ជាតិ
សម្ដេច ហ៊ុន សែន រិះគន់​មន្ត្រី​មាន​សញ្ញាបត្រ​ខ្ពស់ ដែល​អសមត្ថភាព​បំពេញការងារ​នៅក្នុង​ជួរ​រដ្ឋាភិបាល​
05, Jun 2018 , 10:08 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​មន្ត្រី និង​កម្មសិក្សាការី នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃទី​៥ មិថុនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​មាន​សញ្ញាបត្រ​ខ្ពស់​មួយចំនួន ដែល​បម្រើ​ការងារ​មិនល្អ នៅក្នុង​ជួរ​រដ្ឋាភិបាល​។



​សម្ដេច ហ៊ុន សែន បាន​និយាយថា ការជឿទុកចិត្ត​លើ​សមត្ថភាព​មន្ត្រី​សញ្ញាបត្រ​ខ្ពស់​ខ្លះ បាន​នាំ​ឲ្យ​រដ្ឋាភិបាល ធ្វើ​កិច្ច​ការខុស​មួយចំនួន​កន្លងមក​។ សម្ដេច ថា ខ្លួន​ឈឺចាប់​មិនតិច​ទេ ដោយសារ​ការជឿទុកចិត្ត​លើ​មន្ត្រី​ទាំងនោះ​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ចង់​សំដៅ​ទៅលើ​ការងារ​កំណែទម្រង់​ជាតិ និង​រដ្ឋបាល ដែល​មន្ត្រី​អនុវត្ត​មិនបាន​ល្អ​ហើយ បែរជា​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​រដ្ឋាភិបាល​ទៅវិញ​។ បើតាម​នាយករដ្ឋមន្ត្រី រដ្ឋាភិបាល​បានធ្វើ​កិច្ច​ការខុស​អស់​រយៈពេល​១០​ឆ្នាំកន្លងមក ដោយសារ​ការផ្ដល់​តម្លៃ​ឲ្យ​មន្ត្រី​មាន​សញ្ញាបត្រ​ធំៗ ហើយ​បែរជា​ពួកគេ​គ្មាន​សមត្ថភាព​បំពេញការងារ​។​

សូមស្ដាប់សំឡេងនាយករដ្ឋមន្រ្តី៖




​ថ្លែង​រិះគន់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី ប្រមុខ​រដ្ឋាភិបាល​បានបញ្ជាក់​ដូច្នេះ​ថា​៖«​មិនមែនជា​ការបន្ដុះ​បង្អាប់​ទេ ប៉ុន្តែ​អាចមក​ខ្ញុំ​ជឿទុកចិត្ត​ហួសហេតុ​ពេក ជាមួយនឹង​អ្នកមាន​សញ្ញាបត្រ​ធំៗ ។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា អ្នក​ដែលមាន​សញ្ញាបត្រ​ធំ មិន​ព្រមធ្វើ​សកម្មភាព ហើយ​មិន​យល់ដឹង​កិច្ចការងារ​ច្បាស់លាស់ មិនអាច​ធ្វើ​ការកើត​នោះទេ …​។ អ៊ីចឹង​ទេ បានជា​ខ្ញុំ​យល់ថា រឿងរ៉ាវ​ខ្លះ ដោយសារ​ជំនឿ​ទុកចិត្ត​ទៅ​មន្ត្រី​ខាងក្រោម ទទួលខុសត្រូវ គិតថា ពួកគេ​មាន​សញ្ញាបត្រ​ខ្ពស់ៗ គេ​អាច​នឹង​ជួយ​យើង​បាន​នៅត្រង់​បញ្ហា​នេះ ផ្ទុយទៅវិញ វា​មិន​ត្រឹមតែ​ជួយ​ទេ បែរជា​ឈានទៅដល់​ការបំផ្លិចបំផ្លាញ​កំណែទម្រង់​នេះ​ទៀតផង​»​។

​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​សម្តី​រិះគន់​ដោយ​ប្រយោល​ទៅ​មន្ត្រី​អែបអប ឡេមឡឺម និង​មន្ត្រី​ខ្វះ​ការទទួលខុសត្រូវ​លើ​ការងារ ហើយ​រង់ចាំ​ទទួលផល​ប្រយោជន៍​ផងដែរ​។ នេះ​ជា​សារ​រិះគន់​របស់​ប្រមុខ​រដ្ឋាភិបាល នៅ​ចុង​អាណត្តិ​ទី​៥​នេះ ដែល​លើក​បញ្ហា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល មក​បង្ហើប​នៅ​ចំពោះមុខ​សាធារណជន​។

​កន្លងមក​ប្រមុខ​រដ្ឋាភិបាល ក៏​ធ្លាប់​ព្រមាន​រដ្ឋមន្ត្រី និង​មន្ត្រី​តាម​ក្រសួង ស្ថាប័ន​នានា ដែល​អសកម្ម​ការងារ​ថា ពួកគេ​អាច​នឹង​គ្មាន​មុខ ក្នុង​ជួរ​រដ្ឋាភិបាល​ទៀតឡើយ នៅក្នុង​អាណត្តិ​ទី​៦​ខាងមុខ​៕


Tag:
 ហ៊ុន សែន​
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com