FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ តារាចម្រៀងកូឡុំប៊ី បាត់វត្ថុមានតម្លៃ ជិត៨០ម៉ឺនដុល្លាក្នុងសណ្ឋាគារនៅរុស្ស៊ី
× តារាចម្រៀង Pop របស់កូឡុំប៊ី Maluma ត្រូវបានចោរលួចយកវត្ថុមានតម្លៃ ដែលគិតជាប្រាក់រហូតដល់ ៧៨ម៉ឺនដុល្លារអាមេរិកពីក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួនមួយកន្លែងនៅជិតទីលានក្រហមក្នុងក្រុងមូស្គូ។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅថ្ងៃទី១៩ ខែមិថុនា។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា Maluma ដែលជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបនៅក្នុងតន្ត្រីបែបឡាទីន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីមើលការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup និងទៅគាំទ្រក្រុមជម្រើសជាតិកូឡុំប៊ីផងដែរ។
ប៉ុន្តែជាអកុសល តារាចម្រៀង វ័យ២៤ឆ្នាំ ត្រូវបានជនល្មើសចូលលួចឥវ៉ាន់មានមួយចំនួនធំពីក្នុងបន្ទប់ស្នាក់នៅឯសណ្ឋាគារ Four Seasons ដែលមានតម្លៃប្រមាណ៧៨ម៉ឺនដុលារ។
ប្រភពព័ត៌មានពីប៉ូលិសពីររូបបានប្រាប់គេហទំព័រព័ត៌មាន RBC ថាជនល្មើសបានយករបស់របរដូចជាកាបូបម៉ាក Louis Vuitton នាឡិកាប្រណីត ១១គ្រឿង គ្រឿងអលង្ការ និងវែនតាចំនួន១០ដែលមានដាំត្បូងពេជ្រ និងគុជខ្យង។
ក្រុមជម្រើសជាតិកូឡុំប៊ីបានភ្លាត់ស្នៀតចាញ់ជប៉ុនក្នុងជំនួបដំបូងនៃវគ្គសន្សំពិន្ទុពូល H។ ការប្រកួតជុំទី២ក្រុមមកពីតំបន់អាមេរិកឡាទីន នឹងត្រូវតទល់ជាមួយប៉ូឡូញដែលជាក្រុមបរាជ័យដូចគ្នានៅថ្ងៃទី២៥ ខែមិថុនា វេលាម៉ោង១អាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕
Tag:
បាល់ទាត់
FIFA World Cup
Maluma
© រក្សាសិទ្ធិដោយ thmeythmey.com