អន្តរជាតិ
ថៅកែ​ម្នាក់​ឲ្យ​លុយ​បុគ្គលិក​ម្នាក់ៗ ជាង​៣៥០០​ដុល្លារ ពេល​ក្រុមហ៊ុន​ប្រារព្ធ​ខួប​៤០​ឆ្នាំ​
03, Jul 2018 , 7:59 am        
រូបភាព
លោក Francois Gourdon ប្រធានស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារការពារបរិស្ថាន Environnement SA របស់បារាំង
លោក Francois Gourdon ប្រធានស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារការពារបរិស្ថាន Environnement SA របស់បារាំង
ដោយ: ធីតា
​លោក Francois Gourdon ប្រធាន​ស្ថាបនិក​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ការពារ​បរិស្ថាន Environnement SA របស់​បារាំង បានផ្តល់​ភាព​ភ្ញាក់ផ្អើល​សម្រាប់​បុគ្គលិក​ខ្លួន​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ការផ្តល់​ទឹកប្រាក់​ចំនួន​៣០០០​អឺរ៉ូ [​ជាង​៣៥០០​ដុល្លារ​អាមេរិក​] ដល់​រាល់​បុគ្គលិក​ទាំងអស់​របស់ខ្លួន​សម្រាប់​ការចូល​ហ៊ុន​។ ការផ្តល់​នេះ មានតម្លៃ​សរុប​ប្រមាណ​៣​លាន​អឺរ៉ូ [​ជាង​៣.៥​លាន​ដុល្លារ​អាមេរិក​]​។



«​ដើម្បី​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន Environnement SA ខ្ញុំ​ប្រកាស​ដល់​បុគ្គលិក​ទាំងអស់ ដោយ​ម្នាក់ៗ​ទទួលបាន​៤០​ហ៊ុន ឬ​ទឹកប្រាក់​៣០០០​អឺរ៉ូ ដោយ​ឥតគិតថ្លៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Francois Gourdon ប្រាប់​កាសែត Le Parisien នា​ពិធីជប់លៀង​មួយ​របស់​ក្រុមហ៊ុន កាលពី​ថ្ងៃទី​២៨ ខែមិថុនា​។​

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៨ ក្រុមហ៊ុន Environnement SA របស់​បារាំង ទទួលបាន​ជោគជ័យ​ជា​បន្ត​នៅលើ​ទីផ្សារ​ផ្នែក​ផ្គត់ផ្គង់​សម្ភារ​ការពារ​បរិស្ថាន​។ «​ខ្ញុំ​បានសម្រេច​លើកទឹកចិត្ត​បុគ្គលិក​បែបនេះ ដើម្បី​ពង្រឹង​ការងារ​រួមគ្នា​ជា​ក្រុម សំដៅលើ​ការរីកចម្រើន​បន្ថែមទៀត​របស់​ក្រុមហ៊ុន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Gourdon ។​

​សម្រាប់​បុគ្គលិក​ប្រមាណ​៦០០​នាក់​ដែល​ក្នុងនោះ​១៨០​នាក់​បម្រើការ​នៅ​ការិយាល័យ​កណ្តាល​នៅ​តំបន់ Poissy ជាយក្រុង​ប៉ារីស និង​ជាច្រើន​នាក់​ទៀត​បម្រើការ​នៅ​សាខា​ក្នុងប្រទេស​ឥណ្ឌា ចិន អង់គ្លេស និង​អាមេរិក លោក Gourdon ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​៣​លាន​អឺរ៉ូ​។

​វត្តមាន​នៅលើ​ទីផ្សារ​ក្នុង​៧០​ប្រទេស ក្រុមហ៊ុន Environnement SA ជា​ក្រុមហ៊ុន​នាំមុខគេ​នៅ​អឺរ៉ុប និង​លេខ​២​លើ​ពិភពលោក លើ​សេវាកម្ម​គ្រប់គ្រង​ការបំពុល​បរិស្ថាន និង​សម្អាត​គុណភាព​ខ្យល់​។ ក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រមាណ​៣០០០​គ្រឿងក្នុង​១​ឆ្នាំ​ហើយ​ត្រូវ​បំពាក់​នៅ​កាតា ខណៈ​ប្រទេសមួយ​នេះ​រៀបចំ​ព្រឹត្តិការណ៍ World Cup នា​ឆ្នាំ​២០២២ ខាងមុខ​។​

​ចូលក្នុង​ទីផ្សារ​ភាគហ៊ុន​ចាប់ពី​ឆ្នាំ​២០០៦​មក ក្រុមហ៊ុន Environnement SA នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា Envea ពី​ខែកក្កដា តទៅ​។ នេះ​បើតាម​ការអះអាង​របស់​លោក Gourdon៕



Tag:
 បរិស្ថាន​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com