​អឺរ៉ុប ក៏​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួន​កាន់តែ​ល្អក់កករ​ខ្លាំង​ផងដែរ​។ 

​មូលហេតុ​នៃ​ដែល​នាំ​ឲ្យ​មានការ​អនុវត្ត​ពន្ធ​នេះ ក៏ដោយ​សារ​លោក ត្រាំ មិន​ពេញ​ចិត្តនឹង​ការរកស៊ី​ដែល​អាមេរិក​ជា​អ្នក​ខាត ហើយ​ដៃគូ​របស់​អាមេរិក​ចំណេញ​ប្រាក់​ច្រើន​។ លោក​អះអាងថា លោក​នឹង​ការពារ ប្រយោជន៍​ក្រុមហ៊ុន​ក្នុងស្រុក​អាមេរិក បង្កើត​ការងារ​ឲ្យ​ប្រជាជន ព្រមទាំង​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​យុត្តិធម៌​ឡើងវិញ​។ មេដឹកនាំ​អាមេរិក​រូបនេះ​ក៏បាន​យក​បញ្ហា​សន្តិសុខ​ជាតិ​ធ្វើជា​លេស​ដើម្បី​បង្កើន​ពន្ធ​នាំចូល​ផង​។​
 
១. កាណាដា និង​ម៉ិ​ក​ស៊ិ​ក​តបត​វិញ​ភ្លាម

​ភ្លាមៗ​ក្រោយ​អាមេរិក​សម្រេចចិត្ត​យកពន្ធ​ដ៏​ច្រើន រដ្ឋាភិបាល​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ក៏បាន​ចាត់វិធានការ​តប​វិញ​ទាន់​ចិត្ត​ដែរ​។ កាណាដា ដែលជា​អ្នក​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​ធំជាងគេ​ទៅកាន់​អាមេរិក បានប្រកាស​ដាក់​ពន្ធ​២៥​ភាគរយ និង​១០​ភាគរយ​លើ​ផលិតផល​អាមេរិក​ដូចជា​លោក​ហៈ អាហារ​កសិកម្ម និង​ទំនិញ​ដទៃទៀត​ដែលមាន​តម្លៃ​ដល់​ទៅ​១២.៨​ពាន់​លាន​ដុល្លារ​ឯណោះ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ និយាយថា កាណាដា​ក្លាយ​ជាការ​គំរាម​សន្តិសុខ​អាមេរិក​មិនមែនជា​រឿង​ប្លែក​មែនទែន​។​

​ចំណែកឯ​ម៉ិ​ក​ស៊ិ​ក​វិញ ដែល​កំពុង​ទាស់​ជាមួយ​អាមេរិក​រឿង​ជញ្ជាំង​ព្រំដែន​នោះ ក៏បាន​ឆ្លើយតប​វិញ​ដូចគ្នា​ដែរ​តាមរយៈ​ការប្រកាស​ពន្ធ​លើ​ទំនិញ​អាមេរិក​ដូចជា​សាច់ជ្រូក  ផ្លែឈើ និង​ដែក​បន្ទះ​ជាដើម​។ ក្រុង​ម៉ិ​ក​ស៊ី​កូ​និយាយថា វិធានការ​របស់ខ្លួន​ជាការ​រឿង​ស្មើភាព​ទៅនឹង​អ្វីដែល​អាមេរិក​បានធ្វើ​។ ជាមួយគ្នានេះ តម្លៃ​លុយ​ម៉ិ​ក​ស៊ិ​ក​ក៏បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​បើ​ប្រៀបធៀប​នឹង​លុយ​ដុល្លារ​ក្នុង​រយៈ​១៥​ខែ​មកនេះ​។​

២. អឺរ៉ុប​រៀបចំ​បញ្ជី​ទំនិញ​ដើម្បី​ដំឡើង​ពន្ធ​វាយបក​អាមេរិក​វិញ​

​ខណៈ​កាណាដា និង​ម៉ិ​ក​ស៊ិ​កមាន​វិធានការ​តប​អាមេរិក​ភ្លាមៗ អឺរ៉ុប​ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹងធ្វើ​ដូចគ្នា​ដែរ​។ ប្រទេស​សមាជិក​អឺរ៉ុប ដែលមាន​ឈ្មោះ​ជា​សម្ព័ន្ធមិត្ត​ឆ្លង​អា​ត្ល​ង់​ទិ​ក និង​ធ្លាប់​ប្រកៀក​ស្មា​គ្នា​ជាច្រើន​ឆ្នាំ ខឹងសម្បារ​នឹង​ការអនុវត្ត​ពន្ធ​របស់​អាមេរិក​ជាខ្លាំង​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker ចាត់ទុក​សកម្មភាពរ​បស់​អាមេរិក​ជា​រឿង​មិនអាច​ទទួលយកបាន និង​បាន​សន្យា​បញ្ចេញ​ចំណាត់ការ​តប​វិញ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​អាមេរិក ត្រាំ ជុំវិញ​ពន្ធ​នេះ​នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា​។ លោក ម៉ា​ក្រុង បាន​ប្រា​ប់លោក ត្រាំ ថា ការអនុវត្ត​ពន្ធ​របស់​អាមេរិក​លើ​ដែកថែប និង​អាលុយមីញ៉ូម​ជា​រឿង​ខុសច្បាប់ ហើយ​ថា អឺរ៉ុប​នឹង​តបត​វិញ​ដោយ​វិធីសាស្ត្រ​ដាច់ខាត​តែម្ដង​។ ប្រមុខ​បារាំង​ក៏​ស្នើ​ឲ្យ​អាមេរិក​ចរចា​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​ពង្រឹង​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​សម្រាប់​អង់គ្លេស​វិញ អាមេរិក​មិនគួរ​អនុវត្ត​ចំណាត់​បែបនេះ​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឡើយ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​និយាយថា អង់គ្លេស និង​សមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត​គឺជា​មិត្ត​ជិតស្និទ្ធ​របស់​អាមេរិក ដូចនេះ​គួរតែ​ទទួលបាន​ការលើកលែង​ពន្ធ​ទាំងស្រុង និង​អចិន្ត្រៃយ៍​។ ចំណែកឯ​អធិការបតី​វ័យក្មេង​អូទ្រីស Sebastian Kurz អះអាងថា អឺរ៉ុប​មិន​ត្រូវការ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក តែ​ត្រូវ​ឆ្លើយតប​កា​រស​ម្រេ​ចិត្ត​របស់​អាមេរិក​វិញ​៕


Tag:
 ​អាមេរិក​
  កាណាដា​
  ម៉ិ​ក​ស៊ិ​ក​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com