អន្តរជាតិ
ថៃ ផ្ដើមគំនិត​បង្កើត​មូលនិធិ​ហិរញ្ញវត្ថុ​ក្នុង​កិច្ចសហប្រតិបត្តិការ ACMECS អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​
18, Jun 2018 , 9:39 pm        
រូបភាព
មេដឹកនាំប្រទេស ACMECS នាជំនួបកំពូលនៅបាងកក (រូបភាព Xinhua)
មេដឹកនាំប្រទេស ACMECS នាជំនួបកំពូលនៅបាងកក (រូបភាព Xinhua)
​នៅ​ចុង​សប្ដាហ៍​មុន ថៃ​បាន​ផ្ដើមគំនិត​បង្កើត​មូលនិធិ​ហិរញ្ញវត្ថុ​មួយ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងចំណោម​ប្រទេស​សមាជិក​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS)​។ មេដឹកនាំ​ប្រទេស​៤ ផ្សេងទៀត​ដែលជា​សមាជិក ACMECS បាន​គាំទ្រ​គំនិត​របស់​ថៃ និង​បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់ខ្លួន​ជួបប្រជុំគ្នា​ដើម្បី​ឈានទៅ​បង្កើត​មូលនិធិ​នេះ ដែលមាន​គោលដៅ​បង្កើន​ប្រភព​ហិរញ្ញវត្ថុ​ផ្ទៃក្នុង មុននឹង​ស្វែងរក​ជំនួយ​ពី​ខាងក្រៅ​។​



​មូលនិធិ​ហិរញ្ញវត្ថុ​រួមមួយ ត្រូវបាន​ស្នើឡើង​ដោយ​ថៃ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាជិក​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) នៅ​ថ្ងៃទី​១៦ ខែមិថុនា នៅ​ទីក្រុង​បាងកក​។ មេដឹកនាំ​រដ្ឋាភិបាល​ថៃ កម្ពុជា ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា បាន​ជំរុញ​ឲ្យ​បង្កើត​មូលនិធិ​នេះ​ដើម្បី​ធ្វើជា​ប្រភព​ហិរញ្ញវត្ថុ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ចាំបាច់​នានា​ក្នុង​អាស៊ីអាគ្នេយ៍​ប៉ែក​ដីគោក​។​

​ក្រោម​គំនិត​ផ្ដួចផ្ដើម​នេះ មូលនិធិ ACMECS នឹងត្រូវ​ចាត់ចែង​ដោយ​ប្រទេស​ទាំង​៥ ប៉ុន្តែ​ត្រូវការ​ពេលវេលា​យូរ​ទៀត​មុននឹង​លេច​ជា​រូ​បរា​ពិតប្រាកដ​។ ក្នុង​សេចក្ដីថ្លែងការណ៍​បាងកក មេដឹកនាំ​ប្រទេស​ទាំង​៥ បាន​ឯកភាព​ឲ្យ​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​រៀងៗ​ខ្លួន​ជួប​ជជែក​គ្នា​លើ​លក្ខខណ្ឌ​យោង (TOR) និង​ប្រតិបត្តិការ​លម្អិត​របស់​មូលនិធិ​នេះ​។ ការចរចា​អាច​ចាប់ផ្ដើម​នៅ​ខែតុលា​ខាងមុខ ដើម្បី​បង្កើត​មូលនិធិ​នេះ​នៅត្រឹម​ជំនួប​កំពូល​លើក​ក្រោយ ដែល​កម្ពុជា​ជា​ប្រធាន ACMECS ។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា និយាយថា ថៃ​នឹង​ចេញ​លុយ​មួយចំនួន​ដើម្បី​មូលនិធិ​នេះ និង​អញ្ជើញ​សមាជិក ACMECS ផ្សេងទៀត ដៃគូ​អភិវឌ្ឍ ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​ឲ្យ​គាំទ្រ​មូលនិធិ​នេះដែរ​។ ជា​ជំហាន​ដំបូង មេដឹកនាំ​ថៃ​រូបនេះ​ចង់​ឲ្យ​មាន​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ដែល​នៅ​ខ្វះខាត​ក្នុងចំណោម​ប្រទេស​ទាំង​៥ ដូចជា​ការតភ្ជាប់​អេឡិចត្រូនិក ថាមពល ឌីជីថល និង​ការសម្រួល​យន្តការ​ពន្ធ​គយ​ផង​។​

​កន្លងមក ប្រទេស​ទាំង​៥ របស់ ACMECS បាន​ពឹង​យ៉ាងខ្លាំង​លើ​ប្រភព​ហិរញ្ញវត្ថុ​ខាងក្រៅ​ដើម្បី​អភិវឌ្ឍ​ប្រទេស​រៀងខ្លួន​ដូចជា​កម្ចី​ពី​ធនាគារពិភពលោក ឬ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជាដើម​។ ចិន ជប៉ុន កូរ៉េខាងត្បូង ក៏បាន​ដើរតួ​សំខាន់​ក្នុងការ​ផ្ដល់ទុន​ទៅ​ឲ្យ​ប្រទេស​ទាំងនេះ​ដើម្បី​បំពេញតម្រូវការ​ពួកគេ​តាមរយៈ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ជាច្រើន​។ គម្រោង​មូលនិធិ​ថ្មី​នេះ នឹង​ជួយ​សមាជិក ACMECS កាត់បន្ថយ​ការពឹង​ផ្អែកលើ​ភាគី​ផ្សេង​។​

​សូមបញ្ជាក់ថា ACMECS ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៣ ដើម្បី​ជា​យន្តការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍ​ក្នុង​អនុតំបន់​មួយ​នេះ​។ ក្នុង​កិច្ចប្រជុំ​លើក​ទី​៨ នៅ​បាងកក មេដឹកនាំ​សមាជិក ACMECS ក៏បាន​អនុម័ត​ផែនការមេ ២០១៩-២០២៣ ដែលមាន​គោលដៅ​សំខាន់​បី គឺ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការដឹកជញ្ជូន សុខដុម​រម​នីយកម្ម​ពាណិជ្ជកម្ម និង​ការវិនិយោគ ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស បច្ចេកវិទ្យា និង​ថាមពល​៕


Tag:
 ថៃ​
  ACMECS
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com