ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់កសិករ១០០នាក់ ជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ដើម្បីប្រកួតប្រជែងនយោបាយ។ គណបក្សដែលកើតឡើងតាំងពីឆ្នាំ២០១៥មួយនេះ រំពឹងថា បេក្ខភាពកសិករខ្មែរទាំងនោះ នឹងអាចទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។
ខុសពីគណបក្សដទៃ ដែលនិយមដាក់បញ្ញវ័ន្ត និងបណ្ឌិតមកពីបរទេស ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បែរជាផ្ដល់ឱកាសឲ្យកសិករ ឈរតួនាទីនេះទៅវិញ។ វាហាក់ដូចជារឿងថ្មីមួយ នៅក្នុងការប្រកួតប្រជែងនយោបាយ ក្នុងនីតិកាលទី៦នេះ។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង់ សាំងកុមារ បានពន្យល់ថា ការដាក់កសិករឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រនេះ គឺជាការអនុវត្តតាមគោលការណ៍រដ្ឋធម្មនុញ្ញ ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ ចូលរួមប្រកួតប្រជែងនយោបាយ ស្របតាមប្រទេសលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយពីការគិតរបស់មជ្ឈដ្ឋានទូទៅ ដែលមើលរំលងសមត្ថភាពកសិករនោះ លោក យ៉ង់ សាំងកុមារ បែរជាមើលឃើញថា បើកសិករអាចអង្គុយនៅក្នុងរដ្ឋសភា នោះពួកគេនឹងអាចជួយការពារផលប្រយោជន៍កសិករ និងវិស័យផ្សេងៗរបស់កម្មករ ឬប្រជាពលរដ្ឋតាមមូលដ្ឋានជាដើម។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងចង់ឃើញតំណាងកសិករនៅក្នុងរដ្ឋសភា ចូលរួមតស៊ូមតិនិងគោលនយោបាយ តំណាងឲ្យកសិករ ដែលជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាកសិករគ្នាគាត់។ យើងចង់ឃើញពួកគាត់ទាំងនោះ ជាអ្នកតំណាងរាស្ត្រឲ្យពលរដ្ឋពិតប្រាកដ។ ណាមួយបើយើងយកសញ្ញាបត្រជាធំនោះ វានឹងមិនមែនជាប្រជាធិបតេយ្យទេ វាទៅជាសញ្ញាបត្រធិបតេយ្យ ហើយបើយកលុយជាធំ វានឹងក្លាយជាលុយធិបតេយ្យ។ ដូច្នេះការដាក់ពួកគាត់គឺយើងយកតាមបែបប្រជាធិបតេយ្យ ដោយផ្អែកលើសមត្ថភាព និងប្រជាប្រិយភាព ព្រោះយើងជ្រើសរើសតាមការបោះឆ្នោត»។
សម្រាប់លោក យ៉ង់ សាំងកុមារ ការដាក់កសិករឲ្យឈរឈ្មោះតំណាងរាស្ត្រនេះ មិនប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សនោះទេ ខណៈដែលគណបក្សលោក មានសមាសភាពចម្រុះចូលរួមឈរឈ្មោះបោះឆ្នោត។
កសិករដែលកំពុងឈ្មោះតំណាងរាស្ត្រឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានចំនួន១០០នាក់ ក្នុងចំណោមបេក្ខភាព២៧៥នាក់។ ក្រៅពីនេះក៏មានបេក្ខភាពពីតំណាងកម្មករ គ្រូបង្រៀន យុវជន និងតំណាងស្ត្រី ឈរឈ្មោះតំណាងរាស្ត្រផងដែរ។ នេះជាការបន្ថែមរបស់លោក សាម អ៊ីន អគ្គលេខាធិការបក្ស ដែលបានបញ្ជាក់ថា កសិករ និងតំណាងស្ត្រីទាំងនោះ ភាគច្រើនរៀនបានត្រឹមថ្នាក់ទី៩ និងទី១០ ប៉ុន្តែពួកគេធ្លាប់មានបទពិសោធន៍ជាក់ស្ដែង ក្នុងការអនុវត្តការងារតាមសមាគមកន្លងមក ដែលអាចផ្ដល់សេចក្តីទុកចិត្តឲ្យប្រជាពលរដ្ឋបាន។
លោក សាម អ៊ីន បានបញ្ជាក់ដូច្នេះថា៖ «យើងយល់ថា វាជារឿងមួយល្អ ដែលកសិករមានតំណាងរបស់គាត់ផ្ទាល់ ដែលយល់ដឹងពីសុខទុក្ខ ពីបញ្ហាប្រឈមរបស់ពួកគាត់ អាចមកធ្វើការនៅរដ្ឋសភា ដើម្បីការពារផលប្រយោជ៍កសិករ។ ដូច្នេះយើងជឿជាក់ថា កសិករប្រាកដជាផ្ដល់ការគាំទ្រដល់កសិករគ្នាគាត់។ ព្រោះកន្លងមកគណបក្សដទៃមិនបានយកចិត្តទុកដាក់ជ្រើសរើសតំណាងផ្ទាល់នោះទេ ដែលភាគច្រើនសុទ្ធតែអ្នកមានលុយកាក់ មានមុខមាត់»។
ការដាក់ប្រជាកសិករ ឈរឈ្មោះជាតំណាងរាស្ត្រនេះ ត្រូវបានគេមើលឃើញថា វាគឺជារឿងល្អ សម្រាប់ការប្រកួតប្រជែងនយោបាយ តាមបែបប្រជាធិបតេយ្យ។ ប៉ុន្តែសម្រាប់អ្នកវិភាគវិញ មើលឃើញថា លទ្ធភាពរបស់គណបក្សនយោបាយថ្មីៗ ដែលចូលរួមប្រកួតប្រជែងនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៦នេះ ហាក់ឆ្ងាយដូចជើងមេឃ។ ហើយគណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះកៅអីទាំងស្រុងក្នុងរដ្ឋសភា ដោយសារគ្មានដៃគូប្រកួតប្រជែងធំ ក្រៅពីអតីតគណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា គណបក្សនយោបាយចំនួន២០ នឹងត្រូវប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ កក្កដាខាងមុខ៕