អន្តរជាតិ
យន្តហោះ​ចម្បាំង​ចិន​អាច​ហោះ​ការពារ​សុវត្ថិភាព​យន្តហោះ​លោក គីម ទៅកាន់​សិង្ហ​បុរី​
08, Jun 2018 , 2:26 pm        
រូបភាព
លោក គីម ជុងអ៊ុន ជិះក្នុងយន្តហោះពិសេសរបស់ខ្លួន (រូបភាព AFP)
លោក គីម ជុងអ៊ុន ជិះក្នុងយន្តហោះពិសេសរបស់ខ្លួន (រូបភាព AFP)
​ចិន​អាច​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​ហោះ​ការពារ​យន្តហោះ​ពិសេស​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅឯ​សិង្ហ​បុរី​។ មន្ត្រី​យោធា​កូរ៉េខាងត្បូង​និយាយថា ការបញ្ជូន​យន្តហោះ​ចម្បាំង​អមដំណើរ​យន្តហោះ​ដឹក​លោក គីម ជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ចិន និង​កូរ៉េខាងជើង​ចំពោះមុខ​ជំនួប​លើកទីមួយ​រវាង​លោក ត្រាំ និង​លោក គីម ស្ដីពី​កា​រំសាយ​នុយក្លេអ៊ែរ​។​



​ផ្លូវ​ធ្វើដំណើរ​របស់​យន្តហោះ​ពិសេស​នៃ​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ទៅកាន់​សិង្ហ​បុរី មិនត្រូវ​បាន​គេ​ដឹង​ឡើយ​។ ប៉ុន្តែ​លោក គីម អាច​ជ្រើសរើស​ការហោះហើរ​កាត់​ដែនអាកាស​របស់​ចិន​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ជំនួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមិថុនា​។ ដើម្បី​សុវត្ថិភាព ចិន​ក៏​អាច​នឹង​បញ្ចេញ​យន្តហោះ​របស់ខ្លួន​ធ្វើដំណើរ​អម​យន្តហោះ​ពិសេស​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដែរ​សម្រាប់​ការហោះហើរ​ក្នុង​ដែនអាកាស​ខ្លួន​។​

​មន្ត្រី​យោធា​អាកាស​កូរ៉េខាងត្បូង​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា ការហោះ​អមដំណើរ​ប្រមុខរដ្ឋ​បែបនេះ គឺជា​បែបបទ​ពិធីការ​ថ្នាក់ខ្ពស់​បំផុត​មួយ​។ មន្ត្រី​យោធា​ដដែល​នេះ​បន្តថា បើ​ចិន​ពិតជា​ធ្វើបែបនេះ​មែន វា​ក៏​ជា​សញ្ញា​ប្រាប់​អាមេរិក និង​កូរ៉េខាងត្បូង​ថា ខ្លួន​ជា​ខ្នងបង្អែក​រឹងមាំ​របស់​កូរ៉េខាងជើង​ដែរ​។   

​ជុំវិញ​បញ្ហា​នេះដែរ អតីត​អង្គរក្ស​កូរ៉េខាងជើង​ម្នាក់​និយាយ​ដែរ​ថា លោក គីម ទំនងជា​ជ្រើសរើស​ដែនអាកាស​របស់​ចិន​ដើម្បី​រក្សា​សុវត្ថិភាព​របស់ខ្លួន​។ ក្នុងករណីនេះ យន្តហោះ​ពិសេស Chammae-1 របស់លោក គីម នឹង​មានការ​អមដំណើរ​ចាប់ពី​ព្រំដែន​ចិន និង​កូរ៉េខាងជើង រួច​កាត់​តាម​លម្ហ​អាកាស​សមុទ្រ​ចិន​ខាងត្បូង ឯ​សិង្ហ​បុរី​ក៏​ទំនងជា​បញ្ជូន​យន្តហោះ​ខ្លួន​ហោះ​អម​យន្តហោះ​លោក គីម វិញ ពេល​ចូលដល់​ដែនអាកាស​របស់ខ្លួន ដ្បិត​យន្តហោះ​ចម្បាំង​ចិន​គ្មាន​សិទ្ធិ​ចូល​ដែនអាកាស​សិង្ហ​បុរី​ឡើយ​។​

​តាមពិតទៅ មេដឹកនាំ​កូរ៉េខាងជើង​គ្រប់​ជំនាន់​យកចិត្តទុកដាក់​ខ្លាំង​លើ​សុវត្ថិភាព​របស់ខ្លួន​។ ក្នុង​ដំណើរ​ចាក​ឆ្ងាយ​ពី​កូរ៉េខាងជើង​លើក​នេះ លោក គីម ត្រូវ​ជឿថា បាន​បង្កើន​ការពង្រឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន​តាមរយៈ​ការបង្កើន​ចំនួន​អង្គរក្ស និង​ការ​លាក់បាំង​ផ្លូវ​ហោះហើរ​ជាដើម​។ បញ្ហា​នេះ​ក្លាយជា​ការព្រួយបារម្ភ​ខ្លាំង​សម្រាប់​សិង្ហ​បុរី​ដែលជា​ម្ចាស់ផ្ទះ​។ ប្រមុខ​ការទូត​សិង្ហ​បុរី Vivian Balakrishan បាន​ហោះ​ទៅកាន់​ព្យុងយ៉ាង និង​ទំនងជា​ជជែក​ជាមួយ​កូរ៉េខាងជើង​លើ​បញ្ហា​ទាំងនេះ​ឲ្យ​ស្រេចបាច់​។​

​ដោយឡែក ព័ត៌មាន​នៃ​ការធ្វើដំណើរ​របស់លោក ត្រាំ ទៅកាន់​សិង្ហ​បុរី ត្រូវបាន​សេត​វិមាន​បញ្ចេញ​ហើយ​។ លោក ត្រាំ នឹងធ្វើ​ដំណើរ​ត្រង់​ពី​កាណាដា ជាទី​ដែល​ចូលរួម​កិច្ចប្រជុំ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ ឆ្ពោះទៅកាន់​សិង្ហ​បុរី​តែម្ដង​។ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា លោក ត្រាំ នឹង​ចាក​ចេញពី​កាណាដា​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា (​យប់​ថ្ងៃទី​៩ ខែមិថុនា​នៅ​កម្ពុជា​) ក្នុង​ដំណើរ​១៧​ម៉ោង​ទៅ​សិង្ហ​បុរី​៕



Tag:
 ចិន​
  កូរ៉េខាងជើង​
  សិង្ហ​បុរី​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com