អន្តរជាតិ
ថៃ​អាច​នឹង​រៀបចំ​បោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ខែឧសភា​ឆ្នាំក្រោយ​
19, Jun 2018 , 9:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​សភា​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៩ ខាងមុខ ហើយ​គេ​រំពឹងថា ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​អាច​នឹងត្រូវ​រៀបចំ​នៅ​ខែឧសភា​ផងដែរ​។ បើតាម​សេចក្តីព្រាងច្បាប់​ថ្មី ការបោះឆ្នោត​នេះ​ធ្វើឡើង​នៅ​ក្រុង​បាងកក​, បា​តា​យ៉ា  និង​តាម​ខេត្ត​ប៉ុណ្ណោះ ខណៈ​តំបន់​រដ្ឋបាល​ផ្សេងទៀត​រួមជាមួយ​ស្រុក​អាច​នឹងត្រូវ​រៀបចំ​នៅពេល​ក្រោយ​ទៀត​។



​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ក្នុងចំណោម​សេចក្តីព្រាងច្បាប់​ចំនួន​ប្រាំមួយ​គ្រប់គ្រង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ថៃ​ដែល​ត្រូវបាន​របប​សឹក​ថៃ​រៀបចំ​នោះ នឹង​ត្រូវគេ​បញ្ជូន​ទៅកាន់​សភា​នីតិបញ្ញត្តិ​ដើម្បី​ជជែក​ដេញដោល និង​អនុម័ត​។ សភា​ថៃ​មាន​ពេល ៦០ ថ្ងៃ​ដើម្បី​ត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់​នេះ ហើយ​បើសិនជា​មានការ​អនុម័ត​នោះ ច្បាប់​នេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រហស្ថ​លេខា​មុន​ប្រកាស​ឲ្យ​ប្រើប្រាស​។​

​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ បាន​ផ្សាយ​ចុះផ្សាយ​ថា អ្នកតាមដាន​នយោបាយ​ថៃ បាន​វាយតម្លៃ​ដោយ​ផ្អែកលើ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ថា ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​អាច​នឹងត្រូវ​រៀបចំឡើង​នៅ​ខែឧសភា​ឆ្នាំក្រោយ​។ ច្បាប់​ថ្មី​នេះ​មាន ១៤១ ផ្នែក ដោយ​វា​ស្រដៀង​ខ្លាំង​នឹង​ច្បាប់បោះឆ្នោត​ឆ្នាំ ២០០២​ដែរ គ្រាន់​តែមាន​បន្ថែម​ចំណុច​ថ្មី​មួយចំនួន​ប៉ុណ្ណោះ​។​

​កន្លងមកនេះ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​បានផ្តល់​អនុសាសន៍​ថា ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​គួរ​ត្រូវ​រៀបចំ​យ៉ាងហោចណាស់ ៣ ខែក្រោយ​ការបោះឆ្នោត​សាកល​។ ដូច្នេះហើយ ការបោះឆ្នោត​នេះ​ទំនងជា​នឹងត្រូវ​រៀបចំ​នៅ​ខែឧសភា​ឆ្នាំក្រោយ​មែន បន្ទាប់ពី​ការបោះឆ្នោត​សាកល​។​

​គេ​រំពឹងថា ក្រុង​បាងកក និង​ប៉ា​តា​យ៉ា រួមជាមួយ​រដ្ឋបាល​ថ្នាក់​ខេត្ត​នានា​ទូទាំងប្រទេស​ថៃ នឹង​ស្គាល់​ការបោះឆ្នោត​ជ្រើសរើស​តំណាង​មុនគេ​។ ចំណែក​រដ្ឋបាល​ថ្នាក់​តំបន់ (Tambon Administrative Organization)  និង​ថ្នាក់ក្រុង​ផង​នោះ​នឹងត្រូវ​រៀបចំ​នៅពេលដែល​មណ្ឌលបោះឆ្នោត​ត្រូវ​រៀបចំ​ឡើងវិញ​ជា​ផ្លូវការ​ហើយ​នោះ​។ 

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ​ច្បាប់​ស្តីពី​ការបង្កើត​ក្រុង​, រដ្ឋបាល​គ្រប់គ្រង​ថ្នាក់​តំបន់ និង​រដ្ឋបាល​គ្រប់គ្រង​ថ្នាក់​ខេត្ត​មិនទាន់​ត្រូវបាន​គេ​ចងក្រង​រួចរាល់​នៅឡើយ​ទេ សម្រាប់​ក្រុង​ប៉ា​តា​យ៉ា និង​បាងកក​នោះ​៕



Tag:
 ថៃ​
  បោះឆ្នោត​ថ្នាក់មូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com