អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ និង​លោក គីម ទៅដល់​សិង្ហ​បុរី​នៅ​ស្អែក មុន​ជួប​តទល់​ជជែក​រឿង​នុយក្លេអ៊ែរ​
09, Jun 2018 , 2:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ទៅដល់​សិង្ហ​បុរី​នៅ​ថ្ងៃទី​១០ ខែមិថុនា ដើម្បី​ត្រៀម​ជួប​តទល់​គ្នា​នៅ​ដើម​សប្ដាហ៍​ក្រោយ​ក្នុងការ​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ អាជ្ញាធរ​សិង្ហ​បុរី ដែលជា​ម្ចាស់ផ្ទះ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ បាន​ពង្រឹង​សន្តិសុខ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ទីតាំង​នៃ​ជំនួប និង​សណ្ឋាគារ​ដែល​មេដឹកនាំ​ទាំងពីរ​ស្នាក់នៅ​។ ប៉ុន្តែ​គេ​នៅតែ​មិនទាន់​ដឹង​ពី​កន្លែង​ស្នាក់នៅ​ពិតប្រាកដ​របស់លោក ត្រាំ និង​លោក គីម ឡើយ​។​

 
​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នឹងត្រូវ​ជួប​មុខ​គ្នា​ជា​លើកដំបូង​នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa របស់​សិង្ហ​បុរី​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន រំពឹងថា នឹង​ទៅដល់​សិង្ហ​បុរី​មុន​ជំនួប​ពីរ​ថ្ងៃ​ឯណោះ​។ ក្រោម​ហេតុផល​សន្តិសុខ ពេលវេលា​ជាក់លាក់​នៃ​ការធ្វើដំណើរ​របស់លោក គីម មិន​ត្រូវបាន​ទម្លាយ​ឡើយ តែ​ខាង​អាមេរិក​មាន​ព័ត៌មាន​លម្អិត​ខ្លះ​។​
 
​សម្រាប់​ការធ្វើដំណើរ​លោក ត្រាំ យន្តហោះ​ពិសេស Air Force One ទំនង​ចុះចត​នៅ​មូលដ្ឋាន​យោធា​អាកាស​របស់​សិង្ហ​បុរី​នៅ​យប់​ថ្ងៃទី​១០ ខែមិថុនា​។ មន្ត្រី​សេត​វិមាន​បានប្រកាស​រួចហើយ​ថា លោក ត្រាំ នឹង​ចាក​ចេញពី​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ នៅ​កាណាដា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា (​ម៉ោង​នៅ​កាណាដា​) រួច​បន្តដំណើរ​ដោយផ្ទាល់​ទៅកាន់​សិង្ហ​បុរី​តែម្ដង​។ ការធ្វើដំណើរ​ពី​កាណាដា​ទៅ​សិង្ហ​បុរី ត្រូវ​ចំណាយពេល​ជាង​១៧​ម៉ោង​ឯណោះ​។​
 
​ចំណែក​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏ត្រូវ​រាយការណ៍​ថា នឹង​ទៅដល់​រដ្ឋ​អាស៊ាន​មួយ​នេះ​នៅ​ថ្ងៃទី​១០ ខែមិថុនា​ដូចគ្នា​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​ថា យន្តហោះ​របស់លោក គីម នឹង​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Changi ។ ប្រមុខ​ដឹកនាំ​របប​ក្រុង​ព្យុងយ៉ាង​រូបនេះ​ទំនងជា​ប្រើប្រាស់​យន្តហោះ​ពិសេស Chammai-1 ដែល​លោក​ធ្លាប់បាន​ជិះ​ទៅកាន់​ចិន​កន្លងមក​។​
 
​ក្នុង​ដំណើរ​ទៅ​សិង្ហ​បុរី​លើក​នេះ យន្តហោះ​របស់​មេដឹកនាំ​កូរ៉េខាងជើង​នឹង​ប្រើប្រាស់​ដែនអាកាស​របស់​ចិន​។ គេ​ឃើញ​មាន​សេចក្ដីរាយការណ៍​ថា ចិន​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​ហោះ​អម​ការពារ​យន្តហោះ​លោក គីម ផងដែរ​។ ការប្រើប្រាស់​ដែនអាកាស​ចិន និង​វត្តមាន​យន្តហោះ​ចិន ពិតជា​ធានាបាន​សុវត្ថិភាព​ពី​ការគំរាមកំហែង​នានា​ក្នុងពេល​ធ្វើដំណើរ ព្រោះ​លោក គីម បារម្ភ​ខ្លាំង​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​លោក​។   
 
​ជុំវិញ​ការ​ស្នាក់​វិញ លោក ត្រាំ ទំនងជា​ជ្រើស​រើសយក​សណ្ឋាគារ​ផ្កាយ​៥ Shangri-La ព្រោះ​ជា​សណ្ឋាគារ​ប្រណីត និង​ធ្លាប់​ទទួល​ស្វាគមន៍​មេដឹកនាំ​អាមេរិក​ច្រើន​ផង​។ ចំណែកឯ​លោក គីម វិញ ទំនងជា​ស្នាក់នៅ​សណ្ឋាគារ St Regis ។ សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅ​បរិវេណ​សណ្ឋាគារ​ទាំងពី​រ​នេះ​។ មុននេះ​លោក គីម ត្រូវគេ​ជឿថា ចង់​ស្នាក់នៅ​សណ្ឋាគារ Fullerton ដែលមាន​តម្លៃ​ថ្លៃ ប៉ុន្តែ​បែរជា​ស្នើ​រក​អ្នក​ចេញថ្លៃ​ឲ្យ​ទៅវិញ​៕ 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com