ជាតិ
តំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង កំពុងជួបគ្រោះរាំងស្ងួត រូបពីហ្វេសប៊ុក Chom Roung
× ភ្នំពេញ៖ តំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង កំពុងជួបគ្រោះរាំងស្ងួត ខណៈដែលតំបន់នៅទីតាំងផ្សេង ទៀត ធ្លាក់ភ្លៀងស្ទើរជារៀងរាល់ថ្ងៃ។
អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបងលោក គីម វណ្ណៈ បានប្រាប់សារព័ត៌មានថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន៨ នៅក្នុងចំណោម១០ឃុំ នៃស្រុកថ្មគោល កំពុងជួបប្រទះគ្រោះរាំងស្ងួត ដោយសារគ្មានភ្លៀងធ្លាក់ ។ ហើយនៅពេលនេះអាជ្ញាធរ កំពុងដោះស្រាយបញ្ហានេះ។
«ចាប់តាំងពីចុងខែឧសភាមក តំបន់មួយចំនួនក្នុងឃុំ៨ មិនមានភ្លៀងធ្លាក់ច្រើនដូចគេទេ ដោយមានភ្លៀងតែម្ដងគត់នៅថ្ងៃទី១៦ មិថុនាកន្លងមក។ អាជ្ញាធរខត្តរួមទាំងអភិបាលខេត្ត ប្រធានមន្ទីធនធានទឹកខេត្ត បានចុះពិនិត្យ និងបាននាំទឹកទៅជួយពលរដ្ឋដែរ ប៉ុន្តែទឹកដែលយើងនាំទៅនោះ គឺបានតែបន្តិចទេ ដោយសារតែយើងត្រូវយកចែកឲ្យពលរដ្ឋតាមតំបន់ប្រើប្រាស់»។ នេះជាការបញ្ជាក់របស់លោក គីម វណ្ណៈ។
ឃុំចំនួន៨ ដែលជួបគ្រោះរាំងស្ងួតនេះ មានឃុំបឹងព្រីង ឃុំអូតាគី ឃុំតាម៉ឺន ឃុំរូងជ្រៃ ឃុំជ្រោយស្ដៅ ឃុំគោកឃ្មុំ ឃុំបន្សាយត្រែង និងឃុំអន្លង់រុន។ ក្រៅពីគ្មានភ្លៀងធ្លាក់ហើយ ឃុំទាំងនេះនៅឆ្ងាយពីប្រភពទឹកផងដែរ ដែលជាមូលហេតុនាំឲ្យអាជ្ញាធរពិបាកក្នុងជួយដោះស្រាយ។ នេះបើតាមលោកអភិបាលស្រុកថ្មគោល ដែលបានបន្ថែមថា ប្រភពទឹកត្រូវទម្លាក់ចែកជូនដល់ពលរដ្ឋទាំងនោះ ត្រូវបង្ហូរចេញពីស្ទឹងបរវិល និងអាងស្តុកទឹកកំពីងពួយ។
ជាមួយគ្នានេះលោក គីម វណ្ណៈ អំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើ នៃភូមិសាស្ត្រខេត្តបាត់ដំបង ចេះយោគយល់និងអធ្យាស្រ័យ ដោយទម្លាក់ទឹកឲ្យពលរដ្ឋផ្នែកខាងក្រោម អាចមានលទ្ធភាពបូមទឹកដាក់ស្រែ ជួយសង្គ្រោះស្រូវស្រាលរបស់ពួកគេសិន។ អភិបាលរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំក៏សូមស្នើឲ្យមានការស្តារទឹកអូរ និងការរៀបចំប្រព័ន្ធទឹកបន្ថែមទៀតផងដែរ ព្រោះប្រព័ន្ធចំណុះទឹកដែលសល់ពីសម័យបារាំងនេះ មិនអាចស្តុកបានច្រើនគ្រប់គ្រាន់ក្នុងការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋឡើយ»។
ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញបង្ហោះរូបភាពលើហ្វេសប៊ុក ពីសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងខេត្តបាត់ដំបង បាននាំគ្នាធ្វើពិធីសុំទឹកភ្លៀងសម្រាប់ប្រើប្រាស់។
ទាក់ទងនឹងបញ្ហានេះ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងប្រធានមន្ទីក្រសួងធនធានទឹកខេត្តបាត់ដំបង ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីគ្រោះរាំងស្ងួតឡើយ។
បើតាមលោក គីម វណ្ណៈ ក្រៅពីស្រុកថ្មគោល ក៏មានស្រុកសង្កែ កំពុងជួបប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ដោយសារគ្រោះរាំងស្ងួតដែរ៕
Tag:
បាត់ដំបង
រាំងស្ងួត
ថ្មគោល
© រក្សាសិទ្ធិដោយ thmeythmey.com