ជាតិ
សម្តេច ហ៊ុន សែន នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំកំពូល CLMV ដែលរៀបចំនៅប្រទេសថៃ សម្តេច ហ៊ុន សែន ចាប់ជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតប្រទេសថៃ។ រូបពីទំព័រហ្វេសបុករបស់សម្តេច ហ៊ុន សែន
× កម្ពុជា-ថៃ ត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅប្រទេសថៃ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២១០៨។
បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន គឺស្របពេលជាមួយកិច្ចប្រជុំកំពូលលើកទី៨ របស់ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ហើយប្រមុខរដ្ឋាភិបាលកម្បុជា នឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលលើកទី៩ របស់ CLMV (Cambodia-Lao PDR-Myanmar and Vietnam) ដែលប្រព្រឹត្តឡើង នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២១០៨ ក្នុងប្រទេសថៃ ។
ព្រឹកថ្ងៃទី៧ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Panyarak Poolthup ឯកអគ្គរាជទូតប្រទេសថៃ បានពិភាក្សាគ្នា អំពីការរៀបចំ សម្រាប់អញ្ជើញចូលរួមរបស់ សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសថៃ នាពេលខាងមុខ។
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបខាងលើ បានឲ្យដឹងថា លោក ប្រាក់ សុខុន និង លោក Panyarak Poolthup ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើផ្នែកទំនាក់ទំនងនយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកអប់រំ នៅក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ប្រភពដដែល បានបញ្ជាក់ថា ផ្នែកពាណិជ្ជកម្ម រវាងប្រតិបត្តការប្រទេសទាំងពីរ មានការកើនឡើងយ៉ាងឆាប់រហ័សនូវបរិមាណនៃការផ្លាស់ប្តូរពាណិជ្ជកម្ម រហូតជាង ៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧៕
Tag:
ឯកអគ្គរាជទូត
ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com