ភ្នំពេញ៖ ពេលនេះ ច្បាប់សញ្ជាតិថ្មី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ។ មជ្ឈដ្ឋានជាច្រើន កំពុងតែបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះច្បាប់សញ្ជាតិថ្មី។ ពួកគេ មើលឃើញថា បើប្រៀបធៀបនឹងច្បាប់សញ្ជាតិចាស់ ច្បាប់សញ្ជាតិថ្មី គឺផ្តល់ភាពងាយស្រួលជាងមុន ដើម្បីឲ្យជនបរទេស ជាពិសេសជនជាតិវៀតណាម ទទួលបានសញ្ជាតិខ្មែរ។ តើខ្លឹមសារនៃច្បាប់សញ្ជាតិថ្មី ពិតជាគួរឲ្យបារម្ភបែបនេះមែនឬ?
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទៅ និងក្រុមសង្គមស៊ីវិល រួមទាំងអ្នកនយោបាយក្រៅរដ្ឋាភិបាល ចំពោះច្បាប់សញ្ជាតិថ្មី អាចថា ជាការព្រួយបារម្ភដ៏ត្រឹមត្រូវ និងសមហេតុផល។ តែជួនកាល ការព្រួយបារម្ភនេះ ក៏អាចជាការព្រួយបារម្ភ ដែលគ្រាន់កើតឡើងតៗគ្នា ឬជាការព្រួយបារម្ភ ដែលកើតឡើងព្រោះតែមិនបានយល់ច្បាស់ពីខ្លឹមសារនៃច្បាប់សញ្ជាតិថ្មីក៏បាន។
ដើម្បីរកឃើញថា ច្បាប់ថ្មី ធូររលុង ឬក៏តឹងរឹង សម្រាប់ជនបរទេស ដែលស្នើសុំសញ្ជាតិខ្មែរ លុះត្រាតែយើង សិក្សា និងឈ្វេងយល់ឲ្យបានគ្រប់ជ្រុងជ្រោយរវាងច្បាប់ថ្មីនេះ និងច្បាប់ចាស់ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ជាមុនសិន។ មិនថានៅក្នុងច្បាប់ថ្មី ឬក៏នៅក្នុងច្បាប់ចាស់នោះទេ ជនបរទេស មានច្រកពីរ ដើម្បីទទួលបានសញ្ជាតិខ្មែរ គឺតាមរយៈការរៀបអាពាហ៍ពិពាហ៍ និងតាមរយៈសញ្ជាតូបនីយកម្ម។
ការសុំសញ្ជាតិខ្មែរ តាមរយៈការរៀបអាពាហ៍ពិពាហ៍
មាត្រា១១ នៃច្បាប់សញ្ជាតិថ្មី បានចែងថា ជនបរទេសណា ដែលរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ហើយរស់នៅជាមួយគ្នាបាន៣ឆ្នាំ និងបានរស់នៅពេញលេញរយៈពេល១ឆ្នាំ ក្នុងប្រទេសកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ លើសពីនេះ ច្បាប់ថ្មី នៅតម្រូវឲ្យជនបរទេស បំពេញលក្ខខណ្ឌ៥យ៉ាងទៀត គឺ ១. មានសីលធម៌, ២. មិនដែលមានទោស, ៣. មានទីលំនៅក្នុងប្រទេសកម្ពុជា, ៤. ចេះនិយាយ ចេះអក្សរ និងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរ និង ៥. មានបញ្ញានិងកាយសម្បទាល្អ។
ការសុំសញ្ជាតិខ្មែរ ជាចង្កោមគ្រួសារ ដោយអាពាហ៍ពិពាហ៍
