ជាតិ
កម្ពុជា រិះគន់​សហភាព​អឺរ៉ុប ដែល​ប្រើប្រាស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជ្រៀតជ្រែក​រឿង​នយោបាយ​កម្ពុជា​
28, Jun 2018 , 5:30 pm        
រូបភាព
ហ្វេសប៊ុក៖ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នាទីក្រុងហ្សឺណែវ លោក ណី សំអុល (មានអក្សរCambodia ពីមុខ)
ហ្វេសប៊ុក៖ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នាទីក្រុងហ្សឺណែវ លោក ណី សំអុល (មានអក្សរCambodia ពីមុខ)
​ភ្នំពេញ​៖ កម្ពុជា ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​សហភាព​រដ្ឋ​អឺរ៉ុប ដែល​ប្រឆាំង​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​។ កម្ពុជា ចាត់ទុក​សេចក្តីថ្លែងការណ៍​នេះ ជា​រឿង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​។​



​ជា​រឿង​ដែល​កម្ពុជា មិនអាច​ទទួល​បានឡើយ ចំពោះ​សហភាព​អឺរ៉ុប ដែល​ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​ដោយ​គណប្រតិភូ​ប្រទេស​ប៊ុលហ្គារី បែលហ្ស៊ិក ហ្វាំ​ង​ឡង់ អៀរ​ឡង់ និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នាទី​ក្រុង​ហ្សឺ​ណែវ លោក ណី សំអុល ចាត់ទុក​សេចក្តីថ្លែងការណ៍​ទាំងនោះ ជាការ​ប្រើប្រាស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជា​ឧបករណ៍​ដើម្បី​ជ្រៀតជ្រែក​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​។ ជាពិសេស​បង្ខូច​កេរ្តិ៍ឈ្មោះ ក្នុង​គោលបំណង​មិន​ទទួលស្គាល់​ការបោះឆ្នោត​កម្ពុជា ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​។​

​ការច្រានចោល​របស់លោក ណី សំអុល ធ្វើឡើង​ក្រោយពី​បណ្ដា​ប្រតិភូ​សមាជិក​អឺរ៉ុប​ទាំងនេះ យក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅ​បកស្រាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​។ «​របៀបវារៈ​ទី​៤​របស់​សម័យប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​នេះ ត្រូវបាន​គេ​កំណត់ថា នឹងធ្វើ​ការពិភាក្សា​លើ​បញ្ហា​សិទ្ធិមនុស្ស​នៃ​ប្រទេស​ចំនួន​៥ មានដូចជា ប្រទេស​បេឡា​រូស អេ​រី​ទ្រា ស៊ី​រី ប៊ូ​រុន​នី និង​មី​យ៉ាន់​ម៉ា ហើយ​ដែល​មិនមាន​អ្វីដែល​ត្រូវ​ពាក់ព័ន្ធ​នឹង​កម្ពុជា​ទាល់តែសោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ណី សំអុល ដែល​បាន​បន្ថែមថា បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា នឹងត្រូវ​ពិភាក្សា​នៅក្នុង​ខែកញ្ញា នៅក្រោម​របៀបវារៈ​ទី​១០ ដែល​បានកំណត់​នៅក្នុង​សេចក្តីសម្រេច កាលពី​ឆ្នាំមុន ពោលគឺ​មិនមែន​លើកឡើង​ដូច​សេចក្តីថ្លែងការណ៍​របស់​ប្រទេស​សមាជិក​អឺរ៉ុប​នេះ​ទេ​។​

​ឯកអគ្គរាជទូត​កម្ពុ​ជា​រូបនេះ ក៏បាន​ការពារ​រាល់​សកម្មភាព​រដ្ឋាភិបាល ដែល​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​គណបក្សប្រឆាំង ដែល​ត្រូវ​តុលាការ​រំលាយ កាលពី​ចុងឆ្នាំ​២០១៧​កន្លងមក ។ លោក ណី សំអុល បាន​បញ្ជាក់ថា ការសម្រេច​របស់​តុលាការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​លក្ខណៈ​ផ្លូវច្បាប់​ត្រឹមត្រូវ ដែល​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​មានការ​ប្ដឹង​សុំ​ជម្រះ​វិញ​ឡើយ ខណៈ​រដ្ឋាភិបាល​ក៏​គ្មាន​តួនាទី អ​ន្តា​គម​ន៍​លើ​សេចក្តីសម្រេច​តុលាកា​រដែ​រ​។​

«​ការស្នើ​ឲ្យ​រដ្ឋាភិបាល​សង្គ្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ដោះលែង​ជន​ជាប់ឃុំ វា​មិន​ខុស​អ្វី​ពី​ការស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជ្រៀតជ្រែក​ក្នុង​អំណាចតុលាការ ដែលជា​អំណាច​ឯករាជ្យ​ពី​អង្គ​នីតិ​ប្រ​ត្តិ​ប​ត្តិ ដូច​មានចែង​ក្នុង​មាត្រា​១២៨​ថ្មី និង​មាត្រា​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​។ យ៉ាង​ដូច្នេះហើយ ការជួយ​ធ្វើ​ចលនា​ដង្ហើម​ឲ្យ​សាកសព វា​មិន​អាចធ្វើ​ឲ្យ​សាកសព​រស់​ឡើងវិញ​បានឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​អគ្គរាជទូត​កម្ពុជា ដែល​បាន​ចំអក​ទៅ​បណ្ដា​ប្រទេស​ខាងលើ​វិញ​ថា ប្រតិភូ​ដែល​បង្រៀន​កម្ពុជា​ពី​បញ្ហា​សិទ្ធិមនុស្ស មិនបាន​គិតពី​ប្រទេស​ខ្លួនឯង ដែល​ដិតដាម និង​ប្រឡាក់​ប្រឡូក​យ៉ាងធ្ងន់ធ្ងរ ពោរពេញ​ដោយ​គុណវិបត្តិ រាប់​តាំងពី​ជាតិ​សាសន៍​និយម និង​ការរើសអើង​ជាដើម​៕


Tag:
 ណី សំអុល​
  សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com