អន្តរជាតិ
​ស្ត្រី​មេផ្ទះ​ឥណ្ឌូណេស៊ី​ម្នាក់​ស្លាប់​ដោយសារ​ពស់ថ្លាន់​លេប​ទាំង​រស់​
16, Jun 2018 , 5:33 pm        
រូបភាព
ដោយ: ធីតា
​សព​របស់​ស្ត្រី​មេផ្ទះ​ឥណ្ឌូណេស៊ី​ម្នាក់​នៅ​កោះ Sulawesi ត្រូវបាន​ប្រទះឃើញ​នៅ​ពោះ​សត្វ​ពស់ថ្លាន់​ដែលមាន​ប្រវែង​ប្រមាណ​៨​ម៉ែត្រ កាលពី​ថ្ងៃ​សុក្រ​កន្លងមក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Tribunnews.com​។​



​លោក Agung Ramos Parentongan Sinaga បានបញ្ជាក់​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ Wa Tiba វ័យ​៥៤​ឆ្នាំ បាន​បាត់​ខ្លួន កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​គាត់​ចេញទៅ​មើលដំណាំ​ពោត​របស់ខ្លួន ដែលមាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្ទះ​។​

​បើតាម​សាច់ញាតិ អ្នកស្រី Wa Tiba ចេញទៅ​ពិនិត្យ​ដំណាំ​ពោត​ដែល​រង​ការបំផ្លាញ​ពីស​ត្វ​ជ្រូកព្រៃ​។ ក្រុមគ្រួសារ​របស់គាត់​ខ្វល់ខ្វាយ​យ៉ាងខ្លាំង ដោយសារតែ​មិនឃើញ​គាត់​ត្រឡប់ទៅផ្ទះ​រហូតដល់​ម៉ោង​៦​ព្រឹក​នៅ​ថ្ងៃ​បន្ទាប់​។​

​ប្អូនស្រី​របស់​អ្នកស្រី Wa Tiba បាន​ដើរទៅ​ចម្ការ ហើយ​បានឃើញ​ដានជើង ស្បែកជើង ពិល និង​កាំបិត បន្ទាប់​គាត់​បាន​ស្រែក​រក​ជំនួយ​ពី​អ្នកភូមិ​។ រហូតដល់​ម៉ោង​៩ និង​៣០​នាទី ពួកគាត់​ក៏បាន​ប្រទះឃើញ​ពស់ថ្លាន់​មួយ​ក្បាល ហើយ​បានសម្លាប់​វា វះ​ពស់​។ នៅក្នុង​នោះ គឺជា​សព​របស់​អ្នកស្រី Wa Tiba៕
.

Tag:
 ឥណ្ឌូណេស៊ី​
  ពស់ថ្លាន់
© រក្សាសិទ្ធិដោយ thmeythmey.com