ពីនេះ ពីនោះ
ត្រី​ក្លាំងហាយ ឆ្លងកាត់​ល្បាក់ខោន ទៅ​ទន្លេមេគង្គ​លើ​ក្នុងប្រទេស​ឡាវ នា​ខែមិថុនា​-​កក្កដា​
03, Jun 2018 , 10:17 am        
រូបភាព
រូបភាព​៖ អ៊ី​ម សេដ្ឋា​
រូបភាព​៖ អ៊ី​ម សេដ្ឋា​
ដោយ: ថ្មីៗ
​ត្រី​ក្លាំងហាយ មានឈ្មោះ​វិទ្យាសាស្ត្រ (Belodontichthys truncatus) ជា​ប្រភេទ​ត្រី​ទឹកសាប​ឥត​ស្រកា​មួយ​ប្រភេទ​ដែល​រស់នៅក្នុង​ទន្លេធំៗ ដែលមាន​ទឹក​ហូរ និង​ជម្រៅ​ទឹក​ជ្រៅ ក្នុង​ទន្លេមេគង្គ ជាពិសេស​នៅ​ខេត្តស្ទឹងត្រែង និង​ផ្នែក​ខាងលើ​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​។ ត្រី​ក្លាំងហាយ​ស៊ី​កំពឹស ក្តាម ខ្យង ជាពិសេស​ត្រី​ល្អិតៗ នៅ​ផ្នែក​ផ្ទៃ​ទឹក​ខាងលើ​ជា​អាហារ​។ ពួកវា​ធ្វើចរាចរ​ផ្លាស់​ទី​ទៅ​ខ្សែទឹក​ខាងលើ​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ ដោយ​ឆ្លងកាត់​ល្បាក់ខោន នា​ខែមិថុនា និង​កក្កដា​។ ចាប់ពី​ខែកក្កដា ដល់​ខែតុលា ត្រី​ក្លាំងហាយ​ចាប់ផ្តើម​ចូលទៅក្នុង​ព្រៃ​លិច​ទឹក​ដើម្បី​ពង​-​កូន​។ ក្នុង​ខែមិថុនា ត្រី​ក្លាំងហាយ​ច្រើន​តែមាន​ពង​ពេញ​ពោះ​។ វា​ស៊ី​ពពួក​ត្រី​មាន​ស្រកា​តូចៗ ដូចជា​ត្រី​រៀល ត្រី​លេញ​ជាដើម​ជា​អាហារ​។ 
 
​ត្រី​ក្លាំងហាយ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 
 
​ដោយ​៖ Chhut Chheana / USAID Wonders of the Mekong 

Tag:
 ​ត្រី​ក្លាំងហាយ
© រក្សាសិទ្ធិដោយ thmeythmey.com