ពីនេះ ពីនោះ
អ្នកនេសាទជនជាតិចាមចំណាយពេលស្ទើរ ៩០ភាគរយ រស់នៅលើទូក រូបភាព៖ ឈុត ឈាណា
× ភ្នំពេញ៖ជារៀងរាល់ថ្ងៃ វេលាម៉ោង៤ល្ងាច អ្នកនេសាទនាំគ្នាចេញទូកនេសាទរបស់ពួកគេ ទៅបណ្តែតមងនៅក្នុងទន្លេមេគង្គ។ ពួកគេប្រើមងពីរប្រភេទដែលមានក្រឡាចាប់ពី ៣ ស.ម ឬ ៣.៥ ស.ម។ ប្រភេទទីមួយ គឺ «មងកាំង» ដែលជាប្រភេទមងដាក់នៅនឹងមួយកន្លែង និងប្រភេទទីពីរ គឺ «មងបណ្តែត» គឺដាក់បណ្តែតតាមទឹកហូរ។
នៅតំបន់នេះ ក្នុងរដូវត្រីសម្បូរ ចាប់ពីខែតុលា ដល់ខែកុម្ភៈ អ្នកនេសាទបានមកពីគ្រប់ទិសទី រកតែកន្លែងរាយមងសើ្ទរពេញទន្លេចតុមុខ។ ពួកឈ្មួញកណ្តាលបានមករង់ចាំទិញនឹងកន្លែងតែម្តង ក្នុងតម្លៃ ៦០០០ រៀលក្នុងមួយគីឡូក្រាម ចំពោះពពួកត្រីរៀលតុប (Gymnostomus siamensis) និងត្រីឈ្វៀតឆ្នូត (Pangasius macronema)។ ចំណែកឯប្រភេទត្រីធំផ្សេងៗ (Pangasius spp.) ដូចជាត្រីពោ (Pangasius larnaudii) ត្រីប្រាកែ (Pangasius conchophilus) ឬ ត្រីឆ្ពិន (Hypsibarbus spp.) ៨០០០រៀលក្នុងមួយគីឡូក្រាម»។
អ្នកនេសាទជនជាតិចាមទាំងនេះ ចំណាយពេលស្ទើរ ៩០ភាគរយ រស់នៅលើទូក ដោយពុំសូវបានទៅណាឆ្ងាយពីទូកឡើយ។ ប៉ុន្តែ ពួកគេបានបញ្ជូនកូនៗទៅរៀននៅសាលាឥស្លាម និងស្នាក់នៅទីនោះ យូរៗទើបមកលេងនឹងពួកគេម្តង។
ទូកមានសារសំខាន់ណាស់ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ក្រុមអ្នកនេសាទទាំងនោះ។ ក្នុងមួយឆ្នាំ ពួកគេត្រូវអូសទូកឡើងគោកដើម្បីធ្វើការជួសជុល និងលាបថ្នាំម្តង។ ឆ្នាំណាចំណូលបានមកពីការនេសាទត្រីច្រើន ពួកគេក៏ហ៊ានចំណាយប្រាក់ច្រើន ដើម្បីជួសជុលទូក ឬទិញមងដែលមានគុណភាពល្អ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ និងការសិក្សាររបស់កូនៗ ផងដែរ។ ទាំងនេះ សបញ្ជាក់ឲ្យឃើញពីសារសំខាន់របស់ទន្លេមេគង្គ ដែលជាកត្តាកំណត់កម្រិតជីវភាពរបស់គ្រួសារអ្នកនេសាទ និងប្រជាជនដែលពឹងអាស្រ័យលើទឹកទន្លេផងដែរ។
ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com