អន្តរជាតិ
ទំនាក់ទំនង​ចិន​-​អូស្ត្រាលី កំពុង​ដើរ​ដល់​មាត់ជ្រោះ ព្រោះ​អូស្ត្រាលី​បន្ត​ចោទថា ចិន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​
18, Jun 2018 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់មុខ ធើនប៊ូល ចាប់ដៃប្រធានាធិបតិចិន ស៊ី ជិនភីង (រូបភាព Xinhua)
នាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់មុខ ធើនប៊ូល ចាប់ដៃប្រធានាធិបតិចិន ស៊ី ជិនភីង (រូបភាព Xinhua)
​ទំនាក់ទំនង​ចិន និង​អូស្ត្រាលី​កំពុង​ដើរទៅ​រក​មាត់ជ្រោះ ខណៈដែល​អូស្ត្រាលី​ត្រៀម​អនុម័ត​ច្បាប់​កំហិត​ការ​លូកលាន់​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ទោះជា​ប្រើពាក្យ​បរទេស​ក្ដី សំណើ​ច្បាប់​មួយ​នេះ​សំដៅ​ចិន​តែម្ដង ព្រោះ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​បារម្ភ​ខ្លាំង​ជុំវិញ​ការកើនឡើង​បញ្ហា​ផ្នែក​សន្តិសុខ​អន​ឡាញ និង​ការប្រឈមមុខ​ពី​ការជ្រៀតជ្រែក​ដោយ​រដ្ឋាភិបាល​បរទេស​។ ជាមួយនឹង​ក្ដីបារម្ភ​នេះ អូស្ត្រាលី​ក៏​ហាម​ក្រុមហ៊ុន​ចិន Huawei ផ្គត់ផ្គង់​សម្ភារៈ​ក្នុងការ​សាងសង់​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត 5G ផង​។​



​នៅ​រយៈពេល​ពីរ​សប្ដាហ៍​ទៀត អូស្ត្រាលី​នឹង​អនុម័ត​ច្បាប់​មួយ​ដែល​សំដៅ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​។ អូស្ត្រាលី​បារម្ភ​ថា ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់ខ្លួន បាន​ជ្រៀត​ជ្រែកចូល​វិស័យ​នានា​របស់ខ្លួន​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ សាកលវិទ្យាល័យ និង​ឈានដល់​ផ្នែក​នយោបាយ​ផង​។ ការជ្រៀតជ្រែក​នេះ ធ្វើឡើង​ក្នុង​ទម្រង់​ជាការ​បរិច្ចាគ​លុយ​ទៅ​ឲ្យ​អ្នកនយោបាយ​ប្រឆាំង​របស់​អូស្ត្រាលី​ពី​សំណាក់​បក្ស​កុម្មុយនីស្ត​ចិន​។​

​ចិន​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​របស់​អូស្ត្រាលី ហើយ​បាន​ចោទ​ក្រុង​កង់​បេ​រ៉ា​ថា បាន​បំពុល​ទំនាក់ទំនង​ទ្វេភាគី​។ ដោយសារ​បញ្ហា​នេះ ទំនាក់ទំនង​អូស្ត្រាលី និង​ចិន​កាន់តែ​ធ្លាក់ចុះ​ខ្លាំង ដោយ​ចិន​បាន​រឹតបន្តឹង​ការធ្វើ​ជំនួញ​ជាមួយ​អូស្ត្រាលី ហើយ​បង្កើន​ការត្រួតពិនិត្យ​ទំនិញ​ដែល​នាំចូល​ពី​អូស្ត្រាលី​។ ការអនុម័ត​ច្បាប់​ស្ដីពី​ការ​កំហិត​សកម្មភាព​របស់​បរទេស នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​ល្អក់កករ​ថែមទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្នែក​ដំបូង​នៃ​ច្បាប់​ថ្មី​នេះ​តម្រូវ​ឲ្យ​មានការ​ចុះឈ្មោះ​បុគ្គល​ណា​ដែល​ជាប់ទាក់ទង​រដ្ឋាភិបាល​បរទេស ហើយ​វា​បាន​សំដៅ​ក្រុង​ប៉េកាំង​តែម្ដង​។ ច្បាប់​ថ្មី​ដែល​គ្រោង​អនុម័ត​ឆាប់ៗ​នេះ ជា​ដំណោះស្រាយ​ទប់ស្កាត់​បញ្ហា​ប្រឈមមុខ​លើ​សន្តិសុខ​ជាតិ​របស់​អូស្ត្រាលី​ដែល​លើកឡើង​ដោយ​ក្រុម​ចារកម្ម​ផង​។ ក្រោម​ហេតុផល​នេះ អូស្ត្រាលី​ក៏​នឹង​ហាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ចូលរួម​សាងសង់​បណ្ដាញ​អ៊ីនធឺណិត 5G ដែរ​។​

​តាមពិតទៅ ការរារាំង​ក្រុមហ៊ុន Huawei ក៏​ព្រោះតែ​អូស្ត្រាលី​ព្រួយ​ខ្លាច​ព័ត៌មាន​សម្ងាត់​របស់ខ្លួន​ធ្លាក់​ទៅក្នុង​ដៃ​ចិន បើ​ហ៊ាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​ស្ថាបនា​ប្រព័ន្ធ 5G មែន​នោះ​។ ព្រួយ​ត្រង់​អូស្ត្រាលី​ជឿថា រដ្ឋាភិបាល​ចិន​នៅ​ពីក្រោយ​ក្រុមហ៊ុន Huawei តែម្ដង​។ ឯ Huawei វិញ​បាន​បដិសេធ​ពាក្យ​ចោទ​របស់​អូស្ត្រាលី និង​ចាត់ទុក​សម្ដី​ទាំងនោះ​ជា​រឿង​មិន​ពិត និង​មានបំណង​អាក្រក់​លើ​ខ្លួន​ទៅវិញ​ទេ​។​

​ច្បាស់​ណាស់​ថា គម្រោង​អនុម័ត​ច្បាប់​ថ្មី​ដែល​ស្របគ្នា​នឹង​ការហាមឃាត់​ក្រុមហ៊ុន Huawei នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ដើរ​ទៅរក​មាត់ជ្រោះ​មិន​ខាន​។ ចិន​ច្បាស់​ជា​មិន​នៅ​ស្ងៀម​ឡើយ ហើយ​ប្រាកដជា​ឆ្លើយតប​នឹង​សកម្មភាព​របស់​អូស្ត្រាលី​មិន​ខាន​។ ការ​រឹតត្បិត​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី ទំនងជា​ចំណាត់ការ​ដំបូង​របស់​ចិន​។ នៅមុននេះ ចិន​បាន​រឹតត្បិត​លើ​ការត្រួតពិនិត្យ​ស្រាក្រហម​របស់​អូស្ត្រាលី​រួចហើយ​ដែរ​៕ 

Tag:
 ចិន​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com