កីឡាជាតិ
ជាតិ
ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ឆ្នាំនេះ​ផ្លាស់ប្តូរ​ផ្លូវ​រត់ ហើយ​ពេលនេះ មាន​អ្នក​ចុះឈ្មោះ​ជាង​៣​ពាន់​នាក់​
12, Jun 2018 , 10:59 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ ដែល​រៀបចំឡើង​ដើម្បី​អបអរ​ពិធី​បុណ្យចម្រើនព្រះជន្ម​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ផ្លាស់ប្តូរ​ផ្លូវ​រត់​មួយចំនួន​នៅ​ឆ្នាំនេះ ពោលគឺ​គ្មាន​ការរត់​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា​ទៅកាន់​ត្រើយម្ខាង​នោះទេ​។ គិត​ត្រឹម​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជាង​៣​ពាន់​នាក់ មកពី​ជាង​៣០​ប្រទេស​។ ការចុះឈ្មោះ​ចូលរួម​បន្ត​រហូត​ជិត​ដល់​ថ្ងៃ​ប្រកួត ខណៈ​ថ្នាក់ដឹកនាំ​រំពឹងថា ឆ្នាំនេះ​អាច​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជាង​៤​ពាន់​នាក់​។​



​អ្នកចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ​ឆ្នាំនេះ នឹងមិន​បាន​រត់​លើផ្លូវ​តាម​ទន្លេ​នៃ​ត្រើយម្ខាង​ឡើយ បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​ផ្លាស់​ផ្លូវ​រត់​មួយចំនួន ដោយ​បង្វែរ​ឲ្យ​រត់​តែ​លើផ្លូវ​ក្នុង​ទីក្រុង​តែប៉ុណ្ណោះ​។ ការផ្លាស់ប្តូរ​នេះ គឺ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ម្តុំ​រង្វង់​មូល​ជ្រោយចង្វា បន្ទាប់ពី​ស្ពាន​ជ្រោយចង្វា​មិត្តភាព​កម្ពុជា​-​ជប៉ុន​បាននិងកំពុង​ជួសជុល​។ នេះ​បើ​យោងតាម លោក សែម ផល្លា នាយក​ប្រតិបត្តិ​ព្រឹត្តិការណ៍​មា​រ៉ា​តុ​ន និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិនៃក្រសួងទេសចរណ៍​។

​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ អត្ត​ព​លិ​ក​ទាំងអស់​ចេញដំណើរ​នៅមុខ​ព្រះបរមរាជវាំង​តាម​បណ្តោយ​ផ្លូវ​សុធារស​ឆ្ពោះទៅកាន់​ផ្សារ​ទំនើប​អ៊ី​អន​រួច​បណ្តដំណើរ​ទៅកាន់​ស្តុ​ប​ចម្ការមន​។ បន្ទាប់មក​ធ្វើដំណើរ​តាមផ្លូវ​នរោត្តម​កាត់​វិមានឯករាជ្យ​ឆ្ពោះទៅកាន់​វត្តភ្នំ រួច​រត់តាម​ផ្លូវ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៅកាន់​រង្វង់​មូល​ជ្រោយចង្វា បន្ទាប់មក​បត់​ស្តាំ​ស្រប​ស្ពាន​ជ្រោយចង្វា​មិត្តភាព​កម្ពុជា​-​ជប៉ុន រួចហើយ​បត់​ស្តាំ​បន្តដំណើរ​តាមផ្លូវ​មាត់ទន្លេ​ឆ្ពោះ​ទៅ​កាន់​កោះ​ពេជ្រ​។ អត្ត​ព​លិ​ក​ទាំងនោះ​ត្រូវ​រត់​ក្រឡឹង​កោះ​ពេជ្រ​ពីរ​ជុំ បន្ទាប់មក​ចេញពី​ទី​នោះមក​បញ្ចប់​ទី​នៅមុខ​ព្រះបរមរាជវាំង​វិញ​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ហាក់​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការផ្លាស់ប្តូរ​ផ្លូវ​រត់​នៅ​ឆ្នាំនេះ ដោយ​លោក​យល់ថា ការផ្លាស់ប្តូរ​នេះ​អាចមាន​ផលប៉ះពាល់​មួយចំនួន​ដល់​អ្នករត់ ពិសេស​អត្ត​ព​លិ​កប​រទេស​។ «​វា​អាចមាន​បញ្ហា​ខ្លះៗ​សម្រាប់​ការផ្លាស់ប្តូរ​ផ្លូវ​រត់​នេះ ព្រោះ​អត្ត​ព​លិ​ក​យើង​ពិសេស​បរទេស​ដែល​ធ្លាប់តែ​រត់តាម​ផ្លូវ​មុនៗ អាចមាន​ភាពស្រពេចស្រពិល​។ តែ​យ៉ាង​យើង​បាន​ផ្តល់ព័ត៌មាន​ពី​ការផ្លាស់ប្តូរ​នេះ ទៅ​ពួកគាត់​រួចហើយ​»​។ នេះ​ជា​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។

