អន្តរជាតិ
ចិន ចែករំលែក​យុទ្ធសាស្ត្រ​នៃ​សង្គ្រាម​ប្រឆាំង​ភាពក្រីក្រ​ដល់​អាស៊ាន​
28, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​មន្ត្រី និង​អ្នកជំនាញ​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​២៧ មិថុនា​បាន​ចូលរួម​វេទិកា​មួយ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​អាស៊ាន និង​បាន​ចែករំលែក​ពី​យុទ្ធសាស្ត្រ​ជោគជ័យ​របស់ខ្លួន​លើ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ផង​។ ក្រុង​ប៉េកាំង បានលើកឡើង​ពី​សមិទ្ធផល​ដែល​សម្រេចបាន​តាម​ការ​ប្រឹងប្រែង​រយៈពេល​បួន​ទសវត្សរ៍​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចិន​រាប់សិប​លាន​នាក់​រួច​ផុតពី​បន្ទាត់​ក្រីក្រ​។



​នា​វេទិកា​រួមគ្នា​ក្រោម​មូលបទ «​ពង្រឹង​ភាពជា​ដៃគូ​កាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​សហគម​ន៍​អាស៊ាន​-​ចិន​លើ​អនាគត​តែមួយ​» តំណាង​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ចិន Chen Zhigang បាន​ថ្លែងថា បន្ទាប់ពី​មានការ​កែ ទម្រង់ និង​អនុវត្ត​គោលនយោបាយ​បើកចំហ​របស់​រដ្ឋាភិបាល​ចិន​រយៈពេល​៤០​ឆ្នាំ​មកនេះ មាន​ប្រជាជន​ចិន​ជាង​៨០០​លាន​នាក់ បាន​រួច​ផុតពី​ភាពក្រីក្រ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Xinhua​។

​តាម​តំណាង​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​រូបនេះ គ្រាន់តែ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​មកនេះ​ប៉ុណ្ណោះ ទំហំ​នៃ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​ចិន បាន​កាត់បន្ថយ​អស់​ច្រើន​អស្ចារ្យ​។ ពិសេស​នោះ លោក ថ្លែងថា ចំនួន​អ្នកក្រីក្រ​នៅតាម​តំបន់​ជនបទ ត្រូវបាន​កាត់បន្ថយរ​ហូត​ដល់ ៦៨.៥៣​លាន​នាក់​នៃ​ចំនួន​ប្រជាជន​ក្រីក្រ​សរុប​របស់​ប្រទេស ខណៈ​បញ្ហា​នានា​ដែល​បង្កឡើង​ដោយ​ភាពក្រីក្រ ធា្ល​ក់នៅ​ត្រឹម​៣.១​ភាគរយ​។ 

​តាមរយៈ​វេទិកា​ដដែល​នោះ តំណាង​រដ្ឋាភិបាល​ចិន​រូបនោះ ក៏​អះអាង​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់​ប្រទេស អាស៊ាន​ជាង​១០០​នាក់ ថា គម្លៀត​រវាង​ប្រជាជន​ចិន កាន់តែ​តូច ខណៈ​ចំណូល​ប្រជាជន​ក្នុង​ម្នាក់ៗ​នៅ​តំបន់​ជនបទ នៅតែ​រក្សា​ក្នុង​កម្រិត​ជាង​១០​ភាគរយ​ផង​នោះ​។​

​នៅ​ដើមឆ្នាំ​២០១៨​កន្លងទៅ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ទទួលស្គាល់ថា ការកាត់បន្ថយ​ភាពក្រីក្រ គឺជា​សមរភូមិ​មួយ​ដ៏​លំបាក​មួយ ដែល​លោក បាន​ទទូច​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​អនុវត្ត​គោលនយោបាយ​ទៅមុខ ដោយ​មិនត្រូវ​ផ្អាក​ឡើយ​។  ជា​បទពិសោធន៍​របស់​ចិន ការអនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​មិន​អាចមាន​ប្រសិទ្ធភាព​បានឡើយ បើ​មន្ត្រី​ពាក់ព័ន្ធ​អនុវត្ត​គម្រោង​ពុករលួយ ។ កន្លងមក ចិន ក៏បាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​រួចហើយ​ដែរ​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន Xinhua គិត​ចាប់ពី ១៩៧៨ ដល់​ឆ្នាំ​២០១៦ មាន​ប្រជាជន​ចិន​ជាង ៧៣០​លាន​នាក់​ហើយ បាន​រួច​ផុតពី​ភាព​ក្រី​ក្រី ។ ហើយ​តាម​ផែនការ​ជាតិ ចិន បានដាក់​គោលដៅ​ក្នុងការ​សម្រេច​កែប្រែ​សង្គម​ចិន​ឲ្យ​ក្លាយជា​សង្គម​មួយ​ដ៏​រុងរឿង​នៅត្រឹម​ឆ្នាំ​២០២០ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​លុបបំបាត់​ភាពក្រីក្រ​ឲ្យ​អស់ពី​សង្គម​តែម្តង​៕



Tag:
 ចិន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com