ជាតិ
ភរិយា​លោក កែម ឡី ស្នើ​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ ប្រឹងរក​សន្លឹកឆ្នោត​តាម​សមត្ថភាព ដោយ​កុំ​ប្រើ​ឈ្មោះ​ស្វាមី​ខ្លួន​ឃោសនា​
04, Jun 2018 , 5:41 pm        
រូបភាព
​ភ្នំពេញ​៖ ភរិយា​សព​លោក កែម ឡី ស្នើ​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ ប្រឹងរក​សំឡេងឆ្នោត​តាម​សមត្ថ​ភាពល្អ ជាង​ប្រើ​ឈ្មោះ​លោក កែម ឡី ទៅ​ឃោសនា​រក​សន្លឹកឆ្នោត ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ក្រុមគ្រួសារ​អ្នកស្រី​។ តែ​យ៉ាងណា​លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​បញ្ជាក់ថា ការប្រើ​គោលនយោបាយ និង​កេរ្តិ៍ឈ្មោះ​លោក កែម ឡី មិនមែន​បំផ្លាញ​កិត្តិយស​លោក កែម ឡី ទេ ប៉ុន្តែ​ជា​ការយក​ទស្សនទាន​ល្អៗ​របស់គាត់ ទៅ​ផ្សព្វផ្សាយ​ដល់​យុវជន​ក្នុងសង្គម​។​



​លោកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​គណបក្ស​ខ្មែរ​តែមួយ ដែល​យកឈ្មោះ​ស្វាមី​ខ្លួន​ទៅប្រើ​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​នយោបាយ​ឡើយ​។ លោក ប៊ូ រចនា ចាត់ទុក​ទង្វើ​របស់​គ​ណ​បក្ស​ខ្មែរ​តែមួយ​នេះ កំពុង​បំផ្លាញ​កិត្តិយស​ក្រុមគ្រួសារ​លោកស្រី​។ លោកស្រី រចនា ស្នើ​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ បញ្ឈប់​សកម្មភាព​ឃោសនា​រក​អ្នកគាំទ្រ ដោយ​ប្រើ​ឈ្មោះ​លោក កែម ឡី បន្តទៀត​។​

​ភរិយា​សព​លោក កែម ឡី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ចំៗ ទៅ​គណបក្ស​ខ្មែរ​តែមួយ ដូច្នេះ​ថា​៖«​នាង​ខ្ញុំ​សូម​បដិសេធ​នូវ​ទង្វើរ​ប​ស់លោក គុជ លី (​អនុប្រធាន​បក្ស​ខ្មែរ​តែមួយ​) មកលើ​ឈ្មោះ​ស្វាមី​នាង​ខ្ញុំ សូម​លោក គុជ លី អំពាវនាវ​រក​សន្លឹក​ឆ្នោត​តាម​សមត្ថភាព​ដែល​ខ្លួន​មាន​ទៅ កុំ​អូស​ទាយ​យកឈ្មោះ​ស្វាមី​ខ្ញុំ​ទៅ​ចូលក្នុង​គណបក្ស​បែបនេះ ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​អ្វី​យក​រូប​ស្វាមី​ខ្ញុំ​ទៅ​ដាក់​បែប​នេះដែរ​។ តើ​លោក​មានបាន​សុំ​ការអនុញ្ញាត​ពី​ខ្ញុំ​ដែរ​ជា​ភរិយា​ទេ មុន​ហ្នឹង​យក​រូបគាត់​ទៅ​ដាក់​។ ហួសហេតុ​ពេក​ហើយ ដើម្បី​ចង់បាន​សន្លឹកឆ្នោត​ទៅ​បក្ស​របស់ខ្លួន លោក​មក​បំផ្លាញ​ដល់​ឈ្មោះ​គាត់ លោក​ចង់​ឃោសនា​បែបណា​តាមចិត្ត តែ​កុំមក​ប៉ះពាល់​ដល់​កិត្តិយស​ស្វាមី​ខ្ញុំ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គាត់​យល់ដឹង​ណាស់ អំពី​គណបក្ស​មួយ​នេះ​។​ដូច្នេះហើយ​កុំ​ព្យាយាម​យក​ស្វាមី​ខ្ញុំ​ទៅ​បូកឡូក​»​។​

​លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​លោក កែម ឡី ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបង្កើត​គណបក្ស​ខ្មែរ​តែមួយ នេះឡើយ គឺ​ក្នុង​គោលបំណង​យក​ទស្សនទាន​ល្អៗ របស់លោក កែម ឡី ទៅ​សាប​ព្រួស​ដល់​យុវជន​ក្នុងសង្គម ពោលគឺ​មិនមែន​បំផ្លាញ​កិត្តិយស​លោក កែម ឡី នោះទេ​។ ជាពិសេស​ការបង្កើត​ប​ក្ស​នេះ ក៏​ដើម្បី​បំណង​របស់លោក កែម ឡី ដែល​ចង់​បង្កើត​បក្សនយោបាយ កាលពី​គាត់​នៅរស់​ផងដែរ ។ លោក រិ​ទ្ធិ​សិត មាន​ជំនឿ​ចិត្ត​ថា គោលនយោបាយ និង​កេរ្តិ៍ឈ្មោះ​លោក កែម ឡី នឹង​អាច​ឲ្យ​គណបក្ស​ខ្លួន ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​។​

​តែ​យ៉ាងណា​ភរិយា​លោក កែម ឡី ច្រានចោល​ការលើកឡើង​របស់​ប្អូនប្រុស​លោក កែម ឡី នេះ​។ លោកស្រី ប៊ូ រចនា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ស្វាមី​លោកស្រី មិនដែល​មានបំណង​ចង់​បង្កើត​គណបក្ស​អ្វី​នោះទេ ហើយ​ទង្វើ​របស់​គណបក្ស​ខ្មែរ​តែមួយ​នេះ ក៏​គ្មាន​ការអនុញ្ញាត​ពី​លោកស្រី​ដែរ​។ «​ប្តី​ខ្ញុំ​គាត់​គ្មាន​គំនិត​ចង់​បង្កើត​បក្ស​នោះទេ អ្វី​ដែរ​គេ​និយាយ​ខុស​ហើយ ប្តី​ខ្ញុំ​គាត់​គ្រាន់តែ​ជា​អ្នក​រូត​វាំងនន​សង្គម​ប៉ុណ្ណោះ​។ ពួកគាត់​ធ្វើ​អ្វីដែល​ពាក់ព័ន្ធ​និង​ឈ្មោះ​ប្តី​ខ្ញុំ មិនដែល​សុំ​ការអនុញ្ញាត​ពី​ខ្ញុំ​ទេ​»​។ នេះ​បើតាម​លោកស្រី ប៊ូ រចនា ដែល​ផ្ដាំ​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ កុំ​យក​រូប ឬ​ឈ្មោះ​ប្តី​លោកស្រី ទៅប្រើ​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​នយោបាយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ​របស់លោក កែម ឡី​។​

​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​២​ឆ្នាំ​ហើយ ដែល​លោក កែម ឡី បានទទួល​មរណភាព ដោយសារ​ឃាតករ​បាញសម្លាប់ កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្ដា​ម៉ា​ត ក្បែ​ស្តុ​ប​បូកគោ ។ ឃាតករ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ជួប សម្លាប់ ដែល​កំពុង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​៕



Tag:
 កែម ឡី​
  ប៊ូ រចនា​
  គុជ លី​
  គណបក្ស​ខ្មែរ​តែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com