អន្តរជាតិ
ត្រាំ ប្រកាស​ផ្អាក​សមយុទ្ធ​យោធា​នៅ​ឧបទ្វីប​កូរ៉េ ធ្វើ​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​ស្រឡាំងកាំង
13, Jun 2018 , 11:45 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមិថុនា បានផ្ដល់​សម្បទាន​ដ៏​ធំ​ឲ្យ​កូរ៉េខាងជើង ដោយបាន​ប្រកាស​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​។ ការកាត់បន្ថយ​ចំណាយ និង​ការបញ្ចៀស​ទង្វើ​បង្ករឿង ជា​មូល​ហេតុដែល​លោក ត្រាំ ប្រើ​ដើម្បី​ផ្អាក​ល្បែង​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។ ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​នេះ ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន​ស្រឡាំងកាំង ហើយ​ហាក់​ដើរ​ផ្ទុយ​ពី​ជំហរ​របស់​ក្រសួងការពារជាតិ​អាមេរិក​ផងដែរ​។​



​ក្រោយ​ជំនួប​ទល់មុខ​លើកទីមួយ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅឯ​សិង្ហ​បុរី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្រាប់តែ​ប្រកាស​បញ្ឈប់​សមយុទ្ធ​យោធា​ដែល​តែងតែ​ធ្វើ​រៀងរាល់ឆ្នាំ​នៅ​ឧបទ្វីប​កូរ៉េ​។ សមយុទ្ធ​ទាំងនេះ​ជាមាន​គោលដៅ​ពង្រឹងសមត្ថភាព​របស់​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង ព្រមទាំង​សាកល្បង​ការត្រៀម​ប្រយុទ្ធ​ផង ប៉ុន្តែ​កូរ៉េខាងជើង​ចាត់ទុក​ជាការ​សកម្មភាព​ឈ្លានពាន​ខ្លួន​។

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១២ ខែមិថុនា លោក ត្រាំ និយាយថា អាមេរិក​នឹង​ផ្អាក​សមយុទ្ធ​យោធា​ដែល​ជួយ​សន្សំ​លុយ​បាន​យ៉ាងច្រើន ហើយ​ម្យ៉ាង​លោក​គិតថា សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ​ជា​សកម្មភាព​បង្កហេតុ​។ យ៉ាងណាមិញ លោក​មិនបាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត ឬ​ពេលវេលា​ជាក់លាក់​អ្វី​ឡើយ តែ​បាន​ត្រឹម​ព្រលយ​ពាក្យ​ថា រង់​ចាំមើល​ការចរចា​នៅ​ថ្ងៃ​អនាគត​នឹង​ដំណើរការ​តាម​ការចង់បាន​ឬ​យ៉ាងណា​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​រួម មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​បាន​ឯកភាព​បន្ត​ការជជែក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង ស្រប​ពេលដែល​ស្ថានការណ៍​កំពុង​អំណោយផល​ស្រាប់​។ ដោយសារ​ចង់​ថ្នមចិត្ត​កូរ៉េខាងជើង ទើប​លោក ត្រាំ ចង់​ឲ្យ​លំ​ហាត់​យោធា​ជាមួយ​កូរ៉េខាងត្បូង​ផ្អាក​សិន ដ្បិត​ទំនង​បារម្ភ​កូរ៉េខាងជើង​លែង​ចង់​ចរចា​វិញ​។ ឯ​កូរ៉េខាងជើង​វិញ​ក៏​ចង់​ឲ្យ​សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ​បាត់​មុខ​រៀងរហូត​ដែរ​។​

​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​ដែល​ស្របតាម​បំណង​របស់​ក្រុង​ព្យុងយ៉ាង ធ្វើ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​ជា​សម្ព័ន្ធមិត្ត​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​លោក ត្រាំ ទំនងជា​មិនបាន​ជជែក​ជាមួយ​ដៃគូ​របស់ខ្លួន​មុន ឬ​សូម្បីតែ​កម្លាំង​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​ឡើយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​និយាយថា ខ្លួន​ចាំបាច់​ស្វែងរក​ការបញ្ជាក់​ពី​អត្ថន័យ​ពិតប្រាកដ​របស់​សេចក្ដី​ថ្លែងការណ៍​លោក ត្រាំ ។ ឯ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ចាត់ទុកថា ការធ្វើ​សមយុទ្ធ​នេះ​ជា​រឿង​សំខាន់​សម្រាប់​សន្តិភាព និង​ស្ថិរភាព​តំបន់​ទៅវិញ​។​

​ដោយឡែក​ង​ទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង​អះអាងថា ខ្លួន​មិនទាន់​ទទួលបាន​ព័ត៌មាន​ណាមួយ​ជុំវិញ​ការប្រកាស​របស់លោក ត្រាំ ឡើយ​។ ដោយសារ​គ្មាន​បញ្ជា​ឲ្យ​ផ្អាក​អ្វី​នោះ សមយុទ្ធ​រួមគ្នា​ដ៏​ធំ​រវាង​យោធា​អាមេរិក និង​កូរ៉េខាងត្បូង Ulchi Freedom Guardian ទំនងជា​ធ្វើតាម​ផែនការ​ដដែល​។ នេះ​ជា​សមយុទ្ធ​មួយ​ក្នុងចំណោម​សមយុទ្ធ​ប្រចាំឆ្នាំ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​នៅ​មិន​សុខ​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com