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមាត្រា១១ដដែល នៃច្បាប់ថ្មី បានចែងបន្ថែមនូវចំណុចមួយ ដោយអនុញ្ញាតឲ្យជនបរទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខែ្មរ អាចបញ្ចូលកូនៗរបស់ពួកគេជាអនីតិជន (អ្នកមានអាយុក្រោម១៨ឆ្នាំ) ទៅក្នុងសំណើតែមួយ ពេលស្នើសុំសញ្ជាតិខ្មែរ ដែលហៅថា «ការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ»។ នេះបង្ហាញថា ជនបរទេសជាអនីតិជនគ្រប់រូប ដែលឪពុកឬម្តាយរបស់ពួកគេ បានរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ អាចសុំសញ្ជាតិខ្មែរជាមួយឪពុកឬម្តាយរបស់ពួកគេ ក្នុងពេលតែមួយតែម្តង។
រីឯ ច្បាប់ចាស់ មិនបានចែងអ្វីច្រើននោះទេ ចំពោះជនបរទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ។ មាត្រា៥ នៃច្បាប់ចាស់ គ្រាន់តែកំណត់ថា ជនបរទេសណា ដែលរៀបអាពាហ៍ពិពាហ៍មួយពលរដ្ឋខ្មែរ ហើយក្រោយមករស់នៅជាមួយគ្នាបាន៣ឆ្នាំ ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ចំពោះការរស់នៅឲ្យបាន១ឆ្នាំក្នុងប្រទេសកម្ពុជា និងលក្ខខណ្ឌទាំង៥យ៉ាង មិនមានចែងក្នុងច្បាប់ចាស់នោះទេ។
យ៉ាងណាក៏ដោយ បើអនុវត្តតាមច្បាប់ចាស់ ជនបរទេស មិនអាចសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ តាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរឡើយ ពីព្រោះច្បាប់ចាស់ ពុំបានចែងត្រង់ចំណុចនេះ។
ការសុំសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម
ក្រៅពីរៀបអាពាហ៍ពិពាហ៍ ជនបរទេស នៅមានមធ្យោបាយមួយទៀត ដើម្បីទទួលបានសញ្ជាតិខ្មែរ គឺតាមរយៈសញ្ជាតូបនីយកម្ម។ អាចបែងចែកជនបរទេសជា៤ក្រុម ក្នុងការស្នើសុំសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម គឺជនបរទេសទូទៅ, ជនបរទេសជាអ្នកជំនួញ, ជនបរទេស ដែលផ្តល់ថវិកា ដើម្បីអភិវឌ្ឍវិស័យណាមួយនៅកម្ពុជា និងជនបរទេស ដែលមានស្នាដៃពិសេស សម្រាប់កម្ពុជា។
ជនបរទេសទូទៅ
ដើម្បីអាចស្នើសុំសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម មាត្រា១៩ នៃច្បាប់ថ្មី ទាមទារឲ្យជនបរទេស ត្រូវមានគុណសម្បតិ្តចំនួន៥ គឺ ១. បានរស់នៅជាប់រយៈពេល៧ឆ្នាំ ក្នុងប្រទេសកម្ពុជា, ២. មានសីលធម៌, ៣. មិនដែលមានទោស, ៤. ចេះនិយាយ ចេះអក្សរ និងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរ ហើយទទួលយកបានចំពោះប្រពៃណីខ្មែរ, និង ៥. មានបញ្ញានិងកាយសម្បទាល្អ។
ខ្លឹមសារនៃមាត្រា១៩ ដែលមានចែងក្នុងច្បាប់ថ្មី ដូចគ្នាទាំងស្រុងទៅនឹងមាត្រា៨នៃច្បាប់ចាស់។ ដូច្នេះ ត្រង់មាត្រា១៩ នៃច្បាប់ថ្មី និងមាត្រា៨ នៃច្បាប់ចាស់ គេ មិនអាចវាយតម្លៃថាមួយណា ផ្តល់ភាពងាយស្រួលជាង ដើម្បីឲ្យជនបរទេស ទទួលបានសញ្ជាតិខ្មែរ នោះទេ។
មាត្រា១៩ នៃច្បាប់ថ្មី និងមាត្រា៨នៃច្បាប់ចាស់ និយាយពីលក្ខខណ្ឌ សម្រាប់ជនបរទេសទូទៅ ដែលចង់ស្នើសុំសញ្ជាតិខ្មែរ។ ប៉ុន្តែ សម្រាប់ជនបរទេសជាអ្នកវិនិយោគ ជនបរទេស ដែលបានបរិច្ចាគថវិកាដល់កម្ពុជា និងជនបរទេស ដែលមានស្នាដៃ គឺមានលក្ខណៈពិសេស ឬក៏មានភាពងាយស្រួងជាងជនបរទេសទូទៅ ដើម្បីទទួលបានសញ្ជាតិខ្មែរ។
ជនបរទេសជាអ្នកជំនួញ
មាត្រា២១ នៃច្បាប់ថ្មី ចែងថា ជនបរទេសណា (អ្នកវិនិយោគ ឬអ្នកជំនួញ) ដែលទទួលបានការអនុញ្ញាតឲ្យវិនិយោគ ហើយបានចំណាយទុន ក្នុងការអនុវត្តគម្រោងជាក់ស្តែងក្នុងប្រទេសកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ប៉ុន្តែ នៅមានលក្ខខណ្ឌ៦យ៉ាងទៀត ដែលជនបរទេសជាអ្នកវិនិយោគ ត្រូវបំពេញ គឺ ១. បានស្នាក់នៅពេញលេញរយៈពេល១ឆ្នាំ ក្នុងប្រទេសកម្ពុជា, ២. មានសីលធម៌, ៣. មិនដែលមានទោស, ៤. មានបណ្ណស្នាក់នៅ និងមានទីលំនៅក្នុងប្រទេសកម្ពុជា, ៥. ចេះនិយាយ ចេះអក្សរ និងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរ ហើយទទួលយកបានចំពោះប្រពៃណៃខ្មែរ, និង ៦. មានបញ្ញា និងកាយសម្បទាល្អ។
មាត្រា២១ នៃច្បាប់ថ្មី ពុំបានចែងនោះទេ ថាចំនួនទឹកប្រាក់ប៉ុន្មាន ដែលត្រូវកំណត់ សម្រាប់ការវិនិយោគ។ ប៉ុន្តែមាត្រានេះ បានចែងថា ចំនួនទឹកប្រាក់ សម្រាប់ការវិនិយោគ ត្រូវកំណត់ដោយរដ្ឋាភិបាល តាមរយៈអនុក្រឹត្យ។
ចំណែក ច្បាប់ចាស់ មិនមានលក្ខខណ្ឌអ្វីវែងឆ្ងាយឡើយ។ មាត្រា១០ នៃច្បាប់ចាស់ បានចែងចំៗថា ជនបរទេសណា (អ្នកវិនិយោគ) ដែលទទួលបានការអនុញ្ញាតឲ្យវិនិយោគ ហើយបានអនុវត្តគម្រោងជាក់ស្តែង ដោយចំណាយទុនចាប់ពី ១,២៥០,០០០,០០០ រៀល ឡើងទៅ ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ឯ រយៈពេលនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានច្បាប់ចាស់ ចែងថា ត្រូវបានលើកលែង ពោលគឺឲ្យតែជនបរទេសណា ដាក់ទុនចាប់ពី១,២៥០,០០០,០០០ រៀល ឡើងទៅ ចូលទៅក្នុងគម្រោងវិនិយោគ ជនបរទេសនោះ នឹងអាចស្នើសុំសញ្ជាតិខ្មែរតែម្តង។
ជនបរទេស ដែលបរិច្ចាគថវិកា
ចំពោះជនបរទេស ដែលបរិច្ចាគថវិកាឲ្យប្រទេសកម្ពុជា គឺរឹតមានភាពងាយស្រួលជាងជនបរទេសជាអ្នកវិនិយោគ ទៅទៀត។ មាត្រា២២ នៃច្បាប់ថ្មី បានចែងថា ជនបរទេសណា ដែលផ្តល់ថវិកា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។
លក្ខខណ្ឌ៥យ៉ាង សម្រាប់ជនបរទេស ដែលបានផ្តល់ថវិកាដល់ប្រទេសកម្ពុជា ត្រូវបំពេញ គឺ ១. បានស្នាក់នៅពេញលេញរយៈពេល៦ខែ ក្នុងប្រទេសកម្ពុជា, ២. មានសីលធម៌, ៣. មិនដែលមានទោស, ៤. បណ្ណស្នាក់នៅនិងមានទីលំនៅក្នុងប្រទេសកម្ពុជា, និង ៥. មានបញ្ញា និងកាយសម្បទាល្អ។
មាត្រា២២ នៃច្បាប់ថ្មី ក៏ដូចជាមាត្រា២១ដែរ គឺមិនបានចែងនោះទេ ថាចំនួនទឹកប្រាក់ប៉ុន្មាន ដែលតម្រូវឲ្យជនបរទេស បរិច្ចាគ មុននឹងស្នើសុំសញ្ជាតិខ្មែរ។ ចំនួនទឹកប្រាក់ ដែលត្រូវបរិច្ចាគ គឺត្រូវកំណត់ដោយអនុក្រឹត្យ។
ច្បាប់ចាស់ ចែងខ្លីជាងច្បាប់ថ្មី ចំពោះជនបរទេស ដែលបរិច្ចាគថវិកា។ ប៉ុន្តែ ច្បាប់ចាស់ បានកំណត់ចំនួនទឹកប្រាក់តែម្តង ដោយចែងក្នុងមាត្រា១២ថា ជនបរទេសណា ដែលបានបរិច្ចាគថវិកា ១,០០០,០០០,០០០ រៀល ឡើងទៅ ដើម្បីស្តារនិងកសាងសេដ្ឋកិច្ចកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ហើយ រយៈពេលនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានលើកលែង។
ជនបរទេស ដែលមានស្នាដៃ
ជនបរទេសជាអ្នកមានស្នាដៃអស្ចារ្យឬពិសេសសម្រាប់កម្ពុជា មានភាពងាយស្រួលជាងគេ ដើម្បីស្នើសុំសញ្ជាតិខ្មែរ។ មាត្រា២៣ នៃច្បាប់ថ្មី បានចែងថា ជនបរទេសណា ដែលបានបង្ហាញភស្តុតាង ពីគុណសម្បត្តិពិសេសឬថ្វីដៃអ្វីមួយរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កម្ពុជា ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ លក្ខខណ្ខតែ៣យ៉ាងប៉ុណ្ណោះ សម្រាប់បរទេសប្រភេទនេះ គឺ ១. មានសីលធម៌, ២. មិនដែលមានទោស, និង៣. មានបញ្ញានិងកាយសម្បទាល្អ។
សម្រាប់ច្បាប់ចាស់វិញ កាន់តែមាននីតិវិធីខ្លី សម្រាប់ជនបរទេសដែលមានស្នាដៃ។ មាត្រា១៣ នៃច្បាប់ចាស់ បានចែងថា ជនបរទេសណា ដែលបង្ហាញភស្តុតាងពីគុណសម្បត្តិឬថ្វីដៃពិសេសអ្វីមួយរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរតែម្តង។ មាត្រា១៣នៃច្បាប់ចាស់ មិនមានចែងពីលក្ខខណ្ខអ្វីឡើយ ចំពោះបរទេសដែលមានស្នាដៃ។
ការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ ដោយសញ្ជាតូបនីយកម្ម
ពិតមែនហើយ ថាការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារតាមរយៈអាពាហ៍ពិពាហ៍ មិនមានទេក្នុងច្បាប់ចាស់ គឺទើបតែនឹងមានក្នុងច្បាប់ថ្មីនេះឯង។ ប៉ុន្តែ ការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ តាមរយៈសញ្ជាតូបនីយកម្ម គឺមានទាំងក្នុងច្បាប់ចាស់ និងក្នុងច្បាប់ថ្មី។
ច្បាប់ថ្មី បានរក្សាន័យដើមរបស់ច្បាប់ចាស់ដដែល ដោយសរសេរថា ជនបរទេស ដែលមានសហព័ទ្ធ (ប្តី ឬប្រពន្ធ) ឬកូនជាអតីតិជន អាចស្នើសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ តាមរយៈសញ្ជាតូបនីយកម្ម។
នីតិវិធី និងការផ្តល់សញ្ជាតិខ្មែរ
ចំណុចមួយទៀត ដែលច្បាប់ថ្មី និងច្បាប់ចាស់ ចែងដូចគ្នា គឺបែបបទនិងនីតិវិធីនៃការសុំសញ្ជាតិខ្មែរ។ មិនថាតាមរយៈការរៀបអាពាហ៍ពិពាហ៍ ឬក៏តាមរយៈសញ្ជាតូបនីយកម្មនោះទេ បែបបទនិងនីតិវិធីនៃការសុំសញ្ជាតិខ្មែរ គឺសុទ្ធតែកំណត់ដោយអនុក្រឹត្យ។ ហើយការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស គឺត្រូវសម្រេចដោយព្រះរាជក្រឹត្យ។ បើជនបរទេសណា ទទួលបានសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យរួចហើយ ជនបរទេសនោះ ត្រូវតែចូលទៅស្បថក្នុងតុលាការកំពូល ដែលជាដំណាក់កាលចុងក្រោយ។
បើសង្កេតនិងតាមដានមើលទៅ ឃើញថាមានចំណុចសំខាន់ៗពីរ ដែលធ្វើឲ្យមជ្ឈដ្ឋាននានាព្រួយបារម្ភចំពោះច្បាប់ថ្មី គឺការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារតាមរយៈការរៀបអាពាហ៍ពិពាហ៍ និងការផ្តល់សិទ្ធិឲ្យរដ្ឋាភិបាល ជាអ្នកកំណត់ទឹកប្រាក់សម្រាប់ជនបរទេសជាអ្នកវិនិយោគ រួមទាំងការកំណត់ទឹកប្រាក់សម្រាប់ជនបរទេស ដែលត្រូវបរិច្ចាគ ដើម្បីសុំសញ្ជាតិខ្មែរ។ ពួកគេ បារម្ភថា ច្បាប់ថ្មីនេះ ធ្វើឲ្យជនបរទេសជាច្រើន ជាពិសេសជនជាតិវៀតណាម នឹងមានភាពងាយស្រួលក្នុងការសុំសញ្ជាតិខ្មែរ ដោយសុំជាគ្រួសារក្នុងពេលតែមួយតែម្តង។
ការព្រួយបារម្ភត្រង់ចំណុចនេះ ត្រូវបានលោក ប៊ុន ហុន អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈមេធាវី បានចេញមកបកស្រាយ។ លោក លើកឡើងថា ការអនុញ្ញាតឲ្យជនបរទេស ភ្ជាប់កូនៗរបស់ពួកគេ ដែលមានអាយុក្រោម១៨ឆ្នាំ ចូលទៅក្នុងសំណើតែមួយ ពេលស្នើសុំសញ្ជាតិខ្មែរ តាមរយៈការរៀបអាពាហ៍ពិពាហ៍ មិនមែនមានតែនៅកម្ពុជានោះទេ សូម្បីនៅតាមប្រទេសផ្សេងៗ ក៏មានដែរ។ លោក បន្ថែមថា ការអនុញ្ញាតបែបនេះ គឺជាការគោរពសិទ្ធិកុមារ ឬសិទ្ធិអនីតិជន ដែលត្រូវរស់នៅជាមួយឪពុកម្តាយ។
លោក ប៊ុន ហុន ដែលអះអាងថាលោក ជាមនុស្សម្នាក់ ដែលបានចូលរួមសរសេរច្បាប់សញ្ជាតិថ្មី បានពន្យល់យ៉ាងដូច្នេះ៖«សូម្បីតែពលរដ្ឋខ្មែរ ដែលទៅរៀបការជាមួយជនបរទេស នៅប្រទេសណាក៏ដោយ ហើយបើខ្មែរយើងបានទទួលសញ្ជាតិរបស់គេតាមរយៈការរៀបអាពាហ៍ពិពាហ៍នេះ ហើយពេលមានកូនតូចអាយុ២-៣ឆ្នាំ និយាយជារួមក្រោមអាយុ១៨ឆ្នាំ ដែលត្រូវរស់នៅជាមួយឪពុកម្តាយ គឺទៅសុំចូលសញ្ជាតិរបស់គេ ជាមួយឪពុកម្តាយ បានដូចគ្នាទេ។ នៅប្រទេសបារាំងក្តី ឬនៅអាមេរិកក្តី សូមឲ្យពួកគាត់ពិនិត្យមើលច្បាប់នៅប្រទេសអស់ហ្នឹងទៅ មិនខុសគ្នាទេ»។
ចំណែកឯ ចំនួនទឹកប្រាក់ សម្រាប់ជនបរទេសជាអ្នកវិនិយោគ ដែលត្រូវដាក់ទុនក្នុងគម្រោងវិនិយោគ និងចំនួនទឹកប្រាក់ សម្រាប់ជនបរទេស ដែលត្រូវបរិច្ចាគ មិនបានចែងឬកំណត់ក្នុង ច្បាប់ថ្មីឡើយ ដោយទុកសិទ្ធិនៃការកំណត់នេះ ទៅឲ្យរដ្ឋាភិបាលវិញ។ ចំណុចនេះ ធ្វើឲ្យមានក្តីបារម្ភថា បើរដ្ឋាភិបាលកំណត់តាមចិត្ត ហើយកំណត់ចំនួនទឹកប្រាក់តិចជាងច្បាប់ចាស់ នោះជនបរទេសដែលជាអ្នកវិនិយោគ និងជនបរទេសជាអ្នកមាន នឹងមានភាពងាយស្រួល ដើម្បីបានសញ្ជាតិខ្មែរ។
ស្តាប់ទៅដូចជាសមហេតុផល និងពិតជាគួរឲ្យព្រួយបារម្ភមែន បើរដ្ឋាភិបាលកំណត់ចំនួនទឹកប្រាក់តិចជាងច្បាប់ចាស់។ ចុះបើអនុក្រឹត្យរបស់រដ្ឋាភិបាល ចេញមកដោយកំណត់ចំនួនទឹកប្រាក់ច្រើនជាងច្បាប់ចាស់ យ៉ាងម៉េចទៅវិញ?
ពុំទាន់មានមន្ត្រីរដ្ឋាភិបាលណា អាចនិយាយជាមុនឡើយ ថារដ្ឋាភិបាល នឹងកំណត់ចំនួនទឹកប៉ុន្មាន។ ប៉ុន្តែ លោក ប៊ុន ហុន សន្និដ្ឋានថា រដ្ឋាភិបាល នឹងកំណត់ចំនួនទឹកប្រាក់ច្រើនជាងមុន។
អ្នកជំនាញផ្នែកច្បាប់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការកំណត់ឲ្យចំនួនទឹកប្រាក់មកទាបនេះ គឺកម្រណាស់ ព្រោះសេដ្ឋកិច្ចយើង ទៅមុខ។ ចំនួនទឹកប្រាក់ ដែលត្រូវកំណត់ ដោយអនុក្រឹត្យ គឺយ៉ាងហោចគុណនឹង៣ដង បើធៀបនឹងទឹកប្រាក់ដែលកំណត់ក្នុងច្បាប់បច្ចុប្បន្ននេះ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា ប្រហែលជា១លានដុល្លារឡើងទៅ»។
សូមបញ្ជាក់ថា ច្បាប់សញ្ជាតិថ្មី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២0១៨ ដើម្បីដាក់ឲ្យអនុវត្តជាផ្លូវការ។ ច្បាប់ថ្មីនេះ គឺកើតចេញគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងទទួលបានការយល់ព្រមទាំងស្រុងពីរដ្ឋសភា និងព្រឹទ្ធសភា៕