ជាតិ
សេដ្ឋកិច្ច
សួនសត្វ​ដំបូងបង្អស់​នៅ​ភ្នំពេញ​លើ​ផ្ទៃដី ៦០​ហិកតា បើក​ដំណើរការ​
24, Jun 2018 , 9:00 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន LYP Group របស់លោក លី យ៉ុង​ផាត់ បាន​បើក​ដំណើរការ​គម្រោង​វិនិយោគ​ថ្មី​របស់ខ្លួន គឺ​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី នៅ​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ត្រូវបាន​សម្ពោធ​ក្រោម​អធិបតីភាព​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៣​ខែមិថុនា​នេះ​។​


​គម្រោង​សួនសត្វ​ដំបូង​បំផុត​នៅ​ភ្នំពេញ​មួយ​នេះ ត្រូវបាន​រៀបចំ​លើ​ផ្ទៃដី​ជាង ៦០​ហិកតា​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក លី យ៉ុង​ផាត់ ដែលមាន​ផ្ទៃដី​សរុប​ជាង ១០០០​ហិកតា ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។ គម្រោង​នេះ ត្រូវបាន​បោះទុន​វិនិយោគ​ប្រមាណ ១០​លាន​ដុល្លារ​។ 
 
​សួនសត្វ​សា​ហ្វា​រី មាន​សត្វព្រៃ ៨៩​ប្រភេទ និង​ផ្ដល់​ការសំដែង​របស់​ប្រភេទ​សត្វ​មួយចំនួន​។ ក្រៅពី​បម្រើ​ឲ្យ​ការកម្សាន្ត សួនសត្វ​មួយ​នេះ​ក៏​ដើរតួនាទី​ជា​កន្លែង​អភិរក្ស​សត្វ​ផងដែរ​។​
 
​លោក លី យ៉ុង​ផាត់ ថ្លែងថា សួនសត្វ​មួយ​នេះ ត្រូវបាន​ផ្លាស់ប្ដូរ​ពី​គម្រោង​មុន​នៅ​ខេត្តកោះកុង​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ផ្លាស់ប្ដូរ​សួនសត្វ​មក​ភ្នំពេញ ព្រោះ​កំណើន​ប្រជាន​ជន​នៅ​ភ្នំពេញ និង​តំបន់​ជុំវិញ ដែល​កំពុង​ត្រូវការ​កន្លែង​កម្សាន្ត​ថ្មី និង​ទំនើប សមស្រប​នឹង​ជីវភាព​របស់​ពួកគេ​កាន់តែ​ធូរធា​»​។ ប្រធាន​ក្រុមហ៊ុន LYP Group ដែលមាន​គម្រោង​វិនិយោគ​យ៉ាងច្រើន​រូបនេះ បាន​បន្ថែមថា គម្រោង​សួនសត្វ​នេះ នឹង​ជួយ​លើក​មុខមាត់​រាជធានី​ភ្នំពេញ ហើយនឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើនឡើង​។​
 
​សួនសត្វ​ដែល​ត្រូវ​បើកសម្ពោធ​នៅថ្ងៃនេះ បាន​បង្កើត​ការងារ​ចំនួន ២៣០​កន្លែង​។ ហើយ​ជា​ជំហាន​បន្ទាប់ លោក លី យ៉ុង​ផាត់ ឲ្យ​ដឹងថា សួនសត្វ​នេះ​នឹងត្រូវ​ពង្រីក​ដល់​ទៅ ១៦០​ហិកតា​៕
 

Tag:
 សួនសត្វ​
  លី យ៉ុង​ផាត់​
  lyp group
© រក្សាសិទ្ធិដោយ thmeythmey.com