ជាតិ
រដ្ឋសភា ចូលរួម​ជួយ​ចាត់ចែង​ពិធី​បុណ្យសព​អ្នក​ម្នាង អ៊ុក ផល្លា​
18, Jun 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋសភា ជួយ​រៀបចំ​ពិធី​បុណ្យសព​អ្នក​ម្នាង អ៊ុក ផល្លា ភរិយា​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​សោយ​ទិវង្គត ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែមិថុនា​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។​



​លោក ឡេង ប៉េងឡុង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា រដ្ឋសភា ក៏​អាច​ផ្តល់​ថវិកា​មួយចំនួន សម្រាប់​ចូលរួម​ពិធី​បុណ្យសព​របស់​អ្នក​ម្នាក់​ដែរ​។ ប៉ុន្តែ លោក មិនទាន់​អាច​បញ្ជាក់​បានឡើយ​ថា ថវិកា​នោះ មាន​ចំនួន​ប៉ុន្មាន​។ លោក បន្ថែមថា នឹងមាន​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​រដ្ឋសភា ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ម្នាង​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ខាងលើ បញ្ជាក់ថា ការជួយ​ចូលរួម​ចាត់ចែង​ពិធីបុណ្យ​នេះ មិនមែនជា​កាតព្វកិច្ច ឬក៏​ជា​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​នោះទេ ពីព្រោះ​អ្នក​ម្នាង​មិនមែនជា​តំណាងរាស្ត្រ​។ លោក លើកឡើងថា ការជួយ​នេះ កើតឡើង​ពី​មនោសញ្ចេតនា​។ លោក មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​យើង នឹង​ជួយ​ចាត់ចែង តាមតែ​អាចធ្វើ​ទៅបាន ហើយ​ការធ្វើ​នេះ គឺធ្វើឡើង​ដោយ​មនោសញ្ចេតនា​»​។



​លោក ឡេង ប៉េងឡុង បន្តថា មានតែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​ស្វាមី​របស់​អ្នក​ម្នាង​ទេ ទើប​រដ្ឋសភា មាន​កាតព្វកិច្ច ត្រូវ​ជួយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចំណាយ​លើ​ថ្លៃ​ព្យាបាល ពីព្រោះ​ទ្រង់​គឺជា​តំណាងរាស្ត្រ​។ លោក និយាយថា រដ្ឋសភា បានផ្តល់​ធានារ៉ាប់រង​ដល់​ព្រះអង្គ ដូច្នេះ​ទាក់ទង​នឹង​ថ្លៃ​ព្យាបាល គឺ​ក្រុមហ៊ុន​ធានារ៉ាប់រង ជា​អ្នកចំណាយ​។ 

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន សម្តេចក្រុមព្រះ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​អ្នក​ម្នាង អ៊ុក ផល្លា​។ មន្ត្រី​របស់​ព្រះអង្គ មិនទាន់​ហ៊ាន​ផ្តល់ដំណឹង​ពី​មរណភាព​របស់​អ្នក​ម្នាង ទៅដល់​ព្រះអង្គ​នោះទេ ព្រោះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​និង​សុខភាព​របស់​ទ្រង់​។ បើតាម​ន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច សព​អ្នក​ម្នាង ដែល​កំពុង​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ នឹងត្រូវ​បូជា នៅ​ថ្ងៃទី​២០ ខែមិថុនា ខាងមុខ​នេះហើយ​៕  



Tag:
 អ៊ុក ផល្លា​
  ឡេង ប៉េងឡុង​
  សម្តេចក្រុមព្រះ​
© រក្សាសិទ្ធិដោយ thmeythmey.com