សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រោយអាមេរិកអនុវត្តពន្ធ៥០ពាន់លានដុល្លារ ចិនក៏ដាក់ពន្ធ៥០ពាន់លានដុល្លារលើទំនិញអាមេរិកវិញ លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង នាជំនួបកន្លងមក (រូបភាព AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៥ ខែមិថុនា បានប្រកាសអនុវត្តពន្ធ២៥ភាគរយលើផលិតផលចិនដែលមានទំហំទឹកប្រាក់៥០ពាន់លានដុល្លារ។ ចំណាត់ការរបស់លោក ត្រាំ ធ្វើឲ្យចិនចាត់វិធានការតបវិញភ្លាមៗ ដោយបានប្រកាសដាក់ពន្ធ២៥ភាគរយដូចគ្នាលើទំនិញនាំចូលពីអាមេរិក និងមានតម្លៃ៥០ពាន់លានដុល្លាដែរ។ ភាគច្រើនទំនិញអាមេរិកដែលរងការដំឡើងពន្ធរបស់ចិន គឺជាផផលិតផលកសិកម្ម។
ការចរចារវាងអាមេរិក និងចិនជាច្រើនដងនៅក្រុងប៉េកាំងផង និងក្រុងវ៉ាស៊ីនតោនផងដើម្បីបន្ថយកម្ដៅជម្លោះពាណិជ្ជកម្ម មិនមានលទ្ធផលអ្វីឡើយ។ ទីបំផុតទៅ អាមេរិកនៅតែសម្រេចចិត្តអនុវត្តពន្ធ២៥ភាគរយលើចិនដដែល។ នៅថ្ងៃទី១៥ ខែមិថុនា អាមេរិកបានបញ្ចេញបញ្ជីចុងក្រោយនៃមុខទំនិញរាប់សិបមុខដែលនាំចូលពីចិន និងជាគោលដៅក្នុងការអនុវត្តពន្ធដែលមានទំហំទឹកប្រាក់ដល់ទៅ៥០ពាន់លានដុល្លារ។
រដ្ឋាភិបាលលក្រុងប៉េកាំងក៏មិននៅស្ងៀមដែរចំពោះមុខចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោន។ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសអនុវត្តពន្ធនាំចូល២៥ភាគរយលើទំនិញអាមេរិកចំនួន៦៥៩មុខ មានតម្លៃ៥០ពាន់លានដុល្លារ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ពន្ធតម្លៃ៣៤ពាន់លានដុល្លារនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី៦ ខែកក្កដាលើទំនិញដូចជាពោត សណ្ដែក ស្រូវសាលី អង្ករ សាច់គោ សាច់ជ្រូក ត្រី បន្លែ សម្ភាររថយន្ត និងផលិតផលនេសាទ ឯនៅសល់១៦ពាន់លានដុល្លារនឹងអនុវត្តពេលក្រោយ។
ក្រសួងពាណិជ្ជកម្មចិននិយាយថា ដោយសារទង្វើរបស់អាមេរិក រាល់កិច្ចព្រមព្រៀងទាំងអស់ដែលបានឯកភាពគ្នារួចហើយ នឹងក្លាយជាអសារបង់។ ទោះជាមិនប្រកាសជំហរថា មិនចង់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកក្ដី ក្រសួងដដែលនេះបញ្ជាក់ថា ជាមួយនឹងសកម្មភាពមើលមិនបានវែងឆ្ងាយរបស់អាមេរិក ចិនមានតែបង្ខំចិត្តចាត់វិធានការខ្លាំងក្លាតបវិញ។
អ្វីគួរកត់សម្គាល់នោះ ចិនបានបង្កើនបញ្ជីមុខទំនិញដែលត្រូវដាក់ពន្ធលើកនេះ។ កាលពីខែមេសា ក្រុងប៉េកាំងបានបញ្ចេញបញ្ជីដំបូងដែលមានផលិតផលជាង១០០មុខប៉ុណ្ណោះ ប៉ុន្តែបានដកចេញផលិតផលទាក់ទងការផលិតយន្តហោះក្នុងបញ្ជីថ្មីដែលផ្ដោតខ្លាំងលើទំនិញកសិកម្ម។ កសិករអាមេរិកមិនសូវសប្បាយចិត្តចំពោះរឿងនេះ ព្រោះខ្លួនកំពុងរងទុក្ខដោយសារការដាក់ពន្ធទៅមករបស់រដ្ឋាភិបាលទាំងពីរនេះ។
កន្លងមក មន្ត្រីរបស់មហាអំណាចសេដ្ឋកិច្ចទាំងពីរបានជួបចរចាជាច្រើនលើកនៅទឹកដីទាំងសងខាងដើម្បីធ្វើយ៉ាងណាបញ្ចៀសការប្រឈមមុខគ្នាក្នុងវិស័យពាណិជ្ជកម្ម។ អាមេរិកបានទាមទារឲ្យចិនបន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន ការពារកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាមេរិក និងឲ្យបើកចំហការរកស៊ីសម្រាប់ក្រុមហ៊ុនបរទេសលើទឹកដីចិន។ ចិនបានសន្យាបង្កើនបរិមាណទំនិញនាំចូលពីអាមេរិក តែការសន្យានេះមិនអាចអូសទាញលោក ត្រាំ បានឡើយ៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com