ជាតិ
សេដ្ឋកិច្ច
SME របស់​កម្ពុជា នឹង​អាច​លក់​ផលិតផល​តាម​អន​ឡាញ​ទៅ​ទីផ្សារ​អន្តរជាតិ​
15, Jun 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ព័ន្ធ​ស​មាម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) នឹង​ជួយ​ជ្រោមជ្រែង​សមាជិក​របស់ខ្លួន​ឲ្យ​អាច​ដាក់លក់​ផលិតផល​របស់ខ្លួន​នៅលើ​គេហទំព័រ​ថ្មី​មួយ បន្ទាប់ពី FASMEC បានប្រកាស​ពី​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ពហុ​ផលិតផល Sram & Mram ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។



​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្ដីពី​ការជំរុញ​ផលិតផល​ខ្មែរ​ចូលទៅក្នុង​ទីផ្សារ​ពិភពលោក ត្រូវ​ព្រមព្រៀង​រវាង FASMEC របស់​កម្ពុជា និង​ក្រុមហ៊ុន Sram & Mram Resources Limited នៅ​ថ្ងៃទី​១៣​ខែមិថុនា​។

​លោក តែ តាំង​ប៉ ប្រធាន FASMEC មានប្រសាសន៍ថា កិច្ចសហការ​នេះ​មាន​គោលបំណង​អភិវឌ្ឍន៍​គេហទំព័រ​«smexasean.com» ដើម្បី​ភ្ជាប់​ផលិតផល​ខ្មែរ​ទៅនឹង​ទីផ្សារ​ក្នុង​តំបន់​។ លោក តែ តាំង​ប៉ ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ដូច្នេះ​ថា​៖«​សមាជិក​របស់​យើង​ឆាប់ៗ​នេះ នឹងមាន​គេហទំព័រ​មួយ​ដើម្បី​បង្ហាញ និង​លក់​ផលិតផល​របស់​ពួកគេ​តាម​នីតិវិធី​កាន់តែ​ងាយស្រួល និង​ចំណាយ​តិច ដើម្បី​ឲ្យ​ទៅដល់​អតិថិជន​ជា​ទិសដៅ​នៅ​ទីផ្សារ​អន្តរជាតិ​។​

​ក្រៅពី​កម្ពុជា ក្រុមហ៊ុន Sram & Mram បាន​សហការ​ជាមួយ​សមាគម SME នៅ​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​។ ប្រធាន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Sram & Mram Resources លោក Sailesh Lachu Hiranandani  បាន​ឲ្យ​ដឹង​នៅលើ​សេចក្ដីប្រកាស​ព័​ត៌​របស់ខ្លួន​ថា​៖«​យើង​មាន​គោលដៅ​ប្រមូលផ្ដុំ SME ឲ្យ​ស្ថិតក្រោម​ដំបូល​តែមួយ តាមរយៈ​ការផ្ដល់​ភាពចាំបាច់​ដល់​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ ដោយ​ពុំ​បាច់​បារម្ភ​អំពី​ការស្វែងរក​អ្នកទិញ ឬ​អ្នកលក់​៕


Tag:
 SME
© រក្សាសិទ្ធិដោយ thmeythmey.com