អន្តរជាតិ
ទ្រី លាង​៖ កូន​អ្នកលក់ដូរ​បាន​ឱកាស​ទៅ​សិក្សា​នៅ​សាលា​យោធា​អាមេរិក West Point ដ៏​ល្បី​
29, Jun 2018 , 9:19 pm        
រូបភាព
​យុវជន ទ្រី លាង ជា​ជនជាតិខ្មែរ​ទី​បួន​ដែល​ទទួលបាន​ឱកាស​ដ៏​កម្រ​ដើម្បី​ចូល​សិក្សា​ជំនាញ​យោធា​នៅ​សាលា​បណ្ឌិតសភាយោធា​អាមេរិក West Point ដ៏​ល្បី​។ ស្ថិតក្នុង​វ័យ​២០​ឆ្នាំ ទ្រី លាង កើត​ក្នុង​ក្រុមគ្រួសារ​ដែលមាន​ឪពុកម្តាយ​ជា​អ្នកលក់ដូរ​នៅ​ផ្សារ​អូឡាំពិក និង​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី ២ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ហៅ​កាត់​ថា តិច​ណូ​។



​អាហារូបករណ៍​សិក្សា​ជំនាញ​យោធា​នៅ​សាលា​បណ្ឌិតសភាយោធា​អាមេរិក West Point ដែល​យុវជន ទ្រី លាង ទទួលបាន​មាន​រយៈពេល​បួន​ឆ្នាំ​។ ថ្នាក់​សិក្សា​របស់​យុវជន​រូបនេះ​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កក្កដា​ខាងមុខ​នេះដែរ​។

​ក្នុង​បទ​សម្ភាស៍​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ ទ្រី លាង បាន​ប្រាប់ថា ខ្លួន​បាន​ចំណាយពេល​ប្រហែល​ពីរ​ឆ្នាំ​ដើម្បី​ប្រឹងប្រែង ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​កាយសម្បទា ក៏ដូចជា​បង្កើន​ចំណេះដឹង​ទូទៅ និង​ភាសា​អង់គ្លេស ដើម្បី​ឈានទៅ​ដាក់​ស្នើសុំ​អាហារូបករណ៍​មួយ​នេះ​។

​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​យក​ជំនាញ​យោធា​នេះដែរ ទ្រី លាង បាន​អះអាងថា ក្តី​ស្រមៃ​របស់ខ្លួន​តាំងពី​តូច​មក ព្រោះ​គេ​មាន​មហិច្ឆតា​មួយ​ចង់​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាមរយៈ​ការគាំទ្រ​វិស័យ​ការពារជាតិ​កម្ពុជា​ឲ្យ​បាន​ប្រសើរឡើង ខណៈពេលដែល​កម្ពុជា​កំពុង​អភិវឌ្ឍ​ទៅមុខ​នោះ​។

​សម្រាប់​យុវជន​វ័យ ២០​ឆ្នាំ​រូបនេះ កម្ពុជា​សក្តិសម​នឹងមាន​វិស័យ​ការពារ​ដែល​រឹងមាំ ល្អប្រសើរ និង​ខ្លាំងក្លា​ដូច​ប្រទេសជិតខាង និង​ប្រទេស​ឯទៀត​ក្នុង​តំបន់​ដែរ​។  នៅពេល​បញ្ចប់​ការសិក្សា​នៅ​សាលា​យោធា​ដ៏​ល្បី​នៅ​អាមេរិក​នេះ ទ្រី លាង សង្ឃឹម​យ៉ាង​មុតមាំ​ថា ខ្លួន​នឹង​អាច​នាំ​សមត្ថភាព និង ចំណេះ​ជំនាញ​ថ្មី​ពាក់ព័ន្ធ​វិស័យ​យោធា​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​កម្ពុជា​ពេល​ខ្លួន​ចូល​បម្រើ​ការងារ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​។ 

​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មកទល់​បច្ចុប្បន្ននេះ ជនជាតិខ្មែរ​បីនាក់​ហើយ បានបញ្ចប់​ការសិក្សា​ពី​ប​ណ្ឌិ​សភា​យោធា West Point ក្នុងនោះ​មាន​លោក ហ៊ុន ម៉ា​ណែ​ត​, អ្នកស្រី មៀ​ច សិទ្ធិ​កា និង​លោក ទី នី​ទ័​រ​។ ចំណែក​យុវជន ទ្រី លាង នេះ​ជា​ជនជាតិខ្មែរ​ទី​បួន​ដែល​បាន​សិក្សា​នៅ​សាលា​នេះ​៕ 

សូមស្តាប់បទសម្ភាសន៍ខាងក្រោម៖



Tag:
 ​ទ្រី លាង​
  West Point
© រក្សាសិទ្ធិដោយ thmeythmey.com