កីឡាជាតិ
ជាតិ
អុកចត្រង្គ​៖ រស់ រិទ្ធី​យ៉ា គ្រង​ជើងឯក រីឯ​អតីត​ស្តេច​អុក ឈាវ បូរ៉ា​, ហេង សៅ​ឌី​, ហូ​យ សូ​ណា សុទ្ធតែ​ធ្លាក់​
22, Jun 2018 , 7:39 pm        
រូបភាព
កីឡាករ ហេង សៅឌី, ហូយ សូណា, ឈាវ បូរ៉ា និងកីឡាករ រស់ រិទ្ធីយ៉ា (ពីឆ្វេងទៅស្តាំ)
កីឡាករ ហេង សៅឌី, ហូយ សូណា, ឈាវ បូរ៉ា និងកីឡាករ រស់ រិទ្ធីយ៉ា (ពីឆ្វេងទៅស្តាំ)
ដោយ:
​ក្រោយ​ឆ្លងកាត់​ការប្រកួត​ពីថ្ងៃ​ទី​២០-២១ មិថុនា ឆ្នាំ​២០១៨ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​រកឃើញ​កីឡាករ​ជើង​ខ្លាំង​ទាំង​១៦​រូប ដើម្បី​ត្រៀម​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​២០១៩​ហើយ​។ ប៉ុន្តែ​ចំនួន​នេះ អាចមាន​ការប្រែប្រួល​ទៅតាម​ការសម្រេច​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ តែ​យ៉ាងណា​ក្នុងចំណោម​កីឡាករ​ទាំងនេះ គ្មាន​វត្តមាន​អតីត​ស្តេច​អុក ឈាវ បូរ៉ា​, ហេង សៅ​ឌី និង​ហូ​យ សូ​ណា នោះទេ​។ នា​ការប្រកួត​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ ម្ចាស់​ជើងឯក​បាន​ទៅលើ​កីឡាករ​ជើងចាស់ រស់ រិទ្ធី​យ៉ា​។



​អ្នកលេង​អុកចត្រង្គ​ជើងចាស់ រស់ រិទ្ធី​យ៉ា បាន​គ្រង​ជើងឯក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ ក្រោយ​យកឈ្នះ​កីឡាករ ទេស សា​រ៉ាវី នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ នា​ការប្រកួត​វគ្គ​១/៤ កីឡាករ រស់ រិទ្ធី​យ៉ា បាន​យកឈ្នះ​កីឡាករ ឃី ចំរើន ខណៈ ទេស សា​រ៉ាវី យកឈ្នះ​កីឡាករ ឃឹម ឃឹម​។ បន្ទាប់មក រស់ រិទ្ធី​យ៉ា បាន​បន្ត​យកឈ្នះ នូ ចាន់​ផានិត នៅ​វគ្គ​១/២ រីឯ ទេស សា​រ៉ាវី យកឈ្នះ ប៊ូ ប៉ុណ្ណ​ម៉ូ​លីកា​។​

​កីឡាករ នូ ចាន់​ផានិត ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ ប៊ូ ប៉ុណ្ណ​ម៉ូ​លីកា នា​ការប្រកួត​ដណ្តើមយក​លេខ​៣ រីឯ​កីឡាករ ឃី ចំរើន ទទួលបាន​លេខ​៥ ខណៈ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ឆ​យ វី​រ៉ា បាន​លេខ​៦ និង ម៉េង សេរី​សម្បត្តិ លេខ​៧​។

​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​ចម្រាញ់​យក​កីឡាករ​ជើង​ខ្លាំង​ចំនួន​១៦​រូប ដើម្បី​សុំ​គោលការណ៍​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រាប់​ឆ្នាំ​២០១៩​។ តែ​យ៉ាងណា​ក្នុងចំណោម​កីឡាករ​ទាំងនេះ គ្មាន​វត្តមាន​អតីត​ស្តេច​អុកចត្រង្គ​ពីរ​សម័យកាល ឈាវ បូរ៉ា (២០១៤-២០១៥), អតីត​ស្តេច​អុក​ឆ្នាំ​២០១៧ ហេង សៅ​ឌី​, ស្តេច​អុក​ឆ្នាំ​២០១៦ ហូ​យ សូ​ណា និង​កីឡាករ​ជម្រើសជាតិ ប៊ិន គា​សេង នោះទេ ដោយ​ពួកគេ​សុទ្ធតែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។


កីឡាករ ទេស​ សារ៉ាវី (អាវស) ប្រកួតជាមួយកីឡាករ ឃឹម ឃឹម ក្នុងវគ្គ៨នាក់ចុងក្រោយ

​កីឡាករ រស់ រិទ្ធី​យ៉ា​, ទេស សា​រ៉ាវី​, នូ ចាន់​ផានិត​, ប៊ូ ប៉ុណ្ណ​ម៉ូ​លីកា​, ឃី ចំរើន​, ឆ​យ វី​រ៉ា​, ម៉េង សេរី​សម្បត្តិ​, លឹម ផល្លា​, ឃឹម ឃឹម​, ស៊ីវ ស៊ីន​, សុខ លឹម​ហេង​, សុខ សំបូរ​, ឈិន សំណាង​, រៀម វាសនា​, ឡៅ លី​ម៉េង និង ម៉ាត់ សេន ជា​បេក្ខភាព​ដែល​ត្រូវ​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​។​

​លោក គុជ គឹម​ឡុង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​បញ្ជាក់ថា សម្រាប់​សំណើរ​ខាងលើ គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ថា​តើ​អនុញ្ញាត​ឲ្យ​ប្រមូលផ្តុំ​ជម្រើសជាតិ​ប៉ុន្មាន​នាក់​? តែបើ​តាមចិត្ត​លោក ចង់បាន​ទាំងអស់ ព្រោះ​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធ​គ្នា​ទៅវិញទៅមក​។

«​ខ្ញុំ​មិនទាន់​ដឹងថា ក្រសួង​អប់រំ យល់ព្រម​ឲ្យ​ប៉ុន្មាន​នាក់​នោះទេ​។ ប៉ុន្តែ​យើង​ចង់​ឲ្យ​មានការ​ប្រមូលផ្តុំ​ជម្រើសជាតិ​ច្រើន​នាក់ ព្រោះ​ពួកគេ​អាច​ហ្វឹកហាត់ និង​ចែករំលែក​បទពិសោធ​ជាមួយគ្នា ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​គេ​កាន់តែ​រីកចម្រើន​»​។ ការបញ្ជាក់​របស់លោក គុជ គឹម​ឡុង​។​

​តែ​យ៉ាងណា​កាលពី​លើក​មុន​ក្រសួង​អប់រំ​យុវជន​និង​កីឡា អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​ជម្រើសជាតិ​តែ​៦​នាក់​ប៉ុណ្ណោះ រួមមាន កីឡាករ ឆ​យ វី​រ៉ា​, ហេង សៅ​ឌី​, សុខ លឹម​ហេង​, ប៊ិន គា​សេង​, រស់ រិទ្ធី​យ៉ា និង ប៊ូ ប៉ុណ្ណ​ម៉ូ​លីកា​។ ប៉ុន្តែ​កីឡាករ ហេង សៅ​ឌី និង​កីឡាករ ប៊ិន គា​សេង បាន​ខ្ទាត​ចេញពី​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​២០១៩៕    


Tag:
 អុកចត្រង្គ​
  រស់ រិទ្ធី​យ៉ា​
  ឈាវ បូរ៉ា​
  ហេង សៅ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com