អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក​បោះឆ្នោត​រើស​បាន​ប្រធានាធិបតី​ថ្មី ឯ​លោក ត្រាំ ទំនង​ចង់​ទារលុយ​ថ្លៃ​ជញ្ជាំង​ព្រំដែន​ជាថ្មីទៀត​
02, Jul 2018 , 10:44 am        
រូបភាព
​អ្នកនយោបាយ​ឆ្វេងនិយម​និង​ជា​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ក្រោយ​ការបោះឆ្នោត​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​។ សេត​វិមាន​អាមេរិក​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ខ្លួន​ត្រៀម​ជួប និង​ស្វាគមន៍​មេដឹកនាំ​ម៉ិ​ក​ស៊ិ​ក​ថ្មី​ហើយ​។ មេដឹកនាំ​អាមេរិក​នេះ​ត្រៀម​ទារលុយ​ថ្លៃ​សង់​ជញ្ជាំង​តាម​ព្រំដែន​ផង​ក៏​ថា​បាន​។​



​ថ្ងៃអាទិត្យ​ទី ១ ខែកក្កដា ប្រជាជន​ម៉ិ​ក​ស៊ិ​ក​នាំគ្នា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​តំណាងរាស្ត្រ​ថ្នាក់​តំបន់​និង​ថ្នាក់ជាតិ​ផង​។ តាម​លទ្ធផល​បណ្តោះអាសន្ន​លោក Andres Manuel Lopez Obrador ដែលជា​អ្នកនយោបាយ​បក្ស​ឆ្វេងនិយម​ចលនា​ផ្លាស់ប្តូរ​ជាតិ​ឡើងវិញ (National Regeneration Movement) នោះ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​។​

​លទ្ធផល​បណ្តោះអាសន្ន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP បង្ហាញថា លោក Lopez Obrador ទទួលបាន​សំឡេងគាំទ្រ​ប្រហែល ៤៩ ភាគរយ ខណៈ​គូប្រជែង​លោក​ពីរ​នាក់​ផ្សេងទៀត​ដូចជា​លោក​Ricardo Anaya មកពី​បក្ស​សកម្មភាព​ជាតិ (National Action Party)​បានទទួល​សំឡេង ២៧ ភាគរយ និង​លោក  José Antonio Meade បេក្ខជន​បក្ស​កាន់អំណាច បដិវត្តន៍​ស្ថាប័ន (Institutional Revolutionary ) ទទួលបាន​ត្រឹម ១៨ ភាគរយ​ប៉ុណ្ណោះ​។

​តាមពិតទៅ លោក Lopez Obrador មាន​គោលនយោបាយ​តឹងរ៉ឹង​លើ​ការប្រឆាំង​អំពើពុករលួយ​ដែល​កំពុង​រីកដុះដាល​ខ្លាំង​ក្នុងសង្គម​ម៉ិ​ក​ស៊ិ​ក​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ​នៅ​អាមេរិក​ឡាទីន​ផងដែរ​បច្ចុប្បន្ន​។ ក្រៅពី​ពុករលួយ បញ្ហា​គ្រឿងញៀន និង​បទឧក្រិដ្ឋ​ក៏​ជា​បញ្ហា​ធំ​សម្រាប់​អ្នកនយោបាយ​នេះ​ដោះស្រាយ​ដែរ​។​

​ចំណែក​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ការបរទេស​និង​សេដ្ឋកិច្ច​វិញ ក្នុងការ​ឃោសនាបោះឆ្នោត​កន្លងមក​បេក្ខជន​ប្រធានាធិបតី​ទាំងអស់​រួមទាំង​លោក Lopez Obrador សុទ្ធតែ​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​(NAFTA) ព្រោះ​គេ​រំពឹងថា វា​នឹង​ជួយ​ជំរុញ​ការលូតលាស់​នៃ​សេដ្ឋកិច្ច​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ស្ថិតក្នុង​ការចរចា​យ៉ាង​តឹងតែង​ដោយសារ​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​មិន​ពេញចិត្ត​។​

​លោក Lopez Obrador ក៏​រំពឹង​ចង់​ពង្រឹង​ទំនាក់​ទំនងជា​មិត្ត​ជិតខាង​ខ្លួន​សហរដ្ឋអាមេរិក​ដែរ​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី​លោក​មិន​ពេញចិត្ត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ឡើយ​។ លោក​ធ្លាប់បាន​បញ្ជក់​ហើយ​ថា ម៉ិ​ក​ស៊ិ​ក​នៅតែ​បន្ត​ប្រឆាំងនឹង​នយោបាយ​សំឡុត​គំរាម​របស់​អាមេរិក​ដា​ក់​ប្រទេសជិតខាង​ដូចគ្នា​។​
​លោក ត្រាំ ត្រៀម​ទារលុយ​ថៃ្ល​សង់​ជញ្ជាំង​ព្រំដែន​?

​ថ្ងៃអាទិត្យ​ម្សិលមិញ ទីប្រឹក្សា​សន្តិសុខ​អាមេរិក​លោក ច​ន បុល​តុ​ន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី ត្រាំ រង់ចាំ​ជួប និង​ស្វាគមន៍​សម​ភាគី​ម៉ិ​ក​ស៊ិ​ក ហើយ​លោក​ក៏​រំពឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ច្រើន​ក្នុងជំនួប​ពិភាក្សា​នេះដែរ​។​

​ចំណែក​លោក ត្រាំ ក៏បាន​ប​ង្ហោ​សារ​អបអរសាទរ​លោក Lopez Obrador តាម​គណនី twitter ផ្លូវកា​របស់ខ្លួន​ដែរ​នៅ​ថ្ងៃអាទិត្យ ក្រោយ​លទ្ធផល​បោះឆ្នោត​ប​ង្ហា​ញ​ថា​លោក Lopez Obrador ឈ្នះឆ្នោត​និង​ឈានទៅ​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​នោះ​។ លោក ត្រាំ រំពឹង​សហការ​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ម៉ិ​ក​ស៊ិ​ក និង​សម្រេចប្រយោជន៍​រួមគ្នា​កាន់តែច្រើន​ផងដែរ​។
​លោក​បាន​និយាយ​ដូច្នេះ​៖« សូម​អបអរសាទរ​លោក Lopez Obrador ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ម៉ិ​ក​ស៊ិ​ក​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​ជាមួយ​លោក​ផង​។ វា​មានរឿង​ច្រើន​ដែល​ត្រូវ​សម្រេច​ដើម្បី​ប្រយោជន៍​ប្រជាជន​យើង​ទាំងពីរ​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​»​។​


​វា​មិនទាន់មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​ជំនួប​នៅពេល​ខាងមុខ​រវាង​មេដឹកនាំ​ប្រទេសជិតខាង​ទាំងពីរ​ឡើយ ប៉ុន្តែ​គេ​រំពឹងថា​វា​នឹង​កើតឡើង​ឆាប់ៗ​។ យ៉ាងណាក៏ដោយ គេ​ដឹង​ច្បាស់​ថា លោក ត្រាំ ទំនង​ចង់​ជួប​មេដឹកនាំ​ថ្មី​របស់​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ជជែក​រឿង​ឱនភាព​ពាណិជ្ជកម្ម និង​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ឆ្លងដែន​ចូល​អាមេរិក​តាម​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

 លោក ត្រាំ នៅតែ​ចិញ្ចឹមចិត្ត​ចង់​សង់​ជញ្ជាំង​តាម​ព្រំដែន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ចង់​ទាមទារ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​បង់លុយ​លើ​ការចំណាយ​សាងសង់​ថែមទៀត​ផង​។ ប៉ុន្តែ​តាំងពី​ឡើងកាន់តំណែង​រហូតមក​ដល់​បច្ចុប្បន្ន លោក ត្រាំ មិនដែល​បាន​ចម្លើយ​វិជ្ជមាន​ពី​ភាគី​ម៉ិ​ក​ស៊ិ​ក​ឡើយ ព្រោះ​ប្រធានាធិបតី​ផុត​អាណត្តិ​លោក Enrique Peña Nieto បានប្រកាស​ច្បាស់លាស់​ថា ទោះ​បែបណាក៏ដោយ ម៉ិ​ក​ស៊ិ​ក​មិន​បង់លុយ​ជាដាច់ខាត​៕

Tag:
 ម៉ិ​ក​ស៊ិ​ក​
 ​អាមេរិក​
  Andres Manuel Lopez Obrador
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com