ជាតិ
នយោបាយជាតិ
HRW ចោទឧត្តមសេនីយ៍ខ្មែរ១២រូបអំពីការរំលោភសិទ្ធិមនុស្ស មុនការបោះឆ្នោតមកដល់ (ពីឆ្វេងទៅស្តាំ) ១. លោក គន់ គីម, ២. លោក ម៉ក់ ជីតូ, ៣. លោក នេត សាវឿន, ៤. លោក ប៉ុល សារឿន, ៥. លោក សៅ សុខា, ៦. លោក សុខ ផល, ៧. លោក ប៊ុន សេង, ៨. លោក ចាប ភក្ដី, ៩. លោក ជឿន សុវណ្ណថា, ១០. លោក រ័ត្ន ស៊្រាង, ១១. លោក ជួន សុវណ្ណ, ១២. លោក ជា ម៉ន។ រូបពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
× ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចោទប្រកាន់មេនគរបាល មេយោធា និងមេកងរាជអាវុធហត្ថកម្ពុជា ដែលសរុបទៅមាន១២រូប ថាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ក្រសួងការពារជាតិកម្ពុជា ប្រឆាំងយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់នេះ ហើយថែមទាំងប្រាប់អង្គការខាងលើ ឲ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយរបាយការណ៍របស់ខ្លួន ដែលគ្មានមូលដ្ឋាន និងហេតុផលត្រឹមត្រូវ។
មន្ត្រីប្រដាប់អាវុធជាន់ខ្ពស់១២រូបនៅកម្ពុជា មានឈ្មោះថា ជាជនបាតដៃកខ្វក់នៅក្នុងរបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។ គ្រាន់តែសំណុំរឿងមន្ត្រីប្រដាប់អាវុធ១២រូបនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសរសេរជារបាយការណ៍រហូតដល់ទៅ២១៣ទំព័រឯណោះ ដើម្បីរៀបរាប់យ៉ាងពិស្តារពីប្រវត្តិរបស់ពួកគេ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ឧត្តមសេនីយ៍១២រូប ស្ថិតក្នុងស្ថាប័នគ្រប់គ្រងប្រដាប់អាវុធទាំង៣ គឺយោធា នគរបាល និងកងរាជអាវុធហត្ថ។ អ្នកទាំងនោះ រួមមាន លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, លោក គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ, លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក, លោក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក, ឧត្ដមសេនីយ៍ទោ ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក, លោក ចាប ភក្ដី នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរ ភូមិន្ទ, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើ ផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោក សុខ ផល អគ្គស្នងការ រងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, និងលោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាល ជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែល បានចោទក្រុមឧត្តមសេនីយ៍ទាំងនោះថា បានពាក់ព័ន្ធឬទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ។
មិនអាចអត់ធ្មត់បានយូរនោះទេ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដើម្បីប្រតិកម្មតបនឹងរបាយការណ៍របស់អង្គការឃ្លាំសិទ្ធិមនុស្ស។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស សរសេរបាយការណ៍ចោទប្រកាន់មន្ត្រីប្រដាប់អាវុធកម្ពុជាទាំង១២រូបបែបនេះ ។
ក្រសួងការពារជាតិ បានប្រើពាក្យធ្ងន់ៗ ដើម្បីជាការឆ្លើយទៅអង្គការឃ្លាំមើលសិទ្ធិមនុស្សវិញ យ៉ាងដូច្នេះថា៖«ការប្រឌិតរបាយការណ៍បែបឆ្កួតលីលារបស់ក្រុមនេះ គឺជាការរំលោភបំពានម្តងហើយម្តងទៀត មកលើអធិបតេយ្យ ឯករាជ្យ និងនីតិរដ្ឋរបស់កម្ពុជា ដើម្បីបម្រើនយោបាយទុច្ចរិតរបស់ជនបរទេសមួយចំនួន និងក្រុមមអ្នកនយោបាយក្បត់ជាតិ [គណបក្សសង្គ្រោះជាតិ] ដែលបានប៉ុនប៉ង បង្កើតបដិវត្តពណ៌។ ទោះជាមានការចាប់ខ្លួនមេខ្លោង [លោក កឹម សុខា] រួចហើយក៏ដោយ ក៏ក្រុមនេះខ្លះ នៅមិនទាន់បោះបង់ចោលគំនិតបំផ្លិចបំផ្លាញជាតិ នៅឡើយទេ។ ក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុង ដោយមិនអាចទទួលយកបានជាដាច់ខាត ចំពោះការចោទប្រកាន់នៃរបាយការណ៍ ដែលបង្កប់ឧបាយកលពិសពុលរបស់អង្គការនេះ»។
លើសពីនេះ ក្រសួងការពារជាតិ បានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថាមានបំណងញុះញង់ និងគ្មានមូលដ្ឋានច្បាស់លាស់ ហើយថែមទាំងគ្មានហេតុផលទៀតផង។ បន្ទាប់មក ក្រសួងការពារជាតិ ក៏អំពាវនាវឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្ស បញ្ឈប់ជាបន្ទាន់នូវការប្រឌិតរបាយការណ៍ខាងលើ ដែលមានលក្ខណចោទប្រកាន់ទាំងគ្មានមូលដ្ឋាន និងគ្មានហេតុផល មកលើថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា។
កាលពីពេលថ្មីៗនេះ នាយឧត្តមសេនីហ៍ ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់សម្តេច ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិរបស់លោក ដែលមាននៅលើទឹកដីអាមេរិក។ ប៉ុន្តែ លោក ហ៊ីង ប៊ុនហៀង ឆ្លើយតបថា លោក គ្មានទ្រព្យសម្បត្តិ ដែលផ្ញើនៅសហរដ្ឋអាមេរិកនោះទេ ហើយលោក ក៏គ្មានបំណងចង់ទៅជាន់ទឹកដឹនៃប្រទេសមហាអំណាចនេះដែរ។
កន្លងមក សហគមន៍អន្តរជាតិមួយចំនួន មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម បាននាំគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ខំឲ្យផ្លាស់ប្តូរឥរិយាបថ។ បំណងរបស់ពួកគេ ចង់ឲ្យមានគណបក្សប្រឆាំងឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ម្យ៉ាងទៀត ពួកគេក៏ចង់ឲ្យរដ្ឋាភិបាលកម្ពុជា បើកផ្លូវឲ្យក្រុមសង្គមស៊ីវិល និងស្ថាប័នសារព័ត៌នៅកម្ពុជា ធ្វើការឲ្យពេញលេញតាមសិទ្ធិសេរីភាពរបស់ពួកគេ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា នៅតែការពារខ្លួនថា ចំណាត់ការលើគណបក្សប្រឆាំង គឺធ្វើទៅតាមច្បាប់ ដោយមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ចំពោះក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលកម្ពុជា ប្រកាសថា មិនបានរឹតត្បិតនោះទេ។ លើសពីនេះ រដ្ឋាភិបាលកម្ពុជា តែងបង្ហាញគោលជំហររឹងពឹងរបស់ខ្លួន ថាមិនខ្លាចទណ្ឌកម្មរបស់ប្រទេសណាឡើយ៕
Tag:
HRW
កម្ពុជា
ក្រសួងការពារជាតិ
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com