អន្តរជាតិ
ថៃ ប្រហារជីវិត​មនុស្ស​លើកដំបូង​តាំងពី​ឆ្នាំ​២០០៩
19, Jun 2018 , 9:59 pm        
រូបភាព
គុក Bang Kwang ជាទីដែលត្រូវប្រើប្រាស់ការអនុវត្តទោសប្រហារជីវិត (រូបភាព The Nation)
គុក Bang Kwang ជាទីដែលត្រូវប្រើប្រាស់ការអនុវត្តទោសប្រហារជីវិត (រូបភាព The Nation)
​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៨ ខែមិថុនា បាន​អនុវត្ត​ទោស​ប្រហារជីវិត​លើកដំបូង​បង្អស់​ចាប់តាំងពី​ឆ្នាំ​២០០៩ មក​។ អ្នកទោស​ឈ្មោះ Theerasak Longji ដែល​បានសម្លាប់​មនុស្ស​ម្នាក់​កាលពី​ឆ្នាំ​២០១២ ត្រូវបាន​ចាក់​ថ្នាំ​សម្លាប់​ក្នុង​គុក​មួយកន្លែង​។ ការប្រហារជីវិត​នេះ​ធ្វើឡើង មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ទៅកាន់​អង់គ្លេស និង​បារាំង ជាទី​ដែល​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋ​អឺរ៉ុប​ទាំងពីរ​នេះ​ដាក់​សម្ពាធ​លើ​របប​យោធា​ឲ្យ​ខ្លាំង​។​



​អ្នកទោស Theerasak Longji ត្រូវបាន​រកឃើញថា មាន​កំហុស​លើ​ករណី​ប្លន់​សម្លាប់​បុរស​ម្នាក់​កាលពី​កក្កដា ឆ្នាំ​២០១២ នៅ​តំបន់ Trang ។ រូប​បាន​គេ​បាន​ចាក់​ជនរងគ្រោះ​២៤​ដង មុននឹង​ប្រមូល​វត្ថុ​មានតម្លៃ​។ ជាការ​អនុវត្ត​ទោស​ប្រហារជីវិត​លើកទីមួយ​ក្រោយ​ឆ្នាំ​២០០៩ ការចាក់​ថ្នាំ​សម្លាប់​ត្រូវបាន​ប្រើប្រាស់​លើ Theerasak Longji នៅក្នុង​គុក Bang Kwang នៅ​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ដែលមាន​រយៈពេល​៦​ឆ្នាំក្រោយ​កើតហេតុ​។​

​មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​គ្រោង​ទៅធ្វើ​ទស្សនកិច្ច​នៅ​អង់គ្លេស និង​បារាំង ទំនងជា​ត្រូវ​ពាក្យ​ឆ្លើយ​នឹង​សំណួរ​ជុំវិញ​ករណី​ប្រហារជីវិត​នេះ​។ លោក ប្រា​យុទ្ធ ក៏​ត្រូវបាន​រំពឹងថា នឹង​ប្រឈមមុខ​ការស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​ដែល​ធ្លាក់ចុះ​ខ្លាំង​តាំងពី​លោក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋ​ស៊ីវិល​កាលពី​៤​ឆ្នាំ​មក​នោះ​។

​យ៉ាងណាមិញ មន្ត្រី​ក្រសួងយុត្តិធម៌​ថៃ​បាន​និយាយ​ការពារ​ការប្រហារជីវិត​នេះ​។ លោក Tawatchai Thaikaew បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ថៃ​នៅតែ​ទោស​នេះ​នៅឡើយ ហើយក៏​មិនទាន់​ការលុបចោល​អ្វី​ដែរ​។ ដូចនេះ​ការអនុវត្ត​ទោស​មួយ​នេះ គឺ​ស្របតាម​ច្បាប់​។ 

​ក្នុង​របាយការណ៍​រប​ស់​នាយកដ្ឋាន​កែប្រែ​ថៃ​ដែល​គ្រប់គ្រង​អ្នកទោស​ច្រើនជាងគេ​លើ​ពិភពលោក ការប្រហារជីវិត​មាន​ចំនួន​៣២៥​លើក​តាំងពី​ឆ្នាំ​១៩៣៥ មក ហើយ​ដែល​ភាគច្រើន​ត្រូវបាន​បាញ់សម្លាប់​។ ប៉ុន្តែ​ការបាញ់សម្លាប់​ត្រូវបាន​ប្ដូរ​ទៅជា​ការចាក់​ថ្នាំ​សម្លាប់​វិញ​ក្នុង​ឆ្នាំ​២០០៣ ។ បន្ទាប់ពី​ការកែប្រែ​នេះ​ដល់​ឆ្នាំ​២០០៩ អ្នកទោស​៦​នាក់​ត្រូវបាន​សម្លាប់​ដោយ​ចាក់​ថ្នាំ​។ ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន នាយកដ្ឋាន​នេះ​ចាត់ទុក​ករណី Theerasak ជា​មេរៀន​សម្រាប់​អ្នកផ្សេង​។​

​ការអនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ ធ្វើ​ឲ្យ​ថៃ​រង​ការរិះគន់​ខ្លាំង​។ អង្គការ​លើកលែងទោស​អន្តរជាតិ​ចាត់ទុក​សកម្មភាព​រប​ស់​រដ្ឋាភិបាល​ថៃ ថា ជាការ​បំពាន​សិទ្ធិមនុស្ស​ដ៏​អាក្រក់ ហើយ​បំភ្លេច​ពាក្យសន្យា​របស់ខ្លួន​ក្នុងការ​លុបបំបាត់​ទោស​ដ៏​ធ្ងន់​មួយ​នេះ​។ នៅត្រឹម​ចុងឆ្នាំ​២០១៧ មនុស្ស​៥១៩ ក្នុងនោះ​ស្ត្រី​៩៤ កំពុង​រង់ចាំ​អនុវត្ត​ប្រហារជីវិត​នេះ ដោយ​ក្នុងនោះ​ជិត​២០០​នាក់ សុទ្ធ​ចាញ់​បណ្ដឹង​ជំទាស់​របស់​ពួកគេ​ទាំងអស់​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com