​ជាមួយគ្នានេះ លោក​ក៏បាន​ស្នើ​ឲ្យ​អ្នកចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ​លើក​ទី​៨ នា​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ យោគយល់​ចំពោះ​ការផ្លាស់ប្តូរ​នេះ​ផងដែរ​។ ទន្ទឹមនឹងនេះ លោក​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​មន្ត្រីរាជការ​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​ថវិកា​ដែល​បាន​ពី​ការចុះឈ្មោះ នឹង​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​ក្រៅពី​គោលបំណង​ស្វែងរក​មូលនិធិ​សប្បុរសធម៌ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង ដើម្បី​អបអរ​ពិធី​បុណ្យចម្រើនព្រះជន្ម​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​យុវជន​ឲ្យ​ចេះ​ស្រលាញ់​បរិស្ថាន ក្នុងន័យ​ជំរុញ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​បរិស្ថាន​ស្អាត​និង​បៃតង​។ ពាក្យស្លោក​«​រាជធានី​ស្អាត​និង​បៃតង​»​នេះ នឹង​ប្រើ​រហូតដល់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​។

​គិត​ត្រឹម​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ អត្ត​ព​លិ​កជាង​៣​ពាន់​នាក់​មកពី​៣៩​ប្រទេស​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ លោក វ៉ា​ត់ ចំរើន រំពឹងថា ឆ្នាំនេះ​អាច​ទាក់ទាញ​អត្ត​ព​លិ​កជាង​៤​ពាន់​នាក់​ឲ្យ​ចូលរួម ខណៈ​ការចុះឈ្មោះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ពោលគឺ​ក្រោយ​១​ថ្ងៃ​នៃ​ការប្រកួត​។ ចំនួន​នេះ​មាន​កើនឡើង​តិចតួច​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ប្រមាណ​ជា​៤​ពាន់​នាក់​។​

​ពាក់ព័ន្ធ​ការកើនឡើង​តិចតួច​នៃ​ចំនួន​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នេះដែរ លោក វ៉ា​ត់ ចំរើន បានដាក់​បន្ទុក​ធ្ងន់​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​ផ្លូវ​រត់​ក្នុង​ទីក្រុង​ភ្នំពេញ​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​។ ហើយ​បញ្ហា​នេះ ក៏​កត្តា​រាំងស្ទះ​ក្នុង​ការវិវត្ត​ព្រឹត្តិការណ៍​នេះ​ទៅជា​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ​ដែរ​។ ម្យ៉ាងទៀត ក្នុង​ខែមិថុនា​នេះ មាន​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​។ អគ្គលេខាធិការ​រូបនេះ​បាន​បញ្ជាក់ថា អ្នករត់​ម្នាក់​មិនអាច​ចូលរួម​រត់​ម៉ារ៉ាតុន ឬ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ពីរដង​ក្នុង​រយៈពេល​៣​ខែ​បានទេ ពោលគឺ​យ៉ាងហោចណាស់​ត្រូវការ​ពេល​៦​ខែ​ទើប​អាច​ចូលរួម​ម្តងទៀត​បាន​។

​អត្ត​ព​លិកខា​ង​លើ​ត្រូវ​ប្រកួតប្រជែង​លើ​៣​ប្រភេទ​វិញ្ញាសា គឺ​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​។ សម្រាប់​តម្លៃ​ចុះឈ្មោះ​ចូលរួម​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​បរទេស​៤០​ដុល្លារ រីឯ​កម្ពុជា​១៥​ដុល្លារ​, វិញ្ញាសា​១០​គីឡូម៉ែត្រ​បរទេស​៣០​ដុល្លារ ខណៈ​កម្ពុជា​១០​ដុល្លារ និង​វិញ្ញាសា​៣​គីឡូម៉ែត្រ​បរទេស​១០​ដុល្លារ និង​កម្ពុជា​៥​ដុល្លារ​៕    


Tag:
 ពាក់កណ្តាល​ម៉​រ៉ា​តុ​ន​អន្តរជាតិ​ភ្នំពេញ​
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com