អន្តរជាតិ
លោក ឌូ​ទើ​តេ ចុះហត្ថលេខា​លើ​ច្បាប់​ពង្រឹង​សេវា​ថែទាំ​«​សុខភាព​ផ្លូវចិត្ត​»​ពលរដ្ឋ​ហ្វីលីពីន​
21, Jun 2018 , 9:59 pm        
រូបភាព
រូបភាព Philippine Star
រូបភាព Philippine Star
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានសម្រេច​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​សុខភាព​ផ្លូវចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែមិថុនា​នេះ​ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​សុខភាព​ផ្លូវចិត្ត​ប្រជាជន​ខ្លួន​។ ច្បាប់​ថ្មី​នេះ​នឹង​ផ្តល់​លទ្ធភាព​ដល់​ប្រជាជន​ហ្វីលីពីន ទទួលបាន​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​មានតម្លៃ​សមរម្យ​និង​កាន់តែ​ងាយស្រួល​។



«​ជំនួយ​និង​ការគាំទ្រ​ឥឡូវនេះ​មកដល់​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​មា​ជិ​ក​ព្រឹទ្ធសភា​ហ្វីលីពីន​លោកស្រី Risa Hontiveros ដែលជា​អ្នកស្នើសុំ​អនុម័ត​ច្បាប់​សុខភាព​ផ្លូវចិត្ត​(Mental Health Law)​។

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua សមាជិក​ព្រឹទ្ធសភា​រូបនេះ​រំពឹង ប្រជាជន​ហ្វីលីពីន​នឹង​ទទួលបាន​សេវា​ថែទាំ​សុខភាព​ផ្លូវ​កាន់តែ​ងាយស្រួល និង​មានតម្លៃ​ទាប ក្រោយ​ច្បាប់​មួយ​នេះ​ចូល​ជា​ធរមាន​ផង​។​

 លោកស្រី ពន្យល់​បន្ថែមថា ការចុះហត្ថលេខា​របស់​ប្រធានាធិបតី ឌូ​ទើ​តេ ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ នឹង​ត្រួស​ត្រាយផ្លូវ​ឲ្យ​មានការ​បញ្ជូន​គោលនយោបាយ​ថែទាំ​ង​សុខភាព​ផ្លូវចិត្ត​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណ​របស់​រដ្ឋ​ទាំងមូល​នៅពេល​ខាងមុខ​។

«​រៀងរាល់ថ្ងៃ ប្រជាជន​ហ្វីលីពីន ៧​នាក់​នាំគ្នា​ធ្វើអត្តឃាត​។ មួយ​ក្នុងចំណោម​ប្រាំ​នៃ​ប្រជាជន​ហ្វីលីពីន​វ័យ​ជំទង់​រង​ផលប៉ះពាល់​ពី​បញ្ហា​ផ្លូវចិត្ត​ផងដែរ​»​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី Hontiveros​។

​តាមពិតទៅ​ច្បាប់​ថ្មី​មួយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត និង​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ជាពិសេស​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ដែលជា​រឿង​សំខាន់បំផុត​មួយ​នោះ​។ លោកស្រី Hontiveros បាន​សង្កត់ធ្ងន់ថា បើ​គ្មាន​សុខភាព​ផ្លូវចិត្ត​ល្អប្រសើរ​នោះទេ វា​ក៏​ប្រាកដជា​គ្មាន​សុខភាព​ផ្លូវកាយ​រឹងមាំ​នោះដែរ​។

​បើតាម​ច្បាប់​នេះ សេវា​ថែ​ទាំង​ផ្នែក​សុខភាព​ផ្លូវចិត្ត​នឹងត្រូវ​ផ្តល់​ឲ្យ​ដល់​ប្រជាជន​នៅ​ភូមិ​ឯណោះ​ដោយ​វា​ផ្តោតលើ​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​សុខភាព​ផ្លូវចិត្ត​នោះ​។ ក្រៅពីនោះ​ច្បាប់​នេះ​ក៏មាន​គោលដៅ​អភិវឌ្ឍ​សម្ភារៈ​និង​គ្រឿង​បរិក្ខា​ប្រើប្រាស់​ព្យាយាម​អ្នកជំងឺ​សុខភាព​ផ្លូវចិត្ត និង​លើកកម្ពស់​ការអប់រំ​ពា​ក់​ព័ន្ធ​សុខភាព​ផ្លូវចិត្ត​តាម​សាលារៀន និង​តាម​កន្លែងធ្វើការ​ផងដែរ​៕



Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ច្បាប់​សុខភាព​ផ្លូវចិត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com