ជាតិ
សង្គមជាតិ
ក្រមាខ្មែរប្រវែងជាង១០០០ម៉ែត្រ បានជាប់កំណត់ត្រាពិភពលោក
× ភ្នំពេញ៖ ដូចការគ្រោងទុក ក្រមាខ្មែរ ដែលមានប្រវែងវែងជាង១០០០ម៉ែត្រ បានបំបែកឯតទគ្គកម្ម ជាប់កំណត់ត្រាពិភពលោក។ ក្រមាខ្មែរ ដែលមានប្រវែងវែងនេះ បានចំណាយពេលត្បាញជាង៥ខែ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់។
ស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Record) បានសម្រេចប្រគល់បណ្ណកំណត់ត្រា ឲ្យក្រុមការងារ GOGO Cambodia ដែលបានបំបែកឯតទគ្គកម្ម ត្បាញក្រមាខ្មែរវែងជាងគេ។ តាមរយៈការប្រគល់បណ្ណទទួលស្គាល់ជាផ្លូវការនេះ ស្ថាប័នកំណត់ត្រាពិភពលោក បានវាយតម្លៃយ៉ាងលម្អិត ចំនួនពីរចំណុចទៅលើក្រមាខ្មែរ គឺគុណភាព និងប្រវែង។
ថ្លែងនៅក្នុងពិធីប្រគល់បានកំណត់ត្រាដល់កម្ពុជានៅព្រឹកថ្ងៃទី១ កក្កដានេះ លោក Dangarikar Swapnel Mahesh តំណាងស្ថាប័នកំណត់ត្រាពិភពលោក បានបញ្ជាក់ថា លក្ខខណ្ឌដែលស្ថាប័នលោក ដាក់ពិន្ទុលើក្រមាខ្មែរនេះ គឺផ្ដោតទៅលើភាពតឹងណែននៃគុណភាពសរសៃអំបោះ ដែលបានកំណត់។ ហើយលក្ខណៈដែលស្ថាប័នកំណត់ត្រាពិភពលោក ទទួលស្គាល់នោះ គឺប្រវែងក្រមាមានបណ្ដោយ៨៨សង់ទីម៉ែត្រ ហើយមានប្រវែងលើសពី១០០០ម៉ែត្រ ។
ជាមួយគ្នាលោក ហ៊ុន ម៉ានី ដែលប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃការត្បាញក្រមាវែងជាងគេនេះ គឺដើម្បីលើកកម្ពស់មោទនភាពជាតិ និងបង្កើតឱកាសឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សា លើកស្ទួយ មរតកវប្បធម៌ប្រពៃណីខ្មែរ ។ ជាពិសេសការជំរុញសាមគ្គីភាព និងឯកភាពជាតិ ។
យុទ្ធនាការក្រមានេះ បានចាប់ផ្ដើមបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំង វាលព្រះមេរុ។ ការត្បាញក្រមាវែងជាងគេលើពិភពលោកនេះ បានផ្ដល់ឱកាសឲ្យសាធារណជនទូទៅ ចូលរួមត្បាញដោយផ្ទាល់ដៃ ដោយមានការសម្រួលពីក្រុមការងារផ្នែកបច្ចេកទេស និងអ្នកតម្បាញជំនាញនៅទីតាំងកម្មវិធីផ្ទាល់តែម្ដង ។
សូមបញ្ជាក់ថា GoGo Cambodia គឺជាចលនាថ្នាក់ជាតិមួយ ដែលកើតចេញពីឆន្ទៈកូនខ្មែរ ធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិ បង្ហាញពីសក្តានុពលរបស់កម្ពុជានៅគ្រប់វិស័យ និងជាវេទិកាសម្រាប់យុវជនខ្មែរគ្រប់រូប អាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ ទៅដល់សហគមន៍អន្តរជាតិ៕
Tag:
ក្រមាខ្មែរ
GOGO Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com