អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ នឹង​ជួប​លោក គីម ជុង​អ៊ុន នៅ​ម៉ោង​៩​ព្រឹក ក្នុង​សណ្ឋាគារ Capella
06, Jun 2018 , 10:12 am        
រូបភាព
សណ្ឋាគារ Capella របស់សិង្ហបុរីដែលទទួលរៀបចំជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន (រូបភាព Agoda)
សណ្ឋាគារ Capella របស់សិង្ហបុរីដែលទទួលរៀបចំជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន (រូបភាព Agoda)
​ខណៈ​នៅសល់​៦​ថ្ងៃ​ទៀត សេត​វិមាន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទង​ពេលវេលា និង​ទីកន្លែង​ជំនួប​ទល់មុខ​លើកទីមួយ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ជំនួប​នឹង​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា នៅ​កោះ Sentosa មិនមែន​នៅ​សណ្ឋាគារ Shangri-La ឬ Fullerton ឡើយ​។ ជំនួប​ដែល​គេឯង​អន្ទះសា​ចង់ឃើញ​នេះ ទាក់ទាញ​អ្នកសារព័ត៌មាន​ជិត​បី​ពាន់​នាក់​មកពី​ជុំវិញ​ពិភពលោក​។​



​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែមិថុនា នៅ​សណ្ឋាគារ Capella លើ​កោះ Sentosa គឺជា​កាលបរិច្ឆេទ និង​ទីតាំង​ជាក់លាក់​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក​ក្នុង​តំណែង និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​។ នេះ​បើតាម​ការប្រកាស​របស់​លោកស្រី Sarah Sanders អ្នកនាំពាក្យ​សេត​វិមាន​។ ខណៈ​នេះ ការរៀបចំ​ជំនួប​នេះ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន កំពុង​ធ្វើឡើង​យ៉ាង​ញាប់ដៃ​ញាប់ជើង ជាពិសេស​នៅ​សិង្ហ​បុរី​តែម្ដង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​រូបនេះ​បន្តថា ក្រុមមន្ត្រី​ជំនាញ​របស់​សេត​វិមាន​ដូចជា​យោធា សន្តិសុខ បច្ចេកទេស និង​គ្រូពេទ្យ កំពុង​ស្ថិតនៅ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ជាស្រេច​ដើម្បី​រៀបចំ​កិច្ចប្រជុំ និង​បន្ត​នៅ​ស្នាក់នៅ​រហូតដល់​ជំនួប​ចាប់ផ្ដើម​តែម្ដង​។ ក្រៅពីនោះ លោក ត្រាំ ក៏​ទទួល​បានការ​សង្ខេប​ព័ត៌មាន​ស្ដីពី​កូរ៉េខាងជើង​ដោយ​មន្ត្រី​សន្តិសុខ​ជាតិ​របស់លោក​ដែរ​។ នេះ​ទំនង​អាមេរិក​ចង់​តាមដាន​សកម្មភាព​រប​ស់​កូរ៉េខាងជើង នៅពេល​កិច្ចប្រជុំ​ខិតជិត​ដល់​។​

​តាមរយៈ Twitter នៅ​ថ្ងៃទី​៥ ខែឧសភា លោកស្រី Sanders ក៏បាន​អរគុណ​សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ​សម្រាប់​បដិសណ្ឋារកិច្ច​នានា​។ ដោយឡែក​លោក ត្រាំ វិញ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ពី​ក្នុង​បន្ទប់​ពងក្រពើ​នៃ​សេត​វិមាន​ថា ការរៀបចំ​ជំនួប​លើកទីមួយ​រវាង​លោក និង​លោក គីម ដំណើរការ​បានល្អ​មែនទែន ហើយ​ការចរចា​កំពុង​ធ្វើឡើង​។

​នៅឯ​សិង្ហ​បុរី អាជ្ញាធរ​កំពុង​ចាត់ចែង​រៀបចំ​ជំនួប​នេះ​យ៉ាងខ្លាំង​។ កោះ Sentosa ជាទី​តាំងរបស់​សណ្ឋាគា​រ Capella ត្រូវបាន​កំណត់​ជា​តំបន់​សម្រាប់​ព្រឹ​ត្ត​ការណ៍​ពិសេស​ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​៥ ខែមិថុនា រដ្ឋាភិបាល​សិង្ហ​បុរី​ក៏​នឹង​បង្កើន​ការពង្រឹង​សន្តិសុខ​នៅក្នុង​ទីតាំង​ដែល​បានកំណត់​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែមិថុនា​។ ក្រុម​សន្តិសុខ​មាន​សិទ្ធិ​ឆែកឆេរ​យានយន្ត មនុស្ស ហើយ​វត្ថុ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ក៏ត្រូវ​ហាមឃាត់​យក​ចូល​ដែរ​។
​ជាច្រើន​បាន​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត​មួយ​នេះ​អំឡុងពេល​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​។​

​អ្នកសារព័ត៌មាន​ជិត​៣០០០​នាក់ ត្រៀម​យក​ព័ត៌មាន​ជំនួប​ត្រាំ​-​គីម​

​អ្នកសារព័ត៌មាន​ប្រមាណ ៣០០០​នាក់​មកពី​ជុំវិញ​ពិភពលោក នឹងធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី​ដើម្បី​យក​ព័ត៌មាន​ជំនួប​មិន​ធ្លាប់មាន​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Strait Times ។ មជ្ឈមណ្ឌល​ព័ត៌មាន​របស់​កីឡា​ប្រណាំង​ឡាន Formula One ដែល​នៅក្បែរ​ទីតាំង​សម្រាប់​ព្រឹ​ត្ត​ការណ៍​ពិសេស នឹង​ក្លាយជា​ទីតាំង​សម្រាប់​ទទួល​អ្នកសារព័ត៌មាន​ទាំងអស់ ខណៈ​ការរៀបចំ​កំពុង​ធ្វើឡើង​ដូចគ្នា​។​

​កាលពី​ខែ​មុន សិង្ហ​បុរី និង​អាមេរិក​បានប្រកាស​ចុះឈ្មោះ​អ្នកសារព័ត៌មាន​ដែល​ចង់​ចូលរួម​យក​ព័ត៌មាន​នេះ ឯ​សណ្ឋាគារ​នៅ​សិង្ហ​បុរី​ក៏បាន​ត្រៀម​បន្ទប់​សម្រាប់​ទទួលភ្ញៀវ​ដ៏​ច្រើន​នេះដែរ​។ ប្រភពព័ត៌មាន​ដដែល​ផ្សាយ​ថា គ្រាន់តែ​ទូរទស្សន៍​ជប៉ុន NHK មួយ​បាន​កក់​បន្ទប់ និង​សំបុត្រ​យន្តហោះ​សម្រាប់​មនុស្ស​ជាង​១០០​នាក់​ទៅហើយ​។ សារព័ត៌មាន​អង់គ្លេស BBC វិញ​ត្រូវគេ​ជឿថា នឹង​បញ្ជូន​បុគ្គលិក​៨០​នាក់​ទៅ​សិង្ហ​បុរី​ដែរ​។​

​ដោយឡែក មន្ត្រី​ព័ត៌មាន​អមដំណើរ​របស់លោក ត្រាំ ជាប្រចាំ ទំនង​ជាមាន​មជ្ឈមណ្ឌល​ព័ត៌មាន​ដោយឡែក​សម្រាប់​ពួកគេ​។ ជាធម្មតា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន លោក ត្រាំ មាន​ក្រុម​ព័ត៌មាន​ទៅជា​មួយ​ប្រហែល​៥០​នាក់​ទៅ​១០០​នាក់​ឯណោះ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com