កីឡាជាតិ
ជាតិ
រកបាន​៦​គ្រាប់​តែម្នាក់ឯង​ឲ្យ​អាស៊ី​អឺរ៉ុប​កាលពី​ថ្ងៃអាទិត្យ នាំ​ឲ្យ Privat ឡើង​កំពូល​តារាង Top Scorers
11, Jun 2018 , 4:37 pm        
រូបភាព
ខ្សែប្រយុទ្ធកាមេរូន Privat (អាវខៀវ)យកដើមទ្រូងទៅទប់បាល់ ដើម្បីគ្រប់គ្រងពីការដណ្តើមរបស់កីឡាករវេស្ទើន
ខ្សែប្រយុទ្ធកាមេរូន Privat (អាវខៀវ)យកដើមទ្រូងទៅទប់បាល់ ដើម្បីគ្រប់គ្រងពីការដណ្តើមរបស់កីឡាករវេស្ទើន
ដោយ:
​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Befolo Mbarga Jean Marie Privat សម្រេចបាន​៦​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ ៦-១ របស់​អាស៊ី​អឺរ៉ុប​លើ​វេ​ស្ទើ​ន​ភ្នំពេញ នា​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ ៦​គ្រាប់​នេះ​ជួយ​ឲ្យ Privat ឡើងទៅ​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ណាហ្គា​វើ​ល​បាន​យកឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ ៤-២ រីឯ​ក្រសួងការពារជាតិ​លត់​អគ្គិសនី​កម្ពុជា ៤-០​។​



​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Befolo Mbarga Jean Marie Privat របស់​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប បាន​ឡើងទៅ​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាន​ច្រើនជាងគេ​ជា​បណ្តោះអាសន្ន ក្រោយ​៩​ប្រកួត​រូបគេ​សម្រេចបាន​១៣​គ្រាប់​។ ការឡើង​ឈរលើ​ខ្សែប្រយុទ្ធ​របស់​បឹងកេត Oiboh Julius  និង Maycon ដែល​រកបាន​ម្នាក់​៨​គ្រាប់​នេះ បន្ទាប់ពី​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន​រូបនេះ រកបាន​៦​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​អាស៊ី​អឺរ៉ុប​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៦-១ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។​

​ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប​រំកិល​ចំណាត់ថ្នាក់​ពី​លេខ​៩​ឡើងទៅ​ឈរ​លេខ​៧​ក្នុង​សប្តាហ៍​ទី​៩​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​បូ​ឌា​ន​លី​គ ដោយមាន​១២​ពិន្ទុ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជួយ​ឲ្យ​ក្រុម​នេះ​រក្សា​គម្លាត​កាន់តែ​ឆ្ងាយ​ពី​តំ​បត់​ក្រហម ដែល​ត្រូវ​កាត់​ចេញពី​ក្របខណ្ឌ​កំពូល​ទៀតផង​។​

​នា​ការប្រកួត​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប កីឡាករ Privat បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​នៅត្រឹម​១​នាទី​ដំបូង​នៃ​តង់​ទី​១​។ បន្ទាប់មក​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន​រូបនេះ សម្រេចបាន​៥​គ្រាប់​បន្ថែម​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​២៩, ៣៩, ៥៩, ៦៣ និង​៧៣ មុន​កីឡាករ សឿង បញ្ញា សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ៦-១ នៅ​នាទី​ទី​៧៨ ហើយក៏​ជា​គ្រាប់​បាល់​ចុងក្រោយ​ផងដែរ​។



​នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ៤-២ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៩​មាន​២២​ពិន្ទុ ដោយ​ក្រោម​ក្រុម​កំពូល​តារាង​បឹងកេត តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ កីឡាករ Zogbe Gbayoro Anderson សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ណាហ្គា​វើ​ល​នៅ​២០​នាទី​ដំបូង​នៃ​តង់​ទី​១ មុន​កីឡាករ Bisan George បន្ថែម​១​គ្រាប់​ទៀត​នៅ​៨​នាទី​បន្ទាប់​។ បន្ទាប់មក​នៅ​នាទី​ទី​៤៤ កីឡាករ Rhoda Matthew Kenneth រក​គ្រាប់​បាល់​តាម​ពីក្រោយ ២-១ សម្រាប់​ប៉ូលិស មុន សារី ម៉ាត់​ណូ​រ៉ូ​ទីន សម្រេច​គ្រាប់​ទី​៣​សម្រាប់​ណាហ្គា​វើ​ល​នៅ​នាទី​ទី​៥០​។

​កីឡាករ អ៊ុ​ល រ៉ាវី បានសម្រេច​គ្រាប់​ទី​២​សម្រាប់​ប៉ូលិស​នៅ​នាទី​ទី​៦១ ដើម្បី​តាម​ពីក្រោយ​ក្នុង​លទ្ធផល ៣-២ តែ​នៅ​នាទី​ទី​៧៥ ខ្សែប្រយុទ្ធ Bisan George បានសម្រេច​គ្រាប់​ទី​៤​សម្រាប់​ណាហ្គា​វើ​ល ដើម្បី​នាំ​ជ័យជម្នះ ៤-២​។

​ដោយឡែក នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​បាន​លត់​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-០ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤ ដោយមាន​១៥​ពិន្ទុ​។ ជ័យជម្នះ​នេះ សម្រេច​ដោយ​កីឡាករ ភួង សុខ​សា​ណា ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​១​គ្រាប់​ដោយ រ៉ឹង ប៊ុន​ហៀ​ង និង Na Hyosung​។

​សម្រាប់​សប្តាហ៍​ទី​៩​នេះ បឹងកេត​ឈរ​កំពូល​តារាង​មាន​២៣​ពិន្ទុ​, ណាហ្គា​វើ​ល​ឈរ​លេខ​២​មាន​២២​ពិន្ទុ​, វិសាខា​ឈរ​លេខ​៣​មាន​១៩​ពិន្ទុ​, ក្រសួងការពារជាតិ​ឈរ​លេខ​៤​មាន​១៥​ពិន្ទុ​, ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​៥​មាន​១៤​ពិន្ទុ​, ប៉ូលិស​ឈរ​លេខ​៦​មាន​១៤​ពិន្ទុ​,  អាស៊ី​អឺរ៉ុប​ឈរ​លេខ​៧​មាន​១២​ពិន្ទុ​, ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​លេខ​៨​មាន​១១​ពិន្ទុ​, អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​៩​មាន​១១​ពិន្ទុ​, សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​១០​មាន​៨​ពិន្ទុ​, អគ្គិសនី​កម្ពុជា​ឈរ​លេខ​១១​មាន​៤​ពិន្ទុ និង​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​បាត​តារាង​គ្មាន​១​ពិន្ទុ​៕  
 

Tag:
 Cambodian League 2018
  អាស៊ី​អឺរ៉ុប​
  Befolo Privat Mbarga
© រក្សាសិទ្ធិដោយ thmeythmey.com