កីឡាជាតិ
ជាតិ
Privat ជួយ​ឲ្យ​អាស៊ី​អឺរ៉ុប​ឈ្នះ​ស្វាយរៀង ខណៈ​ក្រុម​ទាំងពីរ​បាត់បង់​សមាជិក​ម្នាក់​នៅ​ដើមតង់​
16, Jun 2018 , 7:01 pm        
រូបភាព
កីឡាករអាស៊ីអឺរ៉ុបអបអរគ្រាប់បាល់ទីពីររបស់ Privat។ រូបថត Capture ពីកម្ពុជាថ្មី
កីឡាករអាស៊ីអឺរ៉ុបអបអរគ្រាប់បាល់ទីពីររបស់ Privat។ រូបថត Capture ពីកម្ពុជាថ្មី
ដោយ:
ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Befolo Mbarga Jean Marie Privat នៅតែ​ជា​កម្លាំង​ដ៏​មុត​ស្រួច​សម្រាប់​ក្រុម​អាស៊ី​អឺរ៉ុប ក្រោយ​រូបគេ​រកបាន​ពីរ​គ្រាប់​តែឯង នា​ជំនួប​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ២-១ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។ កីឡាករ​២​រូប​ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ទីលាន​ប្រកួត​ត្រឹម​៦​នាទី​ដំបូង​នៃ​តង់​ទី​១​។



​ជំនួប​រវាង​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បានចាប់ផ្តើម​ការប្រកួត​ជាមួយ​ភាព​ក្តៅគគុក បន្ទាប់ពី​កីឡាករ​ពីររូប​របស់​ក្លិប​ទាំងពីរ គឺ​កីឡាករ អ៊ុន ជី និង លី សា​រ័ត្ន ត្រូវបាន​អាជ្ញាកណ្តាល​លោក លឹម ប៊ុនធឿន ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញពី​ទីលាន​ប្រកួត​ត្រឹម​៦​នាទី​ដំបូង​នៃ​តង់​ទី​១​។ បញ្ហា​នេះ បាន​កើតឡើង​បន្ទាប់ពី​កីឡាករ លី សា​រ័ត្ន របស់​ព្រះខ័ន​រាជ​ស្វាយរៀង​វាយ​កីឡាករ អ៊ុន ជី របស់​ម្ចាស់ផ្ទះ ក្រោយ​កីឡាករ​រូបនេះ​លោត​ទៅ​ឈូស​បាល់​ធ្វើ​ឲ្យ​រូបគេ​ដួល​ទាំង​ជំហរ​។

​ទោះបី​មានការ​តវ៉ា​ពី​គ្រូបង្វឹក​និង​កីឡាករ​របស់​ម្ចាស់ផ្ទះ​ពាក់ព័ន្ធ​ការពិន័យ​កាត​ក្រហម​នេះ​ក៏ដោយ តែ​ការប្រកួត​បាន​ប្រព្រឹត្តទៅ​ធម្មតា​ជាមួយ​សមាជិក​១០​រូប​ម្ខាង​រៀងៗ​ខ្លួន​។ ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysen Shane បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​ទី​៣៥ ក្រោម​ការបញ្ជូន​យ៉ាង​ល្អ​របស់​កីឡាករ នេន សុធា​រ័ត្ន មុន​ចប់​តង់​ទី​១​។

​ការប្រកួត​តង់​ទី​២​ចាប់ផ្តើម​មិន​១​នាទី​ស្រួលបួល​ផង ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Befolo Mbarga Jean Marie Privat បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ម្ចាស់ផ្ទះ​។ នៅ​នាទី​ទី​៨៥ ខ្សែប្រយុទ្ធ​រូបនេះ​រកបាន​១​គ្រាប់​បន្ថែម ដើម្បី​នាំ​ជ័យជម្នះ ២-១ សម្រាប់​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​៕ 



Tag:
 Cambodian League 2018
  Privat
© រក្សាសិទ្ធិដោយ thmeythmey.com