អន្តរជាតិ
សិង្ហ​បុរី និង​អង្គការ​ប្រឆាំង​ការ​សាយភាយ​នុយក្លេអ៊ែរ ស្នើសុំ​រ៉ាប់រង​ការចំណាយ​សម្រាប់​ជំនួប​ត្រាំ​-​គីម​
05, Jun 2018 , 10:28 am        
រូបភាព
​សិង្ហ​បុរី ដែល​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បានស្នើ​ចេញថ្លៃ​ចំណាយ​ដើម្បី​ឲ្យ​ជំនួប​មួយ​នេះ​ទទួលបាន​ជោគជ័យ​។ ការចំណាយ​សម្រាប់​ជំនួប​នេះ បាន​ក្លាយជា​បញ្ហា​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា កូរ៉េខាងជើង​ស្នើសុំ​ឲ្យ​ភាគី​ផ្សេងទៀត​ជួយ​បង់ថ្លៃ​ចំណាយ​លើ​ការ​ស្នាក់នៅ​របស់លោក គីម ជុង​អ៊ុន និង​មន្ត្រី​កូរ៉េខាងជើង​ផ្សេងទៀត​អំឡុង​កិច្ចប្រជុំ​នេះ​។ ក្រៅពី​សិង្ហ​បុរី អង្គការ​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ​ក៏មាន​បំណង​ចេញថ្លៃ​ចំណាយ​របស់​ជំនួប​នេះដែរ​។​



​ជំនួប​លើកដំបូង​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ស្រាប់តែ​រស់​ឡើងវិញ​ក្រោយ​ស្លាប់​បាន​៨​ថ្ងៃ ក្លាយជា​រឿង​ដែល​អន្តរជាតិ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង កំពុង​បន្ត​ដុតដៃដុតជើង​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​រៀបចំ​ឲ្យ​កិច្ចប្រជុំ​កំពូល​នេះ​ដែល​គេឯង​ទន្ទឹងរង់ចាំ ដំណើរការ​តាម​គម្រោង ខណៈ​ការចំណាយ​សម្រាប់​ជំនួប​នេះ​ក្លាយជា​បញ្ហា​ធំដុំ​ទៅវិញ​។

​បន្ទាប់ពី​សារព័ត៌មាន​អាមេរិក Washington Post ផ្សាយ​ពី​ការ​ត្អូញត្អែរ​ខ្វះខាត​លុយ​របស់​កូរ៉េខាងជើង សិង្ហ​បុរី​ដែលជា​ម្ចាស់ផ្ទះ និង​អង្គការ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​កម្ទេច​អាវុធ​នុយក្លេអ៊ែរ (ICAN) បានប្រកាស​ជំហរ​ចេញថ្លៃ​ចំណាយ​ទាំងអស់​សម្រាប់​ជំនួប​នេះ​។ អង្គការ ICAN ដែលជា​ជ័យលាភី​ណូបែល​ល​សន្តិភាព​ឆ្នាំ​២០១៧ និយាយថា ខ្លួន​មាន​ឆន្ទៈ​ប្រើប្រាស់​លុយ​រង្វាន់​របស់​ខ្លួន​ដើម្បី​ចំណាយ​សម្រាប់​ការ​ស្នាក់នៅ ឬក៏​ទីតាំង​ជំនួប​។​

អត្ថបទទាក់ទង


​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Akira Kawasaki មន្ត្រី​របស់ ICAN ចាត់ទុក​ជំនួប​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​ដែល​មួយ​ជំនាន់​មានតែ​ម្ដង​ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​ពី​ពិភពលោក​។ ដូចនេះ​ទើប​អង្គការ​នេះ​ចង់​ជួយ​ចេញថ្លៃ​រៀបចំ​ដើម្បី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ផង ក៏ដូចជា​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ​ផង​។ សម្រាប់​លោក Kawasaki ការចេញ​ថ្លៃ​ចំណាយ​មិនមែន​សំដៅលើ​បន្ទប់​ទំនើប​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង ឬ​នរណា​ឡើយ​។​

​នៅ​ចុង​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី Ng Eng Hen បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ Shangri-La ថា សិង្ហ​បុរី​ក៏មាន​ឆន្ទៈ​ចេញថ្លៃ​រៀបចំ​ជំនួប​នេះដែរ​ដើម្បី​រួមចំណែក​ដល់​ជោគជ័យ​នៃ​ការជួបគ្នា​លើកទីមួយ​រវាង​លោក ត្រាំ និង​លោក គីម ។ ការចំណាយ​សម្រាប់​ជំនួប​នេះ​មិនទាន់​កំណត់​ច្បាស់​ឡើយ ប៉ុន្តែ​លោក គីម ជុង​អ៊ុន ទាមទារ​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ​ប្រាំ Fullerton នៅ​សិង្ហ​បុរី ហើយ​តម្លៃ​សម្រាប់​កម្រិត​ប្រមុខរដ្ឋ​គឺ​ចាប់ពី ៦០០០​ដុល្លារ​មួយ​យប់​ឯណោះ​។​

​ស្របពេល​ប្រមុខ​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ទាមទារ​ស្នាក់នៅ​សណ្ឋាគារ Fullerton លោក ត្រាំ អាច​នឹង​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​មួយទៀត​គឺ Shangril-La ដែល​បច្ចុប្បន្ន​ជាទី​តាំង​រៀបចំ​កិច្ចប្រជុំ​សន្តិសុខ​ប្រចាំឆ្នាំ​។ ជាមួយគ្នានេះ អាមេរិក និង​កូរ៉េខាងជើង​ក៏​មិនទាន់​កំណត់​ទីតាំង​ជាក់លាក់​ដើម្បី​រៀបចំ​ជំនួប​នេះដែរ ខណៈ​សណ្ឋាគារ​លំដាប់​ទាំងពីរ​នេះ​សុទ្ធតែជា​បេក្ខភាព​បន្ថែម​ពីលើ​វិមាន Istana ដែលជា​ការិយាល័យ និង​និវេសនដ្ឋាន​ប្រធានាធិបតី​សិង្ហ​បុរី​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  សិង្ហ​បុរី​
  ICAN
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com