ពីនេះ ពីនោះ
ពាក្យ​មួយចំនួន​យុវវ័យ​បង្កើត​ថ្មី ដើម្បី​ប្រើ​ឲ្យ​ស័ក្តិសម​នឹង​សម័យកាល​នេះ​
27, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពាក្យ​មួយចំនួន​ត្រូវបាន​យុវវ័យ​សម័យ​ឌីជីថល បង្កើត​ឲ្យ​មាន​ឡើង ដោយ​ពួកគេ​ទម្លាប់​ប្រើ​ជា​ភាសា​និយាយ ឬ​សរសេរ ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ ហើយ​ពាក្យ​ខ្លះ មានន័យថា​ចំអកចំអន់ ឬ​ក្នុងន័យ​លេងសើច​។ តើ​ពាក្យ​ទាំងនោះ​មាន​អ្វីខ្លះ​? ហើយ​មាន​ខ្លឹមសារ​ច្បាស់លាស់​ប៉ុនណា​?



​ពាក្យ «៤១៤១»
​ពាក្យ​ដែល​យុវវ័យ​សម័យ​ទំនើប​នេះ តែង​ប្រើ​ជារឿយៗ​នោះ​មានដូចជា «៤១៤១» គឺជា​ពាក្យ​ពេញនិយម​ដែល​កើតចេញពី​យុវជន​មួយក្រុម បាន​ឡាយ​វី​ឌី​អូ​តាម​ហ្វេ​ស​ប៊ុ​ក​ពី​រយៈពេល​កន្លងទៅនេះ ដោយ​ពួកគេ​ចង់​និយាយថា ៤១៤១ នេះ​មានន័យថា Share មួយ Share មួយ​។ ពួកគេ​ចង់​ឲ្យ​មិត្តភក្តិ​ដែល​កំពុង​មើល​ការ​ឡាយ​របស់​វី​ឌី​អូ ជួយ Share វី​ឌី​អូ​របស់គេ​ម្នាក់ៗ​មួយ​ផង​។​

​ពាក្យ «​បែក​ស្លុយ​»
​ចំពោះ «​បែក​ស្លុយ​» នៅតែ​ជា​ពាក្យ​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ ដែល​ពួកគេ ចូលចិត្ត​និយាយ​ពាក្យ​នេះ  សំដៅលើ ជនណាម្នាក់​ដែល មាន​សតិ​បញ្ហា​មិន​ប្រក្រតី​ផ្នែក​គំនិត មាន​បញ្ហា​ផ្លូវចិត្ត​មិន​នឹងធឹង និយាយ​អ្វី​មិនដឹង​ក្បាល មិនដឹង​កន្ទុយ ចូលចិត្ត​និយាយ​អ្វី​ប្លែកៗ និង​តែងខ្លួន​ចម្លែកៗ ជាដើម​។

​ពាក្យ «​អត់​លិឍ​»
​សម្រាប់​ពាក្យ «​អត់​លិឍ​» ជា​ពាក្យ​ជំនួស​ថា គ្មាន​សង្សារ គ្មាន​ដៃគូ គ្មាន​អ្នក​យល់ចិត្ត ជាដើម​។ ពាក្យ​នេះ ស្តាប់ទៅ​ដូចជា​អាក្រក់​បន្តិច​មែន តែ​ភាគច្រើន​គេ​និយាយ​ក្នុងន័យ​ថា សើចចំអក ឲ្យ​នរណាម្នាក់​ដែល​មិនទាន់មាន​គូ ឬ​សង្សារ​តែប៉ុណ្ណោះ​។​

​ពាក្យ «​ឡូយ​កប់​លូ​»
«​ឡូយ​កប់​លូ​» ជា​ពាក្យថ្មី​មួយ ដែល​យុវជន​បង្កើតឡើង ដោយ​ផ្សំ​ពាក្យ​ខ្មែរ ថា «​ឡូយ​» ជាមួយ​ពាក្យ «​កប់​លូ​» ដែល​សំដៅលើ ភាព​អស្ចារ្យ ភាពទាន់សម័យ ឬ​ភាពល្អប្រសើរ ជាដើម​។ ពាក្យ​ថា «​ឡូយ​» នៅក្នុង​វចនានុក្រម​ខ្មែរ គឺជា​ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​ប្រើ​កាត់​ខ្ចី​មកពី​ពាក្យ «​ឡូយថូយ​» មានន័យថា ផ្តេសផ្តាស ខ្ជីខ្ជា​, សោះអង្គើយ​។

 ពាក្យ «​ម៉ា​អេ​ម​»
«​ម៉ា​អេ​ម​» ក៏​ជា​ពាក្យ​មួយ​ដែល​ស្ថិតនៅ​ក្នុងសម័យ​ទំនើប​ផងដែរ ដែល​សង្កេតឃើញ​គេ​ប្រើ​ក្នុងន័យ​ថា ល្អ​, អស្ចារ្យ​, ធ្វើ​អ្វីមួយ​បាន​មួយ​ចប់ ជាដើម​។ ទោះបីជា​ពាក្យ​នេះ មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ក្តី តែ​ជា​ពាក្យ​របស់​យុវជន​សម្រាប់​ទៅតាម​សម័យ​ទំនើប​នេះ​។

​ពាក្យ «​ស្វាន​អ្អែង​»
​ពាក្យ​ថា «​ស្វាន​អ្អែង​» នេះ​ផងដែរ ត្រូវបាន​បង្កើតឡើង​ដោយ​យុវជន​ម្នាក់​ល្បី​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​គេ​ចូលចិត្ត​បង្កើតជា​វី​ឌី​អូ​ឃ្លី​ប សម្រាប់​ឲ្យ​ប្រិយមិត្ត​តាមដាន ទស្សនា​ដោយ​ក្តី​រីករាយ​។ «​ស្វាន​អ្អែង​» នេះ​គេច​ង់​បញ្ជាក់ថា ឌឺដង​ទៅ​នរណាម្នាក់ ដែល​ធ្វើ​ឲ្យ​ខ្លួន​ខឹង​នឹង​អ្វីមួយ​។

​នៅមាន​ពាក្យ​មួយចំនួន​ផ្សេងទៀត ដែល​យុវជន​សម័យនេះ​បាន​បង្កើត​វា​ឡើង ដោយ​ពុំមាន​នៅក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​។ ពាក្យ​ទាំងនោះ​មានដូចជា JM( សាំ​ចុយ​ម្រា​យ​), ឡូយ​អស់​ស្ទះ​, ឡូយ​ប្រាំបួន​,២k១៨(​ឆ្នាំ​២០១៨), ឃ្យូ​ត​សន្លប់​, ឃ្យូ​ត​កប់​,​ឃ្យូ​ត​កិប​, ចាក់​ដោត​, ឌី​ប្រាំបួន​, ចុ​ម​, honey bu kuk, អីយ៉ា​ស ។​ល​។​

​ទោះបី​ពាក្យ​ទាំង​ប៉ុន្មាន​នោះ ពុំមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​មែន តែ​សម្រាប់​យុវជន​សម័យថ្មី​នេះ បានចាត់ទុក​ពាក្យ​ទាំងនោះ ក្នុងការ​សរសេរ ឬ​និយាយ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅហើយ​។ ហើយ​ពាក្យ​ខ្មែរ​មួយចំនួន​ក៏ត្រូវ​បាត់បង់​បន្តិច​ម្តងៗ​ទៅហើយ ដោយសារ​គេ​យល់ថា ពាក្យ​ទាំងនោះ​មិនទាន់​សម័យកាល​បច្ចុប្បន្ន​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com