ជាតិ
និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ស្នើ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​លុបចោល​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​នៅ​ដើមខែ​កក្កដា
29, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
 ភ្នំពេញ ៖ អង្គភាព​រដ្ឋ​ដែល​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​បានកំណត់​ពេល​មិន​ដល់​មួយ​សប្តាហ៍​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់ ឲ្យ​លុបចោល​ប្រតិបត្តិការ​នៃ​ស៊ីម​កាត​ទូរស័ព្ទ​ដែល​មិនមាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ថ្មី​មួយ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​នា​ដើម​សប្តាហ៍​នេះ​។​



​ការកំណត់​ឲ្យ​លុបចោល​ប្រតិបត្តិការ​ស៊ីម​កាត​ដែល​មិនមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​អ្នកប្រើប្រាស់ ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៃ​បទបញ្ញត្តិ​ពីរ​ដាច់ដោយឡែក​ផ្សេងទៀត​ទាក់ទិន​ការគ្រប់គ្រង​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​សង្គម ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុងប្រទេស និង​ការប្រើប្រាស់​ស៊ីម​កាត​ដែល​គ្មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​។​

​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ បាន​សរសេរ​តាមន័យ​ដើម​ថា​៖

«​ដើម្បី​សម្រេចបាន​គោលបំណង និង​គោលដៅ​នេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​(​ន​.​ទ​.​ក​.) សូម​រំឭក​ដល់​បណ្តា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​បុគ្គល​ពាក់ព័ន្ធ​វិស័យ​ទូរគមនាគមន៍​ទាំងអស់ មេត្តា​សហការ​អនុវត្ត​ការងារ​របស់ខ្លួន​ស្របតាម​ខ្លឹមសារ​នៃ​បទបញ្ញត្តិ​ទាំងពីរ​ខាងលើនេះ ស្របតាម​ស្មារតី​ឯកភាព គាំទ្រ​របស់​បណ្តា​ប្រតិបត្តិ​ករ និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរគមនាគមន៍​»​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​ក្រើនរំឭក​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុងការ​បង្ហោះ​សារ ឬ​ចែកចាយ​ព័ត៌មាន​ជា​សារ​ក្តី ជា​អក្សរ​ក្តី ជា​សំឡេង​ក្តី ជា​រូបភាព​ក្តី ជា​វីដេអូ​ក្តី និង​/​ឬ​ជា​ទម្រង់​ផ្សេងៗ​ទៀត​ក្តី ដែលមាន​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច សណ្តាប់ធ្នាប់​សាធារណៈ និង​ការរើសអើង​វប្បធម៌ ប្រពៃណីជាតិ​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ក៏បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ប្រឆាំង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណាមួយ ឬ​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរគមនាគមន៍​ណាមួយ ឬ​សាធារណជន​ជា​អ្នកប្រើប្រាស់​បណ្តាញ និង​សេវា​ទូរគមនាគមន៍​ណា​ម្នាក់​ដែល បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ញត្តិ​នានា​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នេះ​។​

​លោក ហៀ​ង បូរ៉ាន់ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បដិសេធ​មិន​ផ្តល់​ការអធិប្បាយ ដោយបាន​បង្វែរ​សំណួរ​ទៅកាន់​អ្នកនាំពាក្យ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​

​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា មិនអាច​ផ្តល់​ទិន្នន័យ​ចំនួន​ស៊ីម​កាត​គ្មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​នោះទេ តែ​លោក​ប្រាប់ VOA ថា ក្រុមហ៊ុន​ទូរ​សព្ទ​ដែលមាន​អតិថិជន​ច្រើន ដូចជា Metfone បាន​អះអាងថា ខ្លួន​មិនមាន​ស៊ីម​កាត​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​គ្មាន​អត្តសញ្ញាណ​នៃ​អ្នកប្រើប្រាស់​នោះទេ​។ លោក​ថ្លែងបន្តថា ក្រុមហ៊ុន​ណា​ដែល​នៅ​បន្ត​ឲ្យ​មានការ​ប្រើប្រាស់​ស៊ីម​កាត ដែល​គ្មាន​អត្តសញ្ញាណ​នោះ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ដែលមាន​ជា​ធរមាន ដូចជា​ច្បាប់​ស្តីពី​ទូរគមនាគមន៍​។​

«​យើង​ត្រូវការ​អគ្គស្នងការ​នគរបាល​ជាតិ ក្រុម​អគារធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​។ កាលណា​គាត់​រកឃើញ​អ្វីមួយ គាត់​ត្រូវមាន​ការស៊ើបអង្កេត​ដើម្បី​ឈានទៅដល់​ការចាត់វិធានការ ដូច្នេះ​។ អីចឹង​គឺ​យើង​ត្រូវ​រក​អត្តសញ្ញាណ​នៃ​អ្វីៗ ដែលជា​បុគ្គល​ដែល​កាន់​លេខ​ហ្នឹង ហើយ​យើង​ទៅរក​ឯណា​? យើង​មិន​ទៅរក​ក្រុមហ៊ុន​? ហើយ​បើ​ក្រុមហ៊ុន​មិន​.... នៅៗ តែ​ផ្តល់​លក្ខណៈ​អីចឹង យើង​បានន័យថា ក្រុមហ៊ុន​មិន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ច្បាប់ ហើយ​យើង​ត្រូវ​ចាត់វិធានការ ទៅតាម​ហ្នឹង​ទៅ​»​។​

​លោក អ៊ឹម វុត្ថា មានប្រសាសន៍​បន្តថា វិធានការ​លុបចោល​ស៊ីម​កាត​ដែល​មិនមាន​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នកប្រើប្រាស់​នេះ​គឺជា​ការទប់ស្កាត់​នូវ សកម្មភាព​ឧក្រិដ្ឋ​តាម​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ ដែល​កាលពីពេល​កន្លងមក​បាន​កើតឡើង​រួចមកហើយ​។​

«​ឧទាហរណ៍​តូច​មួយ សាមញ្ញ ដែលជា​រឿង​ជួបប្រទះ ដូចជា telephone scam​។  ស្គាល់​ពាក្យ​ហ្នឹង​ទេ​? Telephone scam គឺជា​ការបោក​បញ្ឆោត​ទៅ​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​ប្រព័ន្ធ​អ៊ីនធឺណិត អីៗ​ហ្នឹង ហើយ​មាន​ការបោក​បញ្ឆោត​ថា ត្រូវ​រង្វាន់ មាន​ត្រូវ​អី ផ្ញើ​ស្អីៗ ហើយ​មាន​បោក​លុយ​គ្នា​ទៅវិញទៅមក​ហ្នឹង​។ ហើយ​ដល់ពេល​វា​មិនដឹង​មកពីណា​? យើង​រក​ទៅ វា​មិនឃើញ​! ឃើញ​ទេ​! វា​បង្ក​យ៉ាងម៉េច​ខ្លះ​? វា​ធ្វើ​ឲ្យ​ជនបង្ក​ហ្នឹង​រួចខ្លួន អីចឹង​ទៅណា៎​»​។​

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​បន្ថែមថា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បានកំណត់​ឱសានវាទ​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧ ដូច្នេះ​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​រួចរាល់​ថា ពួកគេ​បាន​លុបបំបាត់ចោល​ទាំងស្រុង​នូវ​ប្រតិបត្តិការ​ស៊ីម​កាត​ដែល​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​នោះ​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញ​សេចក្តីប្រកាស​មួយ​ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​នេះ ដើម្បី​បង្កើន​ការឃ្លាំមើល ការត្រួតពិនិត្យ និង​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ​ដោយ​អាជ្ញាធរ​រដ្ឋ ទៅលើ​ការសម្តែង​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​នោះ អង្គការ​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ រួមជាមួយ​សហគមន៍ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ជាង​១០០​បាន​«​សម្តែង​ក្តីកង្វល់​ជាខ្លាំង​ពាក់ព័ន្ធ​នឹង​ការចេញ​សេចក្តីប្រកាស​អន្តរក្រសួង​ដែលជា​ការរំលោភបំពាន​ទៅលើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​»​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើងថា ប្រកាស​របស់​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍​នេះ បង្ហាញ​ពី​ការ​រឹតត្បិត​ហួសហេតុ មិន​សម​ហេតុផល ទៅលើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋ​ធ្វើ​និរាករណ៍​ប្រកាស​នេះ​វិញ​។​

​លោក ង៉ែត ម៉ូ​សេ ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់​ត្រា​ល់ បានបង្ហាញ​ការ​សាទរ​ចំពោះ​ការលុបបំបាត់​ចោលការ​ប្រើប្រាស់​ស៊ីម​កាត​ទូរស័ព្ទ ដែល​មិនមាន​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់ ព្រោះថា ការ​ទុក​ឲ្យ​ប្រើប្រាស់​ស៊ីម​កាត​របៀបនេះ នឹង​បើកឱកាស​ឲ្យ​ជនខិលខូច​អាចបង្កើត​គណនី​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​។ ទោះជា​យ៉ាងនេះ​ក្តី លោក​នៅមាន​ការព្រួយបារម្ភ​ចំពោះ​ខ្លឹមសារ និង​អំណាច​នៃ​ប្រកាស​របស់​អន្តរក្រសួង​ទាំងបី ដែល​លោក​យល់ថា  មាន​ចំណុច​ខ្លះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ឲ្យ «​ជាក់លាក់​» នោះឡើយ តួយ៉ាង​ដូចជា​ការប្រើ​ពាក្យ​ថា «​ប៉ះពាល់​សន្តិសុខ​ជាតិ​» ជាដើម​នោះ​។​

«​ឧទាហរណ៍​រឿង​ដែលថា និយមន័យ​រឿង​ដែលថា រឿង​សន្តិសុខ​ជាតិ​ណា៎ នៅ នៅ broad នៅ​ទូលាយ​នៅឡើយ ដែលថា ស្អី​ទៅ ដែល​ហៅថា សន្តិសុខ​ជាតិ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ហ្នឹង​។ អីចឹង ដែល​ខ្លឹមសារ​ដល់​តែ specific [​ជាក់លាក់​] បន្តិច​»​។​

VOA មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​ក្រុមហ៊ុន​ធំៗ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​រួមមាន​ក្រុមហ៊ុន Smart  និង​ក្រុមហ៊ុន CamGSM Co. Ltd. ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Royal Group របស់លោក​ឧកញ៉ា​គិត ម៉េង ដែល​ដាក់​ឲ្យ​ប្រតិបត្តិការ​ប្រព័ន្ធ Cellcard បាន​នៅឡើយ​ទេ មកដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ បុគ្គលិក​ម្នាក់​នៅ​ក្រុមហ៊ុន Smart ដែល​បាន​លើក​ទូរស័ព្ទ បាន​បដិសេធ​មិន​ផ្តល់​ការអធិប្បាយ ដោយហេតុតែ​មិនមាន​សិទ្ធិ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈដែល​អ្នក​ដែលមាន​សិទ្ធិ​និយាយ​មិន​ស្ថិតនៅ​ក្នុងប្រទេស​។ ចំណែក​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group បាន​បដិសេធ​មិន​ផ្តល់​ការអធិប្បាយ​ទេ ដោយ​លោក​និយាយថា រវល់​ក្នុង​ការប្រជុំ​។ VOA ក៏​មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន Metfone បានដែរ​។​

​ក៏ប៉ុន្តែ លោក ញ៉ុ​ន ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន Metfone ដែលមាន​អ្នកប្រើប្រាស់​ជាង​៨​លាន​នាក់ ត្រូវបាន​ក្រុមហ៊ុន​សាជីវកម្ម​ឌីជីថល​សប្បាយ (Sabay Digital Corporation) ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្លីៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ស្រង់​សម្តី​ថា ក្រុមហ៊ុន Metfone បានបញ្ចប់​ស្ទើរតែ​១០០​ភាគរយ​នូវ​ការគ្រប់គ្រង​ការប្រើប្រាស់​ស៊ីម​កាត​របស់​អតិថិជន​ដែល​គ្មាន​ឯកសារ​។​

​គិត​មក​ត្រឹម​ខែមេសា ឆ្នាំ​២០១៨​នេះ ស៊ីម​កាត​ជាង​១៨​លាន​ត្រូវបាន​ប្រើប្រាស់ និង​មាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជិត​១១​លាន​នាក់​។ នេះ​បើ​យោងតាម​ស្ថិតិ​ចុងក្រោយ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com