ជាតិ
រឿង​អតីត​សង្ឃ​៖ នាយករដ្ឋមន្ត្រី​ព្រមាន​លោក ផែង វណ្ណៈ និង​លោក ខ​ណ្ឌ័​ច័ន្ទ​សុផល
11, Jun 2018 , 10:52 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ព្រឹក​ថ្ងៃទី​១១ មិថុនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តីបន្ទោស​លោក ផែង វណ្ណៈ និង​លោក ខ​ណ្ឌ័ ច័ន្ទ​សុផល ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងការ​វែកញែក​រក​ហេតុផល លើ​រឿង​បញ្ហា​ដែល​កើតឡើង​ក្នុងសង្គម​។​



​រឿង​ដែល​លោក ផែង វណ្ណៈ និង​លោក ខ​ណ្ឌ័ ច័ន្ទ​សុផល បាន​វែកញែក​តាមរយៈ​ការផ្សាយ​ផ្ទាល់​ជា​វីដេអូ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ល្បី​ដល់​សម្ដេច ហ៊ុន សែន នោះ គឺ​ករណី​ផ្ទុះ​រឿងអាស្រូវ​របស់​អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្តបន្ទាយមានជ័យ កាលពីពេល​ថ្មីៗ​នេះ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​បុគ្គល ផែង វណ្ណៈ និង ខ​ណ្ឌ័ ច័ន្ទ​សុផល ជា​ក្រុម​បង្ករឿង​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ។ បង្ករឿង​ត្រង់​ថា បុគ្គល​ទាំងពីរ បាននាំគ្នា​ទៅ​សម្ភាស​ភាគី​សាមីខ្លួន​ម្ខាងៗ  ដើម្បី​ឲ្យ​ចេញមុខ​បកស្រាយ​វាយប្រហារ​គ្នា​ទៅវិញទៅមក​។ សម្រាប់​សម្ដេច ហ៊ុន សែន សកម្មភាព​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​របស់លោក ផែង វណ្ណៈ និង​លោក ខ​ណ្ឌ័ ច័ន្ទ​សុផល ជា​ទង្វើ​ដែល​កំពុង​ខុសឆ្គង និង​បំពុលបរិយាកាស​ក្នុងសង្គម​។​

សូមស្ដាប់សំឡេងសម្ដេច ហ៊ុន សែន៖



​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល បានស្នើ​ឲ្យ​បុគ្គល​ទាំងពីរ បញ្ឈប់​សកម្មភាព​ផ្សាយ​វីដេអូ និយាយ​ពី​រឿង​ណា ដែល​មិនទាន់​ដឹង​ហេតុផល​ច្បាស់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ល្អក់កករ​នៅក្នុង​សង្គម ជាពិសេស​ដូច​ករណី​រឿងអាស្រូវ​របស់​ព្រះសង្ឃ​ជាដើម​។ ហើយ​បើ​បុគ្គល​ទាំងពីរ​ខាងលើនេះ មិន​បញ្ឈប់​សកម្មភាព​ខ្លួន​ទេ ពួកគេ ក៏​​ប្រឈមមុខ នឹង​ការដេញ​ពី​ជួរ​យោធា​ផងដែរ​។ នេះ​ជាការ​ព្រមាន​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា បុគ្គល ផែង វណ្ណៈ បាន​បកស្រាយ​ខុស ក្នុង​រឿង​ផ្លូវ​នៅ​ខេត្តសៀមរាប ហើយ​ក៏បាន​សុំទោស​សម្ដេចម្ដងរួចហើយ ចំពោះ​ទង្វើ​របស់គេ នៅពេល​និយាយ​តាម​ទូរ​សព្ទ​ជាមួយ​សម្ដេច កាលពីពេល​ថ្មីៗ​នេះ​។​

​ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​លោក ផែង វណ្ណៈ បាន​ទៅ​សម្ភាស​អតីត​សង្ឃ ស្រិល វណ្ណា ឲ្យ​បកស្រាយ​ពី​រឿង​ខ្លួន និង​នារី​ម្នាក់ ដែល​បង្ហោះ​វីដេអូ​រឿងអាស្រូវ​ផ្ទុះឡើង ខណៈ​លោក ខ​ណ្ឌ័ ច័ន្ទ​សុផល មានចិត្ត​ទោរទន់​ទៅ​ភាគី​ខាង​ស្រី​នោះ បាន​ទៅ​សម្ភាស​សាមីខ្លួន​ជនរងគ្រោះ ឲ្យ​បកស្រាយ​វាយប្រហារ​មកលើ​អតីត​សង្ឃ​វិញ​។ បើតាម​សម្ដេច ហ៊ុន សែន សកម្មភាព​បុគ្គល​ល្បី​លើ​ហ្វេ​ស​ប៊ុ​ក​ទាំងពីរ​នេះ កើតឡើង​ដោយសារតែ​ពួកគេ ធ្លាប់មាន​បញ្ហា​ទាស់ចិត្ត​គ្នា នាពេល​កន្លងមក ទើប​បង្ក​ឲ្យ​មាន​បញ្ហា​ល្អក់កករ​បែបនេះ​៕


Tag:
 ហ៊ុន សែន​
  ផែង វណ្ណៈ​
  ខ​ណ្ឌ័ ច័ន្ទ​សុផល​
  ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com