រដ្ឋមន្ត្រីកម្ពុជាចំនួន៥រូបរួមមាន លោក អូន ព័ន្ធមុន្នីរ័ត្ន, លោក លឹម គានហោ, លោក ថោង ខុន, លោក ហង់ ជួនណារ៉ុន និងលោក ប៉ាន សូរស័ក្តិ កំពុងកាន់ខ្សែក្រវាត់ខ្មៅកម្រិតពី២-៧ដាន់ លើប្រភេទកីឡាតេក្វាន់ដូ និងការ៉ាតេដូ។ ក្រៅពីនេះ ក៏មានមន្ត្រីរដ្ឋាភិបាល មន្ត្រីកីឡា និងព្រឹទ្ធាចារ្យកីឡា ដែលកំពុងពាក់ខ្សែក្រវាត់ខ្មៅក្នុងកម្រិតនេះ ឬលើសនេះជាច្រើនរូបទៀតផងដែរ។
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រៅពីមានតួនាទីដឹកនាំក្រសួងរៀងៗខ្លួនឲ្យមានការរីកចម្រើន។ រដ្ឋមន្ត្រីទាំង៥រូបនេះ ក៏កំពុងកាន់តួនាទីក្នុងអង្គភាព ឬស្ថាប័នកីឡាជាមួយកម្រិតខ្សែក្រវាត់ខ្មៅរហូត៧ដាន់ផងដែរ។
ការ៉ាតេដូ
បើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាការ៉ាតេដូ ដែលកំពុងពាក់ខ្សែក្រវាត់ខ្មៅ៧ដាន់ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានសហព័ន្ធខ្មែរកីឡាការ៉ាតេដូ កំពុងពាក់ខ្សែក្រវាត់ខ្មៅ៧ដាន់ រីឯលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ខ្សែក្រវាត់ខ្មៅ៦ដាន់ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្សែក្រវាត់ខ្មៅ២ដាន់។ ចំណែកលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា កាន់ខ្សែក្រវាត់ខ្មៅ៨ដាន់។ នៅមានកីឡាករ និងមន្ត្រីកីឡាជាច្រើនរូបទៀតផងដែរ។
តេក្វាន់ដូ WTF (កូរ៉េខាងត្បូង)
លោក ជាតិ ខេមរា អគ្គហិរញ្ញឹកសហព័ន្ធ និងជាគ្រូបង្វឹកកាន់ខ្សែក្រវាត់ខ្មៅ៥ដាន់បាននិយាយថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាពាក់ខ្មែរក្រវាត់ខ្មៅ២ដាន់ ដែលទើបទទួលបាននៅឆ្នាំ២០១៨នេះ។ រីឯអនុប្រធានសហព័ន្ធលោក ហែម សំណាង ពាក់ខ្សែក្រវាត់ខ្មៅ៦ដាន់, លោក ជ្រិន សុធា អនុប្រធានក្រវ៉ាត់ខ្មៅ៤ដាន់ និងលោក គង់ សក្ខិដា អគ្គលេខាធិការក្រវ៉ាត់ខ្មៅ៥ដាន់។ ចំណែក លោក ថោង ខុន អតីតប្រធានសហព័ន្ធនេះ ដែលលាលែងពីតំណែងកាលពីឆ្នាំ២០១៣ កំពុងពាក់ខ្សែក្រវាត់ខ្មៅ៦ដាន់។
តេក្វាន់ដូ ITF (កូរ៉េខាងជើង)
អគ្គហិរញ្ញឹកសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាគ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៤ដាន់លោក ប៉ាល់ ជីវ័ន បានបញ្ជាក់ថា លោក កែវ រ៉េមី អគ្គលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកំពុងពាក់ខ្សែក្រវាត់ខ្មៅ៥ដាន់ រីឯលោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការខ្សែក្រវាត់ខ្មៅ៦ដាន់ ស្មើអគ្គលេខាធិការរងលោក ហ៊ឹម លីដា។
ហាប់គីដូ
បើយោងតាមលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូកម្រិតខ្សែក្រវាត់ខ្មៅ៦ដាន់ ក្នុងសហព័ន្ធលោកអ្នកមានកម្រិតខ្សែក្រវាត់ខ្មៅខ្ពស់ជាងគេ គឺលោកព្រឹទ្ធាចារ្យ សាន គីមស៊ាន ដោយពាក់ខ្សែក្រវាត់ខ្មៅ១០ដាន់។ បន្ទាប់មក គឺលោក សេង ប៊ុនសុង ដែលមានខ្សែក្រវាត់ខ្មៅ៩ដាន់។ ព្រឹទ្ធាចារ្យទាំង៣រួមមាន លោក ហុក ឈាងគីម, លោក តាំង សិលា និងលោក អ៊ឹង សំរេច ពាក់ខ្សែក្រវាត់ខ្មៅ៧ដាន់ដូចគ្នា។ ចំណែក លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង, លោក ហុង ស៊ិនហេង និងឧកញ៉ា សៅ សេងហាក់ ដែលមានតួនាទីជាអនុប្រធានពាក់ខ្សែក្រវាត់ខ្មៅ៥ដាន់, ៣ដាន់ និង២ដាន់ជាបន្តបន្ទាប់៕