ជាតិ
រថយន្ត
អ្នករត់​រ៉ឺម៉ក​កង់​បី ត្អួ​ញ​បាត់​ចំណូល​ក្នុង​ខែ​ខ្សត់​ភ្ញៀវ​
04, Jun 2018 , 6:59 pm        
រូបភាព
​សៀមរាប​៖ ជាទូទៅ​នៅ​ខេត្តសៀមរាប គេ​បែង​ចែកជា​ពីរ​រដូវ គឺ​ខែ​សម្បូរ​ភ្ញៀវ ដែល​គេ​និយម​ហៅ High Season និង Low Season សំដៅ​ដល់​រដូវ​កាល​ភ្លៀង​ធ្លាក់ ដែល​ខ្សត់​ភ្ញៀវ​ដើរ​។ មិន​ថា​អាជីវកម្ម​អ្វី​ឡើយ​នៅ​ខេត្តសៀមរាប សម្រាប់​ខែ​ខ្សត់​ភ្ញៀវ​តែងមាន​ផលប៉ះពាល់​តិច ឬ​ច្រើន​។ តួយ៉ាង អ្នករត់​រ៉ឺម៉ក​កង់​បី ដែលជា​របរ​ពឹង​អាស្រ័យ​លើ​ភ្ញៀវទេសចរ បាន​ត្អូញត្អែរ​ខ្លះៗ​ដែរ​ពី​បញ្ហា​នេះ ដោយ​ពួកគេ​បាន​បាត់​ចំណូល​មួយចំនួនធំ ក្នុង​ការងារ​ប្រចាំ​ថ្ងៃមួយ​នេះ​។​



​សឹង​គ្រប់​ទីកន្លែង គេ​ឃើញ​មាន​វត្តមាន​រ៉ឺម៉ក​កង់​បី ដែលជា​យានជំនិះ​សម្រាប់​ដឹកជញ្ជូន ពិសេស​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ ដែល​ចូលចិត្ត​ដើរ​មើល​ប្រាសាទ​ពីមួយ​ទៅមួយ​។ អ្នករត់​រ៉ឺម៉ក​ខ្លះ ដឹក​ចល័ត មានន័យថា ពួកគេ​ដឹក​ពី​ម៉ូយ​មួយ​ទៅមួយ មិន​រើស​កន្លែង ចំណែក​មួយទៀត គឺ​អ្នករត់​រ៉ឺម៉ក​ប្រចាំ​នៅ​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន គឺ​សម្រាប់​ដឹក​ភ្ញៀវ​កន្លែង​នោះ​តែប៉ុណ្ណោះ​។ អ្នករត់​រ៉ឺម៉ក​ប្រចាំ​កន្លែង​បែបនេះ គឺ​ពួកគេ​ត្រូវ​បង់​សេវា​ប្រចាំខែ​ដល់​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​នោះ​ក្នុងតម្លៃ​ណាមួយ ទើប​អាច​ដឹក​ភ្ញៀវ​នៅ​កន្លែង​នោះបាន​។​

​សម្រាប់​ខែ​ខ្សត់​ភ្ញៀវ​នេះ វា​បាន​ប៉ះពាល់​ខ្លះៗ ដល់​អ្នករត់​រ៉ឺម៉ក​ចល័ត តែ​ប៉ះពាល់​ខ្លាំង​ដល់​អ្នករត់​ប្រចាំ​កន្លែង​។ លោក សៀ ដែល​កំពុង​អង្គុយ​លើ​រ៉ឺម៉ក មុខ​សណ្ឋាគារ​ដែលជា​កន្លែង​ប្រចាំ​របស់លោក​បាន​និយាយថា ខែ​នេះ មិនសូវ​សម្បូរ​ភ្ញៀវ​ដឹក​ទេ ហើយ​ថ្ងៃ​ខ្លះ​ក៏​គ្មាន​ភ្ញៀវ​ផង​។ លោក​បន្ថែមថា លោក​ដឹក​ភ្ញៀវ​ប្រចាំ ស៊ីក្លូ​អង្គរ បូ​ទិ​ក រយៈពេល​៣​ឆ្នាំ​មកហើយ និង​បាន​រក​ចំណូល​គួរសម​សម្រាប់​គ្រួសារ​។ «​រត់​មិន​ទៀងទេ ខែ​សម្បូរ​ភ្ញៀវ អាច​ដឹក​បាន​មួយ​ជើង​ទៅ​បី​ជើង តែ​ខែ​នេះ (​ខ្សត់​ភ្ញៀវ​) អត់​មាន ដោយសារ​ជា​ខែ Low season  មាន​ខ្យល់ ភ្លៀង​ផង​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក សៀ​។​



​ងាក​ទៅ​មើល​បុរស​ម្នាក់ទៀត ដែល​កំពុង​ឈប់​រ៉ឺម៉ក​របស់លោក នៅលើ​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល មុខ​រោងកុន​បារាយណ៍​អណ្ដែត​។ លោក ប្រុស មាន​អាជីព​នេះ​រយៈពេល​៧​ឆ្នាំ​មកហើយ​។ សម្រាប់​ខែ​នេះ លោក​ទំនេរ​ច្រើន ពីមុខ​របរ​ដឹក​ភ្ញៀវទេសចរ ដែល​ធ្វើឱ្យ​លោក​ត្រូវ​ឆ្លៀត​ចាំ​ដឹក​ម៉ូយ​ខ្លះ ដែល​ត្រូវ​ទៅ​ផ្សារ ឬ​ដឹក​អីវ៉ាន់​ជាដើម​។ យ៉ាងណាក៏ដោយ ទោះ​រអ៊ូ​ពី​ការបាត់​ចំណូល​ចូល​គ្រួសារ តែ​លោ​កថា​នៅមាន​ប្រពន្ធ​លក់ដូរ​បន្ដិចបន្តួច អាច​ទប់ទល់​កូន​កំពុង​រៀន​៣​នាក់​បាន​។ ជាមួយគ្នានេះ លោក ប្រុស ក៏បាន​បង្ហាញ​អារម្មណ៍​បារម្ភ​ចំពោះ​វត្តមាន​កង់​បី​ឥណ្ឌា​ផងដែរ​។ លោកតា នៅ​សៀមរាប​បច្ចុប្បន្ន​មាន​វត្តមាន​កង់​បី​នេះ ប្រមាណ​៣០%​ហើយ ហើយ​ភ្ញៀវ​ក៏​ងាក ទៅ​ជិះ​កង់​បី​ឥណ្ឌា​នេះ​វិញ​ដែរ​។​

​មិនថាតែ​អ្នករត់​រ៉ឺម៉ក​ទេ សណ្ឋាគារ​មួយចំនួន​ឯណោះ​វិញ ក៏​ត្រូវបាន​កាត់បន្ថយ​ចំនួន​បុគ្គលិក និង​ខ្លះ​ត្រូវ​បិទទ្វារ ដើម្បី​ជួសជុល​ដែរ​នៅ​អំឡុង​ខែ​នេះ​៕


Tag:
 រ៉ឺម៉ក​កង់​បី​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com