ជាតិ
សង្គមជាតិ
ក្រសួង​ការងារ ប្រកាស​ឲ្យ​ម្ចាស់ផ្ទះ បំពេញ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ធ្វើការ​តាម​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ
04, Jun 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ពី​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ធ្វើការ​តាម​ផ្ទះ និង​កំណត់​ឲ្យ​ម្ចាស់ផ្ទះ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ ម្ចាស់ផ្ទះ​នឹងត្រូវ​ទទួលទោស​តាមច្បាប់ បើ​មិន​អនុវត្ត​ឲ្យ​បានល្អ តាម​លក្ខខណ្ឌ​ដែល​ក្រសួង​បានកំណត់​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​។​

 
​លក្ខខណ្ឌ​ការងារ​ជាង​១០​ចំណុច ត្រូវបាន​បញ្ចូល​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ដើម្បី​ការពារ​សិទ្ធ​របស់​កម្មករ​តាម​ផ្ទះ ឲ្យ​ទទួលបាន​សិទ្ធិ​ការងារ​ដូច​កម្មក​ដទៃ​ដែរ​។ ក្រសួង​បានកំណត់​លក្ខខណ្ឌ​ការងារ មួយចំនួន​ដូចជា ម្ចាស់ផ្ទះ​ត្រូវ​កំណត់​រាល់​កិច្ចការងារ​សម្រាប់​កម្ម​ករ​ធ្វើ ជា​លាយ​លក្ខ​អក្សរ​ឲ្យ​បានច្បាស់លាស់ ហើយ​ម្ចាស់ផ្ទះ​ត្រូវ​ផ្ដល់​ទីកន្លែង​ស្នាក់នៅ​សមរម្យ និង​ការហូបចុក​ដោយ​មិន​គិត​កម្រៃ​ដល់​កម្មករ​ការងារ​តាម​ផ្ទះ រួមទាំង​ការជួយ​ពិនិត្យ​ព្យាបាល​បឋម​នៅពេល​ពួកគេ​មាន​ជំងឺ​ផងដែរ​។​
 
​ក្រៅពីនេះ​ក្រសួង​ក៏​តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ កំណត់​លក្ខខណ្ឌ​ការងារ​ជា​លាយ​លក្ខ​អក្ស​ជាមួយ​កម្មករ​ឲ្យ​បានច្បាស់លាស់ ដោយមាន​ការកំណត់​ប្រាក់​ឈ្នួល​ឲ្យ​បាន​សមរម្យ ,​ម៉ោង​ធ្វើ​ការងារ​ធម្មតា ,​ការឈប់​សម្រាក​ប្រចាំឆ្នាំ​ដោយមាន​ប្រាក់​ឈ្នួល ការឈប់​សម្រាក​ប្រចាំថ្ងៃ និង​ការឈប់​សម្រាក​ប្រចាំ​សប្ដាហ៍ (​ត្រូវមាន​ថរ​វេលា​អប្បបរមា​២៤​ម៉ោង ដែលជា​គោលការណ៍​ឈប់​នៅ​ថ្ងៃអាទិត្យ​)​។ ប្រសិនបើ​កម្មករ​ការ​ងារ​តាម​ផ្ទះ ធ្វើការ​នៅ​ថ្ងៃ​ឈប់​បុណ្យ ដែល​ត្រូវមាន​ប្រាក់​ឈ្នួល ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​ស្មើនឹង​២០០​ភាគរយ នៃ​ប្រាក់​ឈ្នួល​នៃ​ថ្ងៃ​ធ្វើ​ការងារ​ធម្មតា​
 
​ក្រសួង​ការងារ បានបញ្ជាក់​ទៀតថា និយោជក​ត្រូវបាន​ប្រាក់ខែ​ឲ្យ​កម្មករ​ការងារ​តាម​ផ្ទះ​ដោយផ្ទាល់ ឬ​តាម​ធនាគារ​ដោយ​ផ្អែកលើ​ការព្រមព្រៀង​គ្នា ប៉ុន្តែ​បើ​ក្នុងករណី​កម្មករ​ស្នើសុំ​បើកប្រាក់​ខែ​រៀងរាល់​១៥​ថ្ងៃ​ម្ដងនោះ ម្ចាស់ផ្ទះ​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ការងារ​។ បន្ថែម​ពីនេះ​ក្រសួង បាន​ហាម​ម្ចាស់ផ្ទះ ប្រើ​កម្មករ​ធ្វើ​រាល់​ការងារ​ផ្ទះ ដែលមាន​លក្ខណៈ​ជាការ​ងារ​ដោយ​បង្ខំ ឬ​ជា​កាតព្វកិច្ច ការងារ​កាត់​ជំពាក់​ការងារ​មាន​លក្ខណៈ​ជា​ទម្រង់​ធ្ងន់ធ្ងរ និង​បែប​ទាសភាព​ជាដើម​។​
 
«​និយោជក​ត្រូវ​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​ការងារ​លើ​កម្មករ​ការ​ងារ​ផ្ទះ និង​របប​សន្តិសុខ​សង្គម ដូច​មានចែង​ក្នុង​ច្បាប់ និង​បទបញ្ញត្តិ​នានា ដែល​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​កម្មករនិយោជិត​ផ្សេងៗ​ទៀត​ដែរ​»​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង ដែល​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា អ្នក​ដែល​ប្រព្រឹត្តល្មើស​ទៅនឹង​ប្រកាស​នេះ ត្រូវ​ទទួល​ការផាកពិន័យ ឬ​ផ្ដន្ទាទោស​ដូច​មានចែង​ក្នុង​ច្បាប់ និង​បទបញ្ជា​ជា​ធរមាន​។​
 
​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ម្ចាស់ផ្ទះ ដែលមាន​លទ្ធភាព​ជួល​អ្នកបម្រើ​ជួយ​មើលថែរក្សា​ផ្ទះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហាលំបាក​របស់​ពួកគេ ចៀសវាង​គិតតែ​ពី​អារម្មណ៍​ខ្លួនឯង ដែលជា​ម្ចាស់ផ្ទះ​។​សម្ដេច ហ៊ុន សែន ចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាក ដែល​តម្រូវ​ម្ចាស់ផ្ទះ ផ្ដល់​ការគោរព​និង​ឲ្យ​តម្លៃ ជាពិសេស​ត្រូវ​គុណធម៌​ចំពោះ​ពួកគេ​ផងដែរ​៕
 
 

Tag:
 ក្រសួង​ការងារ​
  កម្មករ​តាម​ផ្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com