ជាតិ
រដ្ឋបាលខេត្តសៀមរាប បំភ្លឺថា ពុំមានការឈូសឆាយតូបក្នុងផ្សារផល្លារាត្រីអង្គរនោះទេ រូបពីរដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺលើករណីផ្សព្វផ្សាយពីការឈូសឆាយផ្សាររាត្រីមួយកន្លែង ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ។ ក្នុងសេចក្តីបំភ្លឺដែលចុះថ្ងៃទី៧ ខែមិថុនា រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា គម្រោងខាងលើជាការព្រមព្រៀងគ្នារវាងម្ចាស់ផ្សារ និងរដ្ឋបាលខេត្តដើម្បីពង្រីកផ្លូវក្នុងក្រុងសៀមរាប។
ក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ពុំមានការឈូសឆាយតូបរបស់អាជីវករក្នុងផ្សារផល្លារាត្រីអង្គរ ដូចការលើកឡើងនោះទេ ដោយគ្រាន់តែធ្វើការបិទផ្លូវទំហំ ៩ម៉ែត្រ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល និងតាមកិច្ចសន្យារបស់ម្ចាស់ដី ជាមួយរដ្ឋបាលខេត្តតែប៉ុណ្ណោះ។ តាមរដ្ឋបាលខេត្តសៀមរាប គម្រោងបើកផ្លូវនេះគឺសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ហើយទីតាំងនោះជាផ្លូវចាស់ មុនកកើតផ្សាររាត្រីខាងលើ។
ក្នុងសេចក្តីបំភ្លឺដដែល រដ្ឋបាលខេត្តសៀមរាប បានរៀបរាប់ពីសាវតានៃដើមរឿងខាងលើ ដោយថា កាលពីដើមឡើងទីតាំងក្បាលដីលេខ ៤៤៨ និង៦៣៩ មានម្ចាស់ឈ្មោះ ប៉ិល ហូលី បច្ចុប្បន្នជាផ្សាររាត្រី ជាទួលកប់ខ្មោច ដែលមានឈ្មោះថា គោកកុមារ។ នៅឆ្នាំ១៩៧៩ ដីនេះកាន់កាប់ដោយឈ្មោះ ជា សុផល ត្រូវបានស្នើសុំចុះបញ្ជីដីធ្លីជាលក្ខណៈដាច់ដោយដុំ ហើយម្ចាស់ដីបានបិទផ្លូវដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់កន្លងមក ទើបធ្វើឱ្យមានការប្ដឹងតវ៉ា។ រហូតដល់ឆ្នាំ២០១០តំបន់ខាងលើត្រូវបានប្រកាសជាតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយគណៈកម្មការរដ្ឋបាលសម្រេចបើកផ្លូវ៩ម៉ែត្រ ចាប់ពីក្បាលដីផ្សាររាត្រី រហូតដល់ផ្លូវព្រំប្រទល់ភូមិស្ទឹងថ្មី ក្នុងបំណងបញ្ចៀសចរាចរណ៍ និងបង្ការគ្រោះហានិភ័យផ្សេងៗ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបង្ហាញនូវកិច្ចសន្យាដាច់ដោយឡែកមួយទៀត ដែលបង្ហាញថា ម្ចាស់ផ្សារខាងលើគឺមានលោក ប៉ិល ហូលី និងភរិយាឈ្មោះ ភុំ ផល្លា បានក្បត់កិច្ចសន្យារបស់ខ្លួន។ ក្នុងកិច្ចសន្យានោះ ម្ចាស់ដីបានឯកភាពយល់ព្រមតាមគម្រោងបើកផ្លូវ៩ម៉ែត្រ និងសន្យាប្រគល់ប្រលោះដីដែលត្រូវធ្វើផ្លូវឱ្យអាជ្ញាធរវិញ ក្រោយខ្លួនបានសង់តូបលក់វត្ថុអនុស្សាវរីយ៍កាលពីឆ្នាំ២០១៦។
ពាក់ព័ន្ធនឹងករណីនេះ លោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា ខេត្តគ្រាន់តែចង់ឱ្យសាធារណជនទាំងអស់យល់ពីរឿងរ៉ាវខាងលើ គឺមិនដូចអ្វីដែលលោក ផែង វណ្ណៈ បង្ហោះក្នុងហ្វេសប៊ុករបស់លោក ថាអាជ្ញាធរចង់ឈូសតូបរបស់អាជីវករទាំងនោះទេ។ លោក លី សំរិទ្ធ បញ្ជាក់ថា ខេត្តក៏គ្មានបំណងប្ដឹងលោក ផែង វណ្ណៈនោះដែរ គ្រាន់តែចង់ឱ្យលោកយល់ពីបញ្ហាខាងលើនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com