អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់​ឲ្យ​ហៃ​ទី​ខ្ចី​១៥០​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ប្រទេស ស្របពេល​បាត់បង់​មិត្ត​ជា​បន្តបន្ទាប់​
02, Jun 2018 , 7:39 pm        
រូបភាព
ប្រធានាធិបតីហៃទី Jovenel Moise អមដំណើរដោយសមភាគីតៃវ៉ាន់ Tsai Ing-wen នាដំណើរទស្សនកិច្ចនៅតៃវ៉ាន់ (រូបភាព AFP)
ប្រធានាធិបតីហៃទី Jovenel Moise អមដំណើរដោយសមភាគីតៃវ៉ាន់ Tsai Ing-wen នាដំណើរទស្សនកិច្ចនៅតៃវ៉ាន់ (រូបភាព AFP)
 ​កោះ​តៃវ៉ាន់​មាន​ផែនការ​ឲ្យ​សម្ព័ន្ធមិត្ត​តំបន់​កា​រ៉ា​អ៊ី​ប​ហៃ​ទី​ខ្ចីលុយ​ចំនួន​១៥០​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​។ ហៃ​ទី​ដែលជា​រដ្ឋ​ក្រីក្រ កំពុង​ត្រូវការ​ជំនួយ​យ៉ាងច្រើន​ដើម្បី​កសាង​ប្រទេស​ឡើងវិញ បន្ទាប់ពី​រងគ្រោះ​ដោយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០១០ ។ ការផ្ដល់​កម្ចី​នេះ ក៏​ទំនងជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​របស់​តៃវ៉ាន់​ក្នុង​រក្សា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប​ន្ទា​ប់​ពី​បាត់បង់​អស់ពីរ​ប្រទេស​ក្នុង​រយៈពេល​ត្រឹម​មួយខែ​ប៉ុណ្ណោះ​។​

 
​មកទល់ពេលនេះ មានតែ​ប្រទេស​ចំនួន​១៨​ប៉ុណ្ណោះ​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​។ សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​បាន​ថយចុះ​ជា​លំដាប់​ក្រោយ​លោកស្រី Tsai Ing-wen ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់ ខណៈ​ចិន​បាន​បង្កើន​ការ​ប្រឹង​ប្រឺ​ង​តាម​គ្រប់​វិធីសាស្ត្រ​ដើម្បី​បញ្ចប់​ដង្ហើម​ការទូតរ​បស់​តៃវ៉ាន់ ដែល​ខ្លួន​ចាត់ទុកជា​អាណាខេត្ត​មួយ​មិនអាច​បំបែក​បាន​ដាច់ខាត​។ ស្របពេល​បាត់បង់​មិត្ត​ជា​បន្តបន្ទាប់ តៃវ៉ាន់​ក៏​ព្យាយាម​រក្សា​មិត្ត​ដែល​នៅ​សេសសល់​របស់ខ្លួន​។​
 
​ទំនងជា​ឆ្លើយតប​វិធីសាស្ត្រ​ទឹក​លុយ​របស់​ចិន តៃវ៉ាន់​ក៏​ប្រើ​វិធីសាស្ត្រ​នេះ​ដូចគ្នា​ដើម្បី​ទាក់ទាញ​សណ្ដាន​ចិត្ត​ប្រទេស​ជា​មិត្ត​របស់ខ្លួន ដោយបាន​ផ្ដល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន​១៥០​លាន​ដុល្លារ​ទៅ​ឲ្យ​ហៃ​ទី​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់ Andrew Lee និយាយ​នៅ​ថ្ងៃទី​៣១ ខែឧសភា ថា ជំនួយ​របស់​តៃវ៉ាន់​មាន​គោលដៅ​អភិវឌ្ឍ​បណ្ដាញ​អគ្គិសនី​នៅ​ហៃ​ទី​ដែល​រង​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​រញ្ជួយ​ដីកា​លពី​៨​ឆ្នាំមុន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន South China Morning Post ។​
 
«​កម្ចី​នេះ​ក្លាយជា​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ក្នុង​ការជួយ​សម្ព័ន្ធមិត្ត (​របស់​តៃវ៉ាន់​) តាមរយៈ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ព្រមទាំង​បង្កើត​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​បរទេស​សម្រាប់​ក្រុមហ៊ុន​តៃវ៉ាន់​ផងដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់​។​
 
​សូមបញ្ជាក់ថា ប្រទេស​ដែល​ទទួលស្គាល់​តៃវ៉ាន់​ភាគច្រើន​នៅ​រដ្ឋ​ក្រី​ក្រី និង​ជា​ប្រទេស​ដែន​កោះ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប និង​ប៉ាស៊ីហ្វិក​។ ចំណែកឯ​ទ្វីបអាហ្វ្រិក​វិញ គេ​ឃើញតែ​រាជាណាចក្រ​ស្វា​ស៊ី​ឡង់​មួយ​ប៉ុណ្ណោះ​ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​។ ថ្មីៗ​នេះ បូ​គី​ណា​ហ្វា​សូ ទើបតែ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​ងាក​រក​ចិន​វិញ ដោយ​អះអាងថា ការទទួលស្គាល់​ចិន​ជា​ចរន្ត​របស់​ពិភពលោក​ទាំងមូល​។​
 
​បន្ទាប់ពី​អូសទាញ​បាន​បូ​គីណ​ហ្វា​សូ ចិន​ក៏បាន​បន្ត​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្តរ​បស់​តៃវ៉ាន់​ចុងក្រោយ​មួយទៀត​។ ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ផ្ញើ​សារ​ទៅកាន់​ស្វា​ស៊ី​ឡង់ ដោយ​សង្ឃឹមថា ប្រទេស​នេះ​នឹងចូលរួម​ជាមួយ​គ្រួសារ​អាហ្វ្រិក​ក្នុងការ​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ចិន​នៅពេល​ឆាប់ៗ ហើយ​រដ្ឋ​អាហ្វ្រិក​ទាំងអស់​នឹង​ឈរ​ជាមួយ​ចិន​ក្នុងការ​ឈានឆ្ពោះ​ទៅរក​ការបង្រួបបង្រួម​ជាតិចិន​ពេញលេញ​៕
 
 
 
 
 

Tag:
 តៃវ៉ាន់​
  ហៃ​ទី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com