មហា​យក្ស​ចិន​អំពាវនាវ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​
អន្តរជាតិ
មហា​យក្ស​ចិន​អំពាវនាវ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​
13, Jun 2018 , 8:59 pm        
រូបភាព
​ប៉ុន្មាន​ម៉ោង​ក្រោយ​ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី ចិន​ដែលជា​ខ្នងបង្អែក​កូរ៉េខាងជើង​នោះបាន​ស្វាគមន៍​លទ្ធផល​វិជ្ជមាន និង​ឆ្លៀត​ផ្តល់យោបល់​ឲ្យ​អាមេរិក​ពិចារណា​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​។ ក្រោយ​កិច្ចប្រជុំ​នេះ​ទៀត ប្រមុខ​ការទូត​ចិន​បាន​អញ្ជើញ​សម​ភាគី​អាមេរិក​ឲ្យ​មក​ទស្សនកិច្ច​នៅ​ចិន ដែល​ទំនងជា​ចង់​ពិភាក្សា​បន្ថែម​ពី​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ផងដែរ​។



​របប​ដឹកនាំ​ក្រុង​ប៉េកាំង​ហាក់ដូចជា​សប្បាយចិត្ត​ពេលដែល​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​ជួបចរចា និង​ឈានដល់​ឯកភាពគ្នា​ជំរុញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ផង​នៅ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នៅ​សិង្ហ​បុរី​ថ្ងៃ ១២ មិថុនា​ម្សិលមិញ​នោះ​។​

 ក្រោយ​កិច្ចប្រជុំ​ភ្លាមៗ លោក វ៉ាង យី ដែលជា​រដ្ឋមន្ត្រីការបរទេស​ចិន និង​ជាទី​ប្រឹក្សា​រដ្ឋ បាន​ស្វាគមន៍​លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​នេះ​ព្រោះ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការកំណត់​នី​វិធី​ឈានទៅ​រំសាយ​អាវុធ​ពិតប្រាកដ​ផង​។ លោក វ៉ាង យី ក៏​ឆ្លៀតឱកាស​អំពាវនាវ​បន្ថែម​ឲ្យ​កូរ៉េខាងជើង​បន្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ទៀត​ដើម្បី​អាច​រំសាយ​អាវុធ​បាន​ទាំងស្រុង​ផងដែរ ហើយ​ចិន​ត្រៀម​។​

​ដោយឡែក ក្រសួងការបរទេស​ចិន​ឯណោះ​វិញ ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​ពិចារណា​ផងដែរ​ក្នុងការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដែលមាន​ទាំង​អម្បាលម៉ាន​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang បានផ្តល់​យោបល់​ថា ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​គួរតែ​ត្រូវ​ពិចារណា​ដែរ​។​

​ដោយឡែក ក្រោយ​កិច្ចចរចា​នេះ ចិន​នឹង​ចាប់ផ្តើម​ចូលខ្លួន​ជួយ​សហការ​ជាមួយ​អាមេរិក​និង​ដៃគូ​ផ្សេងទៀត​ក្នុង​តំបន់​ដើម្បី​ឈានទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ផង​។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ស្រង់​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ពុធ​ទី ១៣ ខែមិថុនា​នេះ​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក តាម​ការអញ្ជើញ​របស់​សម​ភាគី​ចិន​លោក វ៉ាង យី​។ ក្រសួង​នេះ​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​ទាំងពីរ​នឹង​ផ្តោះ​ប្តូរ​មតិយោបល់​គ្នា​ជុំវិញ​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​បញ្ហា​តំបន់​និង​ពិភព​លោកធំៗ​ផ្សេងទៀត​ផងដែរ​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា អ្នក​ទាំងពីរ​នឹង​ចំណាយ​ពេលវេលា​ភាគច្រើន​ពិភាក្សាគ្នា​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។

​តាមពិតទៅ ចិន​នៅតែ​ជា​ភាគី​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ចិន​ដែលជា​សម្ព័ន្ធមិត្ត ជា​ដៃគូ និង​ជា​បងធំ​ជួយ​ការពារ​កូរ៉េខាងជើង​នោះ​នៅមាន​ទឹកមាត់ប្រៃ ហើយក៏​អាច​ជំរុញ​ឲ្យ​ការដោះស្រាយ​បញ្ហា​នេះ​អាចមាន​ប្រសិទ្ធភាព​ដែរ​។

​កន្លងមកនេះ លោក គីម ជុង​អ៊ុន បាន​លួច​ស្កាត់​ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង ពីរដង​រួចមកហើយ មុន​មាន​ជំនួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នេះ​។ គេ​ដឹង​ច្បាស់​ថា ការឈាន​ដល់​ចូល​តុ​ចរចា​ជាមួយ​អាមេរិក មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង​នេះ​ប្រហែលជា​បានទទួល​ការប្រឹក្សា​ច្រើន​គួរសម​ផងដែរ​ជុំវិញ​ការចរចា និង​ឈានទៅ​រំសាយ​អាវុធ​របស់ខ្លួន​នោះ​។

​អាច​ថា មិន​ត្រឹមតែ​ទទួល​ការប្រឹក្សា​លើ​បញ្ហា​ការទូត​និង​សន្តិសុខ​ប៉ុណ្ណោះ​ទេ របប​ដឹកនាំ​កូរ៉េខាងជើង​ដែល​កំពុង​ឈាន​ឆ្ពោះទៅ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ស្រាប់​នោះ នឹង​អាចជួយ​ជ្រោមជ្រែង​កូរ៉េខាងជើង​បាន​ច្រើន​ដូចគ្នា​។ ម្យ៉ាង​ការកែទម្រង់​និង​ពិសោធន៍​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន ប្រហែលជា​នឹង​ក្លាយជា​គម្រូ​មួយ​សម្រាប់​កូរ៉េខាងជើង​ផង ពេល​ខ្លួន​បោះបង់​អាវុធ​រួចរាល់​នោះ​។



Tag:
 ចិន​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65849 [1] => 10 [2] => មហា​យក្ស​ចិន​អំពាវនាវ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​ [3] => content [4] => [5] => ចិន​, ដូ​ណា​ល់ ត្រាំ​, គីម ជុង​អ៊ុន [6] => 39 [7] => 0 [8] => )