អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ថៃ ៖ តំណាងរាស្ត្រ​ដែល​ដេក​លង់លក់​ក្នុងសម័យ​ប្រជុំ នឹង​គ្មាន​អនាគត​ទេ
09, Jun 2018 , 10:59 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ជាមួយនឹង​សមាជិកសភា​ថៃ​មួយចំនួន​ដែល​បាន​ដេក​លង់លក់​ក្នុងពេល ដែល​សភា​កំពុងតែ​អនុម័ត​ច្បាប់​សំខាន់​របស់​ប្រទេស​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រមាន​ដាក់​បញ្ជីខ្មៅ​ដល់​តំណាងរាស្ត្រ​ទាំងនោះ​សម្រាប់​ការបំពេញ​តួនាទី​នេះ​នាពេល​អនាគត​។


​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​៨ ឧសភា បាន​ឲ្យ​ដឹងថា លោក បាន​ជជែក​ជាមួយនឹង​ប្រធានសភា​ថៃ ដើម្បី​ឲ្យ​ប្រមុខ​ស្ថាប័ន​សភាជាតិ ព្រមាន​ដល់​តំណាងរាស្ត្រ​ទាំងអស់​កុំ​ឲ្យ​ដេក​នៅក្នុង​ពេលដែល​កំពុង​តែ​ប្រជុំ​។ លោកនាយក​រដ្ឋមន្ត្រី អះអាងថា​លោក ពិតជា​អន់ចិត្ត​ជាខ្លាំង​នៅពេល​ឃើញ​រឿង​បែបនេះ​កើតឡើង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ Bangkok Post​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​ផ្ញើ​សារ​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖« មិន​ថា​សមាជិកសភា​ណាក៏ដោយ ដែល​ដេក​ក្នុងពេល​ម៉ោង​ធ្វើការ នឹងមិន​ត្រូវបាន​ជ្រើសរើស​សម្រាប់​បំពេញការងារ​នាពេល​អនាគត​ឡើយ​។ ហើយ​ប្រសិនបើ​ចង់​ដេក គួរតែ​ទៅ​ដេក​នៅផ្ទះ​ទៅ​»​។ 
 
​ជាមួយនឹង​ការព្រមាន និង​ស្តីបន្ទោស​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​ថ្លែង​ហួសចិត្ត​ចំពោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែលមាន​ការចាប់អារម្មណ៍​ជ្រុល​ទៅនឹង​រឿងនេះ ខណៈ​មិនសូវ​អើពើ​លើ​ការអនុវត្ត​ច្បាប់​ពាក់​ព័​ន្ធឹ​នឹង​ថវិកា​ទៅវិញ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ប្រតិកម្ម​របស់​ប្រមុខ​របប​សឹក​ថៃ​រូបនេះ ធ្វើឡើង​បន្ទាប់ពី​រូបភាព​ដេក​លង់លក់​ក្នុងពេល​ប្រជុំ​អនុម័ត​ច្បាប់​គ្រប់​គ្រង់​ថវិកា​ប្រចាំ​របស់​សមាជិកសភា​ថៃ​មួយចំនួន​ត្រូវបាន​បង្ហោះ និង​ចែករំលែក​ក្នុង​បណ្តាញ​សង្គម​ជាច្រើន​៕ 

Tag:
 ​ថៃ​
  អាស៊ាន​
  តំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com