រថយន្ត
អន្តរជាតិ
GlideCycle យានជំនិះ​សម្រាប់​អ្នករត់​ហាត់ប្រាណ និង​អ្នកមាន​បញ្ហា​របួស​
04, Jun 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
GlideCycle បាន​ក្លាយជា​ប្រភេទ​យាន​មួយ​ដ៏​ពេញនិយម​សម្រាប់​អ្នក​ចូលចិត្ត​រត់​ហាត់ប្រាណ និង​អ្នក​ដែលមាន​បញ្ហា​របួស​។ មធ្យោបាយ​ហាត់ប្រាណ​នេះ ត្រូវបាន​ផ្តួចផ្តើម​ដោយ​លោក David Vidmar ប្រធាន​ក្រុមហ៊ុន Aldavida Inc. ដែលមាន​មូលដ្ឋាន​ក្រុង Ashland រដ្ឋ Oregon សហរដ្ឋអាមេរិក​។​





​តាមរយៈ​គេហទំព័រ​ផ្លូវការ glidecycle.com លោក David Vidmar បាន​និយាយ​ឲ្យ​ដឹងថា ការបង្កើត GlideCycle នេះ ឡើង ដោយសារតែ​លោក ក៏ដូចជា​មនុស្ស​ទូទៅ​មាន​បញ្ហា​ឈឺ​ជើង និង​ជង្គង់ នៅពេល​រត់​ញឹកញាប់ និង​រត់​ឆ្ងាយ​។​

​លោក Vidmar បាន​អះអាងថា លោក​រត់​បាន​ចម្ងាយ​ពី​១៥​ទៅ​២៥​គីឡូម៉ែត្រ​ក្នុង​ថ្ងៃ ជាមួយ GlideCycle ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី និង​មិនមាន​ការឈឺចាប់​សាច់ដុំ​អ្វី​នោះឡើយ​។​

​បង្កើតឡើង​ចាប់ពី​ឆ្នាំ​២០០៩​មក GlideCycle ជា​យានពិសេស​មួយ​ដែល​អាច​រក្សា​លំនឹង​អ្នកប្រើប្រាស់​ជាមួយនឹង​កង់​ពីរ​របស់​វា​។ ក្រុម​អ្នក​ផលិត​បាន​អះអាងថា ការប្រើប្រាស់ GlideCycle ផ្តល់​ផលចំណេញ​ច្រើន​ដល់​សុខភាព ដូចជា​ការបញ្ចុះ​ទម្ងន់ ការហ្វឹកហាត់​បង្កើន​ថាមពល កាត់បន្ថយ​គ្រោះថ្នាក់​សាច់ដុំ​ជាដើម​។​



​ក្រុមហ៊ុន Aldavida ក៏បាន​អះអាង​ផងដែរ​ថា GlideCycle ជា​ឧបករណ៍​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកមាន​បញ្ហា​របួស ដែល​ព្យាយាម​ព្យាបាល​ឲ្យ​ជា​ដូចដើម សូម្បីតែ​ជនពិការ​អវៈយវៈ និង​ចាស់ជរា ក៏​អាច​ប្រើប្រាស់​បាន​ផងដែរ​។​

​សម្រាប់​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក GlideCycle មួយគ្រឿង មានតម្លៃ​ចន្លោះ​ពី​១៦០០​ដុល្លារ ទៅ​២០០០​ដុល្លារ​អាមេរិក​៕






© រក្សាសិទ្ធិដោយ thmeythmey